«ពន្លាជាតិកម្ពុជា» រំលេចរូបភាពប្រាសាទ «កោះកេរ» នៅជប៉ុន មានភ្ញៀវចូលទស្សនាជាង១លាននាក់
S
Soriya Sou
05 កញ្ញា 2025 12:10 PM

រាជធានីភ្នំពេញ៖ រយៈពេលជិត៥ខែ គិតចាប់ពីថ្ងៃ១៣មេសាដល់ដើមខែកញ្ញានេះ «ពន្លាជាតិកម្ពុជា» បានដាក់តាំងបង្ហាញក្នុងពិព័រណ៍ពិភពលោក ឆ្នាំ២០២៥ នៅទីក្រុងអូសាកា តំបន់កាន់សៃ ប្រទេសជប៉ុន បានទាក់ទាញភ្ញៀវជាតិ-អន្តរជាតិ ចូលទស្សនា ជាង១លាន៣០ម៉ឺននាក់…។

លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងគណៈប្រតិភូ អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងាររបស់ «ពន្លាជាតិកម្ពុជា» ក្នុងពិព័រណ៍ពិភពលោក២០២៥ ប្រទេសជប៉ុន។
លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងគណៈប្រតិភូ អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងាររបស់ «ពន្លាជាតិកម្ពុជា» ក្នុងពិព័រណ៍ពិភពលោក២០២៥ ប្រទេសជប៉ុន។

ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់នៅថ្ងៃទី៥កញ្ញា ឆ្នាំ២០២៥នេះថា «ពន្លាជាតិកម្ពុជា» ក្នុងពិព័រណ៍ពិភពលោកឆ្នាំ២០២៥ នៅប្រទេសជប៉ុន ត្រូវបានសាងសង់ឡើងដោយជ្រើសរើស «ប្រាសាទកោះកេរ» ជាស្នូល ដើម្បីឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់កម្ពុជា ក្នុងការអភិរក្សបេតិកភណ្ឌវប្បធម៌ ស្នាដៃស្ថាបត្យកម្ម និងសិល្បៈបុរាណខ្មែរ ដ៏សម្បូរបែប។ «គិតត្រឹមថ្ងៃទី៤កញ្ញា ពន្លាជាតិកម្ពុជា បានទទួលភ្ញៀវជាតិ និងអន្តរជាតិចូលទស្សនាប្រមាណ១លាន៣១ម៉ឺននាក់ បើគិតជាមធ្យមប្រមាណ៩១០១នាក់/ថ្ងៃ ស្មើនឹង៧ភាគរយ នៃចំនួនអ្នកចូលទស្សនាពិព័រណ៍ពិភពលោក សរុបជិត១៩លាននាក់»។

សូមបញ្ជាក់ថា ពិព័រណ៍ពិភពលោក ២០២៥ នៅទីក្រុងអូសាកា តំបន់កាន់សៃ ប្រព្រឹត្តទៅរយៈពេល៦ខែ គិតចាប់ពីថ្ងៃទី១៣មេសា ដល់ថ្ងៃទី១៣តុលា ឆ្នាំ២០២៥។ មិនត្រឹមតែប្រាសាទកោះកេរទេ ប៉ុន្តែ «ពន្លាជាតិកម្ពុជា» ក៏មានរំលេចនូវរូបសំណាកសត្វគោព្រៃដែលជាសត្វតំណាងជាតិ និងជីវចម្រុះដែលជានិមិត្តរូបនៃឧត្ដមភាពដ៏សម្បូរបែបនៃធនធានធម្មជាតិរបស់កម្ពុជា អមដោយការសាងសង់ថែវប្រាសាទអង្គរវត្ត ដោយបានរំលេចផ្ទាំងទស្សនីយភាពកូរសមុទ្ទទឹកដោះនៅលើជញ្ជាំងថែវខាងកើតនៃប្រាសាទ ម៉ាកែតប្រាសាទអង្គរវត្ត សំណង់ផ្ទះខ្មែរធ្វើអំពីឫស្សី ទិដ្ឋភាពវាលស្រែដែលបង្ហាញអំពីសក្តានុពលកសិកម្ម និងវិស័យស្រូវ-អង្ករកម្ពុជា ផងដែរ។

ក្រៅពីនោះ កម្ពុជាក៏បានដាក់តាំងបង្ហាញផលិតផលសក្តានុពលជាច្រើន បង្អួតភ្នែកភ្ញៀវជាតិ-អន្តរជាតិ រួមមាន៖ ផលិតផលសម្គាល់ភូមិសាស្ត្រទំនិញ គ្រាប់ស្វាយចន្ទី អង្ករ គ្រឿងចម្លាក់ប្រាក់ស្ពាន់ វត្ថុអនុស្សាវរីយ៍ គ្រឿងចម្លាក់ សម្លៀកបំពាក់ សូត្រមាស និងស្នាដៃសិល្បៈជាដើម ព្រមទាំងចាក់បញ្ចាំងវីដេអូបង្ហាញពីតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ ព្រមទាំងសក្តានុពលសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍របស់កម្ពុជា៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត