បំណែកបដិមាជិត៣០០ មានប្រភពពីប្រាសាទអង្គរវត្ត ត្រូវបានអ្នកជំនាញសម្អាតមុនជួសជុស
S
Sreyleak Yith
2 ម៉ោងមុន

ក្រុងសៀមរាប៖ បំណែកបដិមា ដែលបានរកឃើញនៅបរិវេណប្រាសាទអង្គរវត្ត ពេលនេះ កំពុងត្រូវបានក្រុមការងារនៃសារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ សម្អាត។ នេះជាការងារដ៏សំខាន់មួយ មុននឹងយកបំណែកបដិមាទាំងនោះទៅរក្សាទុក និងឈានដល់ការជួសជុលនាពេលខាងមុខ...។

យោងតាមការឱ្យដឹងរបស់មន្ត្រីអាជ្ញាធរជាតិអប្សរា នៅព្រឹកថ្ងៃសុក្រទី១៨កញ្ញានេះ បញ្ជាក់ថា បុគ្គលិកបច្ចេកទេសនៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ លោកស្រី ជន ចន្ទណារ័ត្ន និងក្រុមការងារកំពុងបោសសម្អាតលើបំណែកព្រះបដិមាថ្មភក់សរុបជិត៣០០បំណែក។ បំណែកបដិមាទាំងនោះ មានតូច-ធំ ដែលភាគច្រើនជា ថ្មភក់ ខ្លះទៀតជាថ្មភ្នំ និងជាកុលាលភាជន៍។ ការសម្អាតមាន២របៀប រួមមាន៖ សម្អាតស្ងួត និងសម្អាតសើម ការសម្អាតមានការប្រុងប្រយ័ត្នដោយថ្នមៗ ព្រោះរូបបដិមាមួយចំនួនមានសភាពពុកផុយ ជាពិសេស បដិមាដែលមានលាបម្រ័ក្សណ៍ ដោយសារកត្តាទាំងនេះ ធ្វើឱ្យការងារសម្អាតប្រើពេលយូរ ដោយការសម្អាតថ្មមួយៗ ត្រូវការពេលពី១ទៅ២សប្តាហ៍។ បច្ចុប្បន្ន ក្រុមការងារសម្អាតបដិមាបានចំនួន១០រូប និងបន្តសម្អាតបំណែកបដិមាដែលនៅសល់ យ៉ាងយកចិត្តទុក​ដាក់។

លោកស្រីបន្ថែមថា បំណែកព្រះបដិមាខាងលើ ត្រូវបានក្រុមការងារនៃអាជ្ញាធរជាតិអប្សរា ប្រទះឃើញនៅឆ្នាំ២០២០ កំលុងពេលជីករណ្តៅដី ​ ដើម្បីរៀបចំប្រព័ន្ធស្រោចស្រពស្មៅ នៅបរិវេណប្រាសាទអង្គរវត្ត។ តែយ៉ាងណា នៅខែកក្កដា ឆ្នាំ២០២៦ បំណែកបដិមាទាំងនោះ ត្រូវបានបញ្ជូនមកខាងសារមន្ទីរ ដើម្បីរៀបចំចុះបញ្ជីលេខ និងសម្អាត៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត