ហ្វីលីពីនបើកផ្លូវឱ្យប៉ូឡូញពង្រីកទីផ្សារអាវុ.ធទំនើបៗ និងដ្រូនប្រយុទ្ធ ចំពេលពេលរដ្ឋធានីម៉ានីលមើលមុខចិនមិនចំ
ហៀប ស៊ីថេត
18 កញ្ញា 2026 09:45 AM

រដ្ឋធានីម៉ានីល៖ បន្ទាប់ពីបិទបញ្ចប់កិច្ចព្រមព្រៀងផ្គត់ផ្គង់ឧទ្ធម្ភាគចក្រ S-70i Black Hawk ដោយជោគជ័យ ប្រទេសប៉ូឡូញ កំពុងបង្កើនល្បឿនរុញច្រានឧស្សាហកម្មការពារជាតិរបស់ខ្លួន ចូលកាន់តែជ្រៅទៅក្នុងទីផ្សារយោធាប្រទេសហ្វីលីពីន តាមរយៈការត្រៀមលក់បច្ចេកវិទ្យាអាវុធទំនើបៗបន្ថែមទៀត...។

ហ្វីលីពីន ទើបបានទទួលឧទ្ធម្ភាគចក្រ Black Hawk ចំនួន៧គ្រឿងចុងក្រោយកាលពីខែសីហា ដែលជាផ្នែកនៃកិច្ចព្រមព្រៀងឆ្នាំ២០២២ តម្លៃ៥០៩,៦លានដុល្លារអាម៉េរិក សរុប៣២គ្រឿង ផលិតដោយក្រុមហ៊ុន PZL Mielec ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Sikorsky នៅប៉ូឡូញ។ អនុរដ្ឋមន្ត្រីការបរទេសប៉ូឡូញ លោក វ៉្លាឌីស្លាវ បារតូសេវស្គី (Wladyslaw Bartoszewski) បានអះអាងថា រដ្ឋធានីវ៉ារសូវីមានបំណងចង់បន្តកិច្ចសហប្រតិបត្តិការការពារជាតិបន្ថែមទៀត ជាមួយហ្វីលីពីន ខណៈប៉ូឡូញបានចាក់បញ្ចូលថវិកាចំនួន៥០ពាន់លានដុល្លារអាម៉េរិក ទៅក្នុងការបំពាក់បំប៉នឧស្សាហកម្មការពារជាតិរបស់ខ្លួន និងពង្រីកលើការនាំចេញ។

អនុរដ្ឋមន្ត្រីការបរទេសប៉ូឡូញ បញ្ជាក់ថា ប៉ូឡូញចង់លក់ដ្រូនដែលសមត្ថភាពស៊ើបការណ៍ និងប្រយុទ្ធ បរិក្ខាររ៉ាដា មីស៊ីលប្រឆាំងយន្តហោះ និងរថពាសដែកដឹកទ័ពទៅឱ្យរដ្ឋធានីម៉ានីល។ លោកបន្ថែមថា គណៈប្រតិភូយោធាហ្វីលីពីន ក៏បានទៅទស្សនកិច្ចនៅប្រទេសប៉ូឡូញនាពេលថ្មីៗនេះ ដើម្បីស្វែងយល់បន្ថែមអំពីការទិញយកអាវុធដែលអាចធ្វើបានផ្សេងទៀត។ អ្នកវិភាគលើកឡើងថា ចំណាត់ការរវាងប្រទេសទាំង២ អាចនឹងបើកផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការការពារជាតិកាន់តែស៊ីជម្រៅ។ គួរបញ្ជាក់ថា កិច្ចសហប្រតិបត្តិការនេះ មិនត្រឹមតែជាការទិញដូរអាវុធធម្មតានោះទេ ប៉ុន្តែនឹងអាចឈានទៅដល់ការផលិតអាវុធរួមគ្នា ដែលនឹងពង្រីកវត្តមានយោធារបស់ប៉ូឡូញនៅតំបន់អាស៊ីអាគ្នេយ៍កាន់តែទូលំទូលាយ។ សូមជម្រាបថា ការបញ្ជាទិញអាវុធផ្ញុកចូលឃ្លាំងយ៉ាងគំហុកពីសំណាក់ហ្វីលីពីន ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ កើតឡើងស្របពេលប្រទេសដែនកោះមួយនេះ ប៉ះទង្គិចគ្នាឥតល្ហែរជាមួយមហាយក្សចិន នៅដែនសមុទ្ទចិនខាងត្បូង៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត