៣ទល់៣២! រុស្ស៊ី-ឥណ្ឌា-ចិន កំពុងធ្វើកំពុងធ្វើឱ្យណាតូភ្នែកនៅកញ្ចឹង-ក
ហៀប ស៊ីថេត
9 ម៉ោងមុន

ប្លុកRIC៖ មហាអំណាចនុយក្លេអ៊ែរ៣ទិស «រុស្ស៊ី-ឥណ្ឌា-ចិន» ដែលជាសមាជិកស្នូលនៅក្នុងប្លុក BRICS កំពុងទាក់ទាញការយកចិត្តទុកដាក់យ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ។ ថ្វីដ្បិតតែស្ថិតនៅក្នុងក្របខណ្ឌ BRICS ក៏ដោយ ប៉ុន្តែប្រទេសទាំង៣នេះ បានបង្កើតជាក្រុមតូចមួយមានឈ្មោះថា RIC ដែលពាក្យពេញគឺ R= Russia (រុស្ស៊ី), I=India (ឥណ្ឌា), C=China (ចិន) ដែលត្រូវបានគេមើលឃើញថាជាប្លុកមហាអំណាចដ៏រឹងមាំ និងមានឥទ្ធិពលបំផុតមួយក្នុងការកែប្រែសណ្តាប់ធ្នាប់ភូមិសាស្ត្រនយោបាយសកល...។

RIC ត្រូវបានផ្តួចផ្តើមបង្កើតឡើងដំបូងដោយអតីតនាយករដ្ឋមន្ត្រីរុស្ស៊ី លោក យ៉េវហ្គេនី ព្រីម៉ាកូហ្វ (Yevgeny Primakov) ក្នុងទសវត្សរ៍ឆ្នាំ១៩៩០ ក្នុងគោលបំណងទប់ទល់នឹងសម្ពាធពិភពលោកឯកប៉ូល ដែលត្រួតត្រាដោយសហរដ្ឋអាម៉េរិក។ បច្ចុប្បន្ន ក្រុមនេះបានក្លាយជាបន្លាដ៏មុតស្រួចនៅក្នុងកែវភ្នែកលោកខាងលិច និងអាម៉េរិក។ រុស្ស៊ី-ឥណ្ឌា-ចិន ឬ RIC មានកម្លាំងជើងគោក និងជើងទឹកមិនធម្មតាព្រោះប្រទេសទាំង៣ មានចំនួនទាហាន រថក្រោះ រថពាសដែក និងកាំភ្លើងធំច្រើនជាងសម្ព័ន្ធមិត្តណាតូ ទាំង៣២ប្រទេស បូកបញ្ចូលគ្នាទៅទៀត។

សម្រាប់ផ្នែកជើងទឹក RIC មាននាវាចម្បាំងថ្នាក់ហ្វ្រ៊ីហ្គេត នាវាពិឃាត​ និងនាវាមុជទឹកច្រើនជាង ប៉ុន្តែណាតូនៅតែមានប្រៀបលើនាវាផ្ទុកយន្តហោះ។ សម្រាប់អាវុធនុយក្លេអ៊ែរ និងមីស៊ីល RIC កាន់កាប់ក្បាលគ្រាប់នុយក្លេអ៊ែរជាង ៦២០០ដើម ខណៈអង្គការណាតូ មានប្រមាណ ៥៦០០ដើម។ លើសពីនេះ RIC មានប្រៀបលើមីស៊ីលបាលីស្ទីករយៈឆ្ងាយ មីស៊ីលលឿនជាងសំឡេង និងមីស៊ីលតម្រង់ទិសរាប់ម៉ឺនដើម។ តែបើនិយាយពីកម្លាំងផ្លូវអាកាស និងថវិកា អង្គការណាតូនៅតែរក្សាប្រៀបឈ្នះលើកម្លាំងផ្លូវអាកាស ទាំងចំនួន និងបច្ចេកវិទ្យាយន្តហោះប្រយុទ្ធទំនើបៗ ព្រមទាំងមានថវិកាយោធាច្រើនជាង RIC ជិត៣ដង។

យ៉ាងណា ក្រៅពីវិស័យយោធា RIC គឺជាមហាអំណាចសេដ្ឋកិច្ចដ៏ធំ ដោយរុស្ស៊ីមានប្រភពថាមពលប្រេង ចិនមានសមត្ថភាពផលិតកម្មឧស្សាហកម្មលំដាប់ពិភពលោក ហើយឥណ្ឌាមានទីផ្សារ និងកម្លាំងពលកម្មធំបំផុត។ លើសពីនេះ ការគ្រប់គ្រងទីតាំងភូមិសាស្ត្រយុទ្ធសាស្ត្រទូទាំងតំបន់អាក់ទិក ឥណ្ឌូប៉ាស៊ីហ្វិក និងអាស៊ីខាងត្បូងពីសំណាក់ប្រទេសទាំង៣ បានធ្វើឱ្យក្រុមនេះក្លាយជាប្លុកពាណិជ្ជកម្មដ៏មានសក្តានុពលបំផុត។ ទោះជាយ៉ាងណា RIC មិនទាន់ក្លាយជាសម្ព័ន្ធមិត្តយោធាផ្លូវការដូចណាតូ ដែលមានមាត្រា៥ ការពារគ្នាទៅវិញទៅមកទេ ដោយសារតែជម្លោះព្រំដែនផ្ទៃក្នុងរវាងចិន និងឥណ្ឌា ខណៈភាគីទាំងពីរកំពុងព្យាយាមស្តារទំនាក់ទំនងឡើងវិញ។

គួរបញ្ជាក់ថា រុស្ស៊ី ឥណ្ឌា និងចិន មិនបានប្រកាសខ្លួនជាក្រុមប្រឆាំងលោកខាងលិចដោយចំហនោះទេ ប៉ុន្តែបានសម្ដែងជំហរយ៉ាងច្បាស់ថាជា អ្នកតស៊ូមតិដើម្បីក្រុមប្រទេសកំពុងអភិវឌ្ឍ ឬ Global South។ គោលដៅចម្បងរបស់ RIC មិនមែនដើម្បីវាយប្រហារ NATO នោះឡើយ ប៉ុន្តែគឺដើម្បីជំរុញឱ្យលោកខាងលិចទទួលស្គាល់ថា សណ្តាប់ធ្នាប់ពិភពលោកបានផ្លាស់ប្ដូរពីឯកប៉ូល ទៅជាពិភពលោកពហុប៉ូល ដែលមានជម្រើសផ្នែកសេដ្ឋកិច្ច នយោបាយ និងយោធាកាន់តែសម្បូរបែប និងខ្លាំងក្លា៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត