ព័ត៌មានបឋម៖ ករណីឆេះសាឡាងចម្លងនៅហ្វីលីពីន ស.ម្លា.ប់មនុស្ស៥នាក់ ខណៈ៨៧នាក់ផ្សេងទៀតកំពុងបាត់ខ្លួន
ហៀប ស៊ីថេត
9 ម៉ោងមុន

រដ្ឋធានីម៉ានីល៖ កងកម្លាំងការពារឆ្នេរសមុទ្ទហ្វីលីពីន បានអះអាងនៅថ្ងៃព្រហស្បតិ៍ទី១០ ខែកញ្ញានេះថា មនុស្សយ៉ាងហោចណាស់៥នាក់បានស្លាប់ និង៨៧នាក់ផ្សេងទៀតកំពុងបាត់ខ្លួន បន្ទាប់ពីអគ្គិភ័យឆាបឆេះលើសាឡាងចម្លងមួយគ្រឿងនោះ នៅជិតតំបន់ទេសចរណ៍ដ៏ពេញនិយមមួយ ក្នុងខេត្តប៉ាឡាវ៉ាន់(Palawan) ប្រទេសហ្វីលីពីន។

កងកម្លាំងការពារឆ្នេរសមុទ្ទនៃប្រទេសនេះ បញ្ជាក់ថា អគ្គិភ័យលើនាវា M/V June Aster កើតឡើងកាលពីយប់ថ្ងៃពុធទី៩កញ្ញា នៅចម្ងាយប្រមាណ២,២គីឡូម៉ែត្រពីឆ្នេរសមុទ្ទ ហើយសពជនរងគ្រោះចំនួន៥នាក់ ត្រូវបានដឹកជញ្ជូនទៅដល់ច្រាំងហើយ។ វីដេអូដែលបានចែករំលែកដោយកងកម្លាំងការពារឆ្នេរសមុទ្ទ លើបណ្តាញសង្គមហ្វេសប៊ុក បង្ហាញពីនាវាទាំងមូលកំពុងត្រូវអណ្តាតភ្លើងលេបត្របាក់យ៉ាងសន្ធោសសន្ធៅ។

លោកស្រី ណូអ៊ីមី កាយ៉ាប៊ីយ៉ាប់ (Noemi Cayabyab) ប្រធានក្រុមការងារនៃកងកម្លាំងការពារឆ្នេរសមុទ្ទ បានប្រាប់ស្ថានីយវិទ្យុក្នុងស្រុកមួយថា៖«ផ្អែកលើទិន្នន័យដែលយើងមានបច្ចុប្បន្ន សង្គ្រោះបាន៤២នាក់ និងអ្នកស្លាប់ យើងនៅមានមនុស្ស៨៧នាក់ទៀត ដែលកំពុងបាត់ខ្លួន ដោយអ្នកធ្វើការលើសាឡាង និងបញ្ជីឈ្មោះអ្នកធ្វើដំណើរសរុបចំនួន១៣៤នាក់»។ យ៉ាងណា លោកស្រីបញ្ជាក់ថា៖«ដើម្បីឱ្យកាន់តែច្បាស់ នេះជាទិន្នន័យបឋម ហើយអាចនឹងមានការផ្លាស់ប្ដូរ ដោយសារប្រតិបត្តិការស្វែងរក និងសង្គ្រោះកំពុងបន្តនៅឡើយ»។

លោកស្រី ណូមី កាយ៉ាប៊ីយ៉ាប់
លោកស្រី ណូមី កាយ៉ាប៊ីយ៉ាប់

ក្នុងចំណោមអ្នកត្រូវបានជួយសង្គ្រោះ មាន៣៨នាក់ជាអ្នកដំណើរ និង៤នាក់ជាបុគ្គលិកលើសាឡាង។ ប្រធានក្រុមការងារកងកម្លាំងការពារឆ្នេរសមុទ្ទរូបនេះ បន្តឱ្យដឹងទៀតថា ទោះជាយ៉ាងណា យើងមិនទាន់អាចប្រមូលព័ត៌មានពីបុគ្គលដែលត្រូវបានជួយសង្គ្រោះ នៅឡើយទេ ដោយសារយើងមិនទាន់ជជែកជាមួយពួកគេ ខណៈកិច្ចខិតខំប្រឹងប្រែងពន្លត់អគ្គិភ័យ កំពុងបន្តធ្វើនៅឡើយ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត