ហ្វីលីពីនបើកភ្នែកធំៗសម្លឹងមើលបច្ចេកវិទ្យាដ្រូនរបស់អ៊ុយក្រែន សម្រាប់ទប់ទល់នៅសមុទ្ទចិនខាងត្បូង
ហៀប ស៊ីថេត
03 សីហា 2026 12:00 PM

រដ្ឋធានីម៉ានីល៖ ការប្រើប្រាស់ដ្រូនមានតម្លៃថោក និងងាយបត់បែនរបស់អ៊ុយក្រែន ដើម្បីទប់ទល់នឹងការឈ្លានពានរបស់រុស្ស៊ី បានក្លាយជាគំរូមួយសម្រាប់បណ្តាប្រទេស ដែលចង់ធ្វើទំនើបកម្មយោធារបស់ខ្លួន។ ជាក់ស្តែង ហ្វីលីពីន គឺជាប្រទេសចុងក្រោយគេ ដែលបានស្វែងយល់ពីមេរៀនការពារជាតិ ដែលខ្លួនអាចរៀនសូត្របានពីរដ្ឋធានីកៀវ នោះគឺអំណាចនៃឥទ្ធិពលយន្តហោះគ្មានមនុស្សបើក ឬដ្រូន...។

អ្នកវិភាគមួយចំនួនមើលឃើញថា ភាពជាដៃគូដ្រូន ដែលបានស្នើឡើងជាមួយអ៊ុយក្រែន គឺជាកត្តាផ្លាស់ប្ដូរដ៏មានសក្តានុពលសម្រាប់រដ្ឋធានីម៉ានីល ដើម្បីឆ្ពោះទៅរកសមត្ថភាពការពារជាតិខ្លាំងជាងមុន ខណៈភាពតានតឹងនៅតែបន្តផុសឡើងជារឿយៗនៅក្នុងសមុទ្ទចិនខាងត្បូង។ យ៉ាងណា មានមតិជាច្រើនទទូចឱ្យប្រទេសហ្វីលីពីនវាយតម្លៃជាមុនសិនថា តើយុទ្ធសាស្ត្រដ្រូនដែលឆ្លងកាត់សមរភូមិរបស់អ៊ុយក្រែន គឺពិតជាសក្តិសមសម្រាប់ហ្វីលីពីន ក្នុងការគាំទ្រការឃ្លាំមើល និងការប៉ះទង្គិចគ្នាជាមួយកងឆ្មាំសមុទ្ទ[ចិន]បានដែរឬទេ...?

មែនទែនទៅ មូលដ្ឋានគ្រឹះការទូតសម្រាប់ក្របខណ្ឌកិច្ចព្រមព្រៀងដ្រូន ដែលត្រូវបានស្នើឡើងនេះ បង្កើតឡើងកាលពីថ្ងៃទី២៤ ខែកក្កដា នៅពេលលោក អ៊ីហ័រ ហ្សូវក្វា (Ihor Zhovkva) អនុប្រធានការិយាល័យប្រធានាធិបតីអ៊ុយក្រែន បានជួបប្រជុំជាមួយគណៈប្រតិភូហ្វីលីពីន ដឹកនាំដោយអនុរដ្ឋមន្ត្រីការពារជាតិ លោក សាល់វ៉ាឌ័រ មីសុន (Salvador Mison) ក្នុងដំណើរទស្សនកិច្ចជាផ្លូវការលើកដំបូងរបស់លោកទៅកាន់រដ្ឋធានីកៀវ។

យោងតាមសេចក្តីថ្លែងការណ៍ពីការិយាល័យប្រធានាធិបតីអ៊ុយក្រែន ភាគីទាំង២ បានយល់ព្រមចាប់ផ្តើមការងារលើកិច្ចព្រមព្រៀងដែលអាចកើតមាន ដោយពង្រីកទំនាក់ទំនងការពារជាតិឱ្យកាន់តែស៊ីជម្រៅ គ្របដណ្ដប់លើការផលិតដ្រូនរួមគ្នា ការផ្លាស់ប្ដូរបច្ចេកវិទ្យា និងកិច្ចសហប្រតិបត្តិការសន្តិសុខតាមអ៊ីនធឺណិត៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត