
សុខភាព៖ ភាពស្ត្រេសមានកម្រិត ដំបូងគ្រាន់តែស្ត្រេសធម្មតា ឬតិចតួចប៉ុណ្ណោះ ប៉ុន្តែបើរាងកាយមានអាការលេចចេញមកចំនួន៨ដូច ដែលបានរៀបរាប់ខាងក្រោម នោះស្ថានការណ៍កាន់តែវិវត្តធ្ងន់ធ្ងរ...។

សញ្ញាទាំង៨ដែលបញ្ជាក់ថា កំពុងស្ត្រេសដល់កម្រិតកំពូល មានដូចជា៖ ១.គេងមិនលក់៖ សញ្ញាដំបូងៗ ស្ត្រេស គ្រាន់តែគេងមិនលក់ពេលខ្លះប៉ុណ្ណោះ តែបើស្ត្រេសដល់កម្រិតកំពូល ហើយគេងក៏មិនលក់ដែរនោះ ខួរក្បាលអត់សម្រាកទេ ចេះតែគិតរឿងនេះរឿងនោះមិនឈប់ឈរ ឬពេលខ្លះស្រមើស្រមៃរហូតឈានដល់ជំងឺបាក់ទឹកចិត្តថែមទៀតផង ប្រសិនបើយើងមិនចេះគ្រប់គ្រងអារម្មណ៍។ ២.ឈឺក្បាល៖ ឈឺក្បាលម្ដងម្កាលមិនចោទជាបញ្ហាទេ តែបើឈឺជាប់រហូតដោយគ្មានមូលហេតុ ឬឈឺក្បាលខ្ទោកៗ នោះជាសញ្ញានៃការកើតជំងឺស្ត្រេស កម្រិតធ្ងន់ធ្ងរហើយ។ ៣.បាត់បង់ចំណង់ផ្លូវភេទ៖ ទាំងបុរស-ស្ត្រី កាលណាស្ត្រេសវាយលុកកាន់តែខ្លាំង នោះចំណង់ផ្លូវភេទ ក៏ថយចុះទៅតាមនោះដែរ ពេលខ្លះអស់អារម្មណ៍រឿងលើគ្រែតែម្តង។

៤.ឈឺញឹកញាប់៖ កើតស្ត្រេសហើយ ជំងឺផ្សេងទៀតក៏មករុកកួនដែរ
មានន័យថា ឈឺឥតល្ហែរ អស់ពីមួយមុខ ចូលមួយមុខទៀត ហើយឧស្សាហ៍កោសខ្យល់។ ៥.មានបញ្ហាស្បែក៖ កាលណាស្ត្រេសខ្លាំង ស្បែកប្រែខ្មៅស្រអាប់ ស្ងួត
ជ្រីវជ្រួញ មិនភ្លឺរលោង ពេលខ្លះ មានចេញមុនលើមុខ លើខ្នងទៀត។ ៦.ឈឺទ្រូង៖ ពេលអារម្មណ៍តានតឹងខ្លាំង យូរៗទៅមិនត្រឹមតែបង្កឱ្យឈឺក្បាលមួយមុខទេ
បណ្ដាលឱ្យឈឺទ្រូង ឈឺខ្នង ឈឺសាច់ដុំ។ ៧.បែកញើស៖ កើតស្ត្រេសដល់កម្រិតកំពូល ធ្វើឱ្យត្រជាក់ចុងដៃ ចុងជើង
និងមានបែកញើសស្អិត រសាប់រសល់
ទោះបីជាគេងក្នុងបន្ទប់ម៉ាស៊ីនត្រជាក់។ ៨.បេះដូងដើរញាប់៖ ស្ត្រេសខ្លាំងពេក ធ្វើឱ្យចង្វាក់បេះដូងដើរញាប់ខុសធម្មតា
សាច់ដុំក៏ឡើងតឹង ធ្វើឱ្យសម្ពាធឈាមឡើងខ្ពស់ កើតជំងឺលើសឈាម និងបេះដូង៕
ដកស្រង់ពី៖ ហេទ្បូគ្រូពេទ្យ



