មេដឹកនាំចិន និងឥណ្ឌា ចាប់ដៃគ្នាព្រមព្រៀងដោះស្រាយជម្លោះព្រំដែនដ៏រ៉ាំរ៉ៃ
N
Nary Vann
មួយថ្ងៃមុន

រដ្ឋធានីញូវដេលី៖ នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី (Narendra Modi) និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) បានព្រមព្រៀងរួមដៃគ្នាដោះស្រាយជម្លោះព្រំដែនដ៏រ៉ាំរ៉ៃ។ នេះបើយោងតាមការប្រកាសរបស់ក្រសួងការបរទេសឥណ្ឌា កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ បន្ទាប់ពីមេដឹកនាំនៃមហាអំណាចអាស៊ីទាំងពីរបានជួបប្រជុំគ្នានៅក្រៅកិច្ចប្រជុំកំពូល BRICS (ព្រីកស៍)។

លោក ណារិនដ្រា ម៉ូឌី និងលោក ស៊ី ជីនពីង
លោក ណារិនដ្រា ម៉ូឌី និងលោក ស៊ី ជីនពីង

ដំណើរទស្សនកិច្ចរបស់លោក ស៊ី ជិនពីង ទៅកាន់រដ្ឋធានីញូវដេលី គឺជាការបោះជំហានដ៏ធំបំផុតក្នុងការជំរុញទំនាក់ទំនងរវាងគូប្រជែងនុយក្លេអ៊ែរទាំងពីរ ចាប់តាំងពីមានការប៉ះទង្គិចស៊ីសាច់ហុតឈាមគ្នា នៅតាមព្រំដែនកាលពីឆ្នាំ២០២០។ នៅក្នុងជំនួបនោះ លោក ស៊ី បានសង្កត់ធ្ងន់ថា៖«ប្រទេសទាំងពីរមានសមត្ថភាពពេញលេញក្នុងការបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក និងឈានទៅមុខជាមួយគ្នា» ខណៈដែលភាគីឥណ្ឌាបានបញ្ជាក់ថា លោក ម៉ូឌី បានរំលេចពីការគោរពកិច្ចព្រមព្រៀងព្រំដែនដែលមានស្រាប់ និងការប្រកាន់ខ្ជាប់នូវគោលការណ៍ «គោរពគ្នា យល់ចិត្តគ្នា និងផ្តល់ផលប្រយោជន៍ឱ្យគ្នា» ដើម្បីកុំឱ្យភាពខ្វែងគំនិតក្លាយជាជម្លោះ។

ក្រៅពីបញ្ហាព្រំដែន ប្រធានបទពាណិជ្ជកម្មក៏ជាចំណុចក្ដៅមួយទៀតនៃជំនួបនេះ។ ចិនបានក្លាយជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ឥណ្ឌា ដោយទំហំពាណិជ្ជកម្មទ្វេភាគីកើនឡើងដល់១៥១ពាន់លានដុល្លារអាម៉េរិក ប៉ុន្តែជញ្ជីងពាណិជ្ជកម្មមានភាពអតុល្យភាពយ៉ាងខ្លាំង ដោយឥណ្ឌានាំចូលទំនិញចិនរហូតដល់១៣១ពាន់លានដុល្លារ ខណៈនាំចេញបានត្រឹម១៩ពាន់លានដុល្លារប៉ុណ្ណោះ បង្កើតជាឱនភាពពាណិជ្ជកម្មបំបែកកំណត់ត្រា១១២ពាន់លានដុល្លារ។ មេដឹកនាំទាំងពីរបានប្តេជ្ញាដោះស្រាយបញ្ហាអតុល្យភាពរចនាសម្ព័ន្ធពាណិជ្ជកម្មនេះ ដើម្បីបង្កើតការចូលទីផ្សារប្រកបដោយនិរន្តរភាព។ គួរបញ្ជាក់ផងដែរថា ក្នុងអំឡុងពេលនៃកិច្ចប្រជុំ ក៏មានជនជាតិទីបេនិរទេសខ្លួនជាច្រើននាក់ បានចេញមកធ្វើបាតុកម្មប្រឆាំងនឹងវត្តមានរបស់លោក ស៊ី ជីនពីង នៅរដ្ឋធានីញូវដេលី៕​

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត