ហ្វីលីពីន បង្កើនសមត្ថភាពដ្រូនប្រយុទ្ធជំនាន់់ថ្មី ដើម្បីពង្រឹងខែលការពារដែនសមុទ្ទ
ហៀប ស៊ីថេត
•
25 សីហា 2026 05:30 PM

រដ្ឋធានីម៉ានីល៖ ប្រទេសហ្វីលីពីន បានប្រកាសជាផ្លូវការ អំពីផែនការយុទ្ធសាស្ត្រ ក្នុងការបង្កើន និងពង្រីកសមត្ថភាពយន្តហោះគ្មានមនុស្សបើកយោធា ឬដ្រូនសឹកគ្រប់ប្រភេទ ក្នុងយុទ្ធនាការធ្វើទំនើបកម្មកងទ័ព ដើម្បីពង្រឹងកម្លាំងការពារជាតិឱ្យកាន់តែរឹងមាំ...។

ក្នុងសភាតំណាងរាស្ត្រ កាលពីថ្ងៃអង្គារ ទី២៥ ខែសីហា លោក ហ្គីលប៊ឺតូ តេអូដូរ៉ូ ជេអរ (Gilberto Teodoro Jr) រដ្ឋមន្ត្រីក្រសួងការពារជាតិហ្វីលីពីន បានបញ្ជាក់ថា ក្រៅពីការបង្កើនហ្វូងដ្រូននោះ ហ្វីលីពីន ក៏មានផែនការបញ្ជាទិញនាវាចម្បាំងបំពាក់មីស៊ីលនាំផ្លូវ និងគ្រឿងបំពាក់យោធាធុនធ្ងន់សំខាន់ៗជាច្រើនទៀត ដើម្បីពង្រឹងសមត្ថភាពការពារដែនអធិបតេយ្យភាពរបស់ខ្លួន។ ការផ្លាស់ប្ដូរយុទ្ធសាស្ត្រយោធារបស់ហ្វីលីពីន បានកើតឡើង ស្របពេល​ស្ថានការណ៍ប្រឈមមុខដាក់គ្នាយ៉ាងស្រួចស្រាល់ ជាមួយរដ្ឋធានីប៉េកាំង កាន់តែឡើងកម្ដៅខ្លាំង នៅដែនសមុទ្ទចិនខាងត្បូង ជាពិសេស នៅតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ខ្លួន។

លោក ហ្គីលប៊ឺតូ តេអូដូរ៉ូ ជេអរ
លោក ហ្គីលប៊ឺតូ តេអូដូរ៉ូ ជេអរ

ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងការពារជាតិ បានស្នើសុំដំឡើងថវិកាវិស័យ​ការពារជាតិ ចំនួន ៦,៣ភាគរយ សម្រាប់ឆ្នាំសារពើពន្ធ២០២៧។ ក្នុងនោះ ផែនការបំពាក់ដ្រូនសឹក ស្ថិតក្នុងកញ្ចប់ថវិកាទំនើបកម្មយោធា ដែលមានទំហំរហូតដល់ប្រមាណ ៨១០លានដុល្លារអាម៉េរិក គឺកើនឡើង ២៥ភាគរយ បើធៀបនឹងថវិកាបច្ចុប្បន្ន។ ហ្វីលីពីន មិនត្រឹមតែផ្តោតលើការទិញគ្រឿងយុទ្ធភណ្ឌប៉ុណ្ណោះទេ ប៉ុន្តែផ្តោតសំខាន់លើការអភិវឌ្ឍប្រព័ន្ធបញ្ជាការ ការតភ្ជាប់បណ្តាញទំនាក់ទំនងស៊ើបការណ៍សម្ងាត់ និងការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ដើម្បីធ្វើការរួមបញ្ចូលជាមួយប្រព័ន្ធដ្រូន ទៅក្នុងប្រតិបត្តិការសឹកជាក់ស្តែង៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត