ចិនព្រមានអាម៉េរិក កុំយកអវកាសជាសមរភូមិសង្គ្រាម
ហៀប ស៊ីថេត
មួយថ្ងៃមុន

រដ្ឋធានីប៉េកាំង៖ នៅថ្ងៃអង្គារថ្ងៃទី១៥ ខែកញ្ញានេះ នាគរាជអាស៊ីចិន បានចេញសេចក្តីថ្លែងការណ៍អំពាវនាវឱ្យសហរដ្ឋអាម៉េរិក«បញ្ឈប់សកម្មភាពរៀបចំផែនការសង្គ្រាមក្នុងលម្ហអវកាស» ក្រោយកងកម្លាំងអវកាសសហរដ្ឋអាម៉េរិក បញ្ជាក់ជាផ្លូវការអំពីការដាក់ពង្រាយអាវុធយុទ្ធសាស្ត្រចូលទៅក្នុងគន្លងផែនដី ជាលើកដំបូង...។

រដ្ឋធានីប៉េកាំង និងរដ្ឋធានីវ៉ាស៊ីនតោន ដែលជាមហាអំណាចគូប្រជែងភូមិសាស្ត្រនយោបាយដ៏ស្រួចស្រាវ បាននិងកំពុងប្រជែងគ្នាយ៉ាងស្វិតស្វាញក្នុងការប្រមូលផលប្រយោជន៍ និងពង្រីកឥទ្ធិពលយុទ្ធសាស្ត្រយោធារបស់ខ្លួននៅក្នុងលម្ហអវកាស។ កងកម្លាំងអវកាសសហរដ្ឋអាម៉េរិក បានប្រកាសក្ដែងៗថា ខ្លួនបានដាក់ពង្រាយប្រព័ន្ធអាវុធគ្របដណ្ដប់អវកាសក្នុងគន្លងផែនដី ដែលមានសមត្ថភាពការពារ..និងឆ្លើយតបប្រឆាំងនឹងសកម្មភាពអរិភាពរបស់សត្រូវ។ យ៉ាងណា ពួកគេមិនបានទម្លាយព័ត៌មានលម្អិតបច្ចេកទេសជាក់លាក់នោះឡើយ។ ជុំវិញរឿងរ៉ាវនេះ ក្រសួងការបរទេសចិន បានបង្ហាញជំហរប្រឆាំងដាច់ខាតចំពោះវិធានការនេះ ដោយបានព្រមានអំពីគ្រោះថ្នាក់នៃការធ្វើសឹកក្នុងលម្ហអវកាស ការបំប្លែងលម្ហអវកាសទៅជាសមរភូមិយុទ្ធសាស្ត្រ និងការបង្កើតឱ្យមានការរត់ប្រណាំងសព្វាវុធសាជាថ្មី។

លោក ហ្គូ ជៀគុន 
លោក ហ្គូ ជៀគុន 

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក ហ្គូ ជៀគុន ( (Guo Jiakun) បានគូសបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានថា៖«យើងស្នើឱ្យភាគីអាម៉េរិក បញ្ឈប់ជាបន្ទាន់នូវការពង្រីកសមត្ថភាពយោធា និងការរៀបចំយុទ្ធសាស្ត្រសង្គ្រាមក្នុងលម្ហអវកាសតទៅទៀត»។ យ៉ាងណា នៅក្នុងសេចក្តីប្រកាស កម្លាំងអវកាសសហរដ្ឋអាម៉េរិក បានចង្អុលមុខចិនចំៗថា ជាប្រភពនៃកត្តាគំរាមកំហែង ព្រោះថា«រដ្ឋធានីប៉េកាំងកំពុងអភិវឌ្ឍ និងដាក់ឱ្យប្រតិបត្តិការនូវសមត្ថភាពអវកាស និងប្រព័ន្ធប្រឆាំងអវកាស  ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្រធ្វើទំនើបកម្មយោធារបស់ខ្លួ»។ ជាមួយគ្នា រដ្ឋធានីម៉ូស្គូជឿជាក់ថា ការក្តោបក្តាប់បាននូវឧត្តមភាពអវកាស គឺជាកត្តាកាត់សេចក្តីឈ្នះ-ចាញ់នៅក្នុងជម្លោះប្រដាប់អាវុធនាពេលអនាគត នេះបើយោងតាមសេចក្តីប្រកាសខាងលើល។

ការធ្វើសឹក និងការបំពាក់អាវុធក្នុងលម្ហអវកាស គឺបានរត់ប្រណាំងគ្នាកាលពីដើមមកម្ល៉េះ ពោលគឺចាប់តាំងពីសហភាពសូវៀត បានបាញ់បង្ហោះផ្កាយរណបសប្បនិម្មិតដំបូងគេបង្អស់នៅលើពិភពលោក ចូលទៅកាន់គន្លងផែនដីកាលពីឆ្នាំ១៩៥៧។ កង្វល់ដ៏ធំបំផុតរបស់អន្តរជាតិនាពេលនោះ គឺការដាក់ពង្រាយអាវុធនុយក្លេអ៊ែរក្នុងលម្ហអវកាស ប៉ុន្តែមហាអំណាច និងបណ្តាប្រទេសជុំវិញពិភពលោក បានរួមគ្នាចុះហត្ថលេខាលើ«សន្ធិសញ្ញាលម្ហអវកាសខាងក្រៅ ឬ Outer Space Treaty» កាលពីឆ្នាំ១៩៦៧ ដោយហាមឃាត់ជាដាច់ខាតនូវការដាក់ពង្រាយអាវុធប្រល័យលោកក្នុងគន្លងផែនដី៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត