
រដ្ឋធានីវ៉ាស៊ីនតោន៖ សហរដ្ឋអាម៉េរិកបាន អនុម័តយល់ព្រមលក់យន្តហោះចម្បាំង F-35 ចំនួន៤៨គ្រឿង ទៅឱ្យអារ៉ាប៊ីសាអូឌីត ជាប្រទេសស្តេចប្រេងកាតលើពិភពលោក ក្នុងតម្លៃ២៤,៣ពាន់លានដុល្លារ។ នេះបើតាមការប្រកាសរបស់ក្រសួងការបរទេសអាម៉េរិក ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មានអន្តរជាតិ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦។

F-35 ជាយន្តហោះចម្បាំងជំនាន់ទី៥ ដែលផលិតដោយក្រុមហ៊ុន Lockheed Martin របស់អាម៉េរិក។ អារ៉ាប៊ីសាអូឌីត ដែលប្រទេសអ្នកមានស្តុកស្តម្ភដោយសារប្រេង ធ្លាប់មានបំណង និងព្យាយាមតាមទិញយន្តហោះចម្បាំង F-35 នេះ អស់រយៈពេលយូរ។ ប្រទេសមហាសេដ្ឋីមួយនេះ អាចនឹងក្លាយជាប្រទេសទី២នៅមជ្ឈិមបូព៌ា បន្ទាប់ពីអ៊ីស្រាអែល ដែលមានយន្តហោះចម្បាំង F-35។

កន្លងមក ធ្លាប់មានសេចក្តីរាយការណ៍ថា បច្ចុប្បន្ន អ៊ីស្រាអែល ជាប្រទេសតែមួយគត់នៅមជ្ឈិមបូព៌ាដែលកំពុងមានយន្តហោះចម្បាំង F-35។ ប្រទេសមួយចំនួនក្នុងតំបន់មជ្ឈិមបូព៌ា ដូច តួកគី ធ្លាប់បញ្ជាទិញ កាតា ធ្លាប់បង្ហាញចំណាប់អារម្មណ៍ចង់បាន និងអេហ្ស៊ីប ធ្លាប់ឮថាទទួលបាន តែជាក់ស្តែង គេមិនទាន់ឃើញ ប្រទេសនេះ មានយន្តហោះចម្បាំង F-35 នៅឡើយទេ។ អាម៉េរិក អះអាងថា ការលក់យន្តហោះចម្បាំងនេះ នឹងជួយពង្រឹងសមត្ថភាពការពារខ្លួនរបស់អារ៉ាប៊ីសាអូឌីត ហើយក៏ជាកិច្ចសហការរវាងកងទ័ពអាម៉េរិក និងអារ៉ាប៊ីសាអូឌីតផងដែរ។

ទោះយ៉ាងណា កិច្ចព្រមព្រៀងស្តីពីការលក់-ទិញនេះ មិនទាន់ត្រូវបានសម្រេចក្នុងដំណាក់ចុងក្រោយនោះទេ។ ក្រសួងការបរទេសអាម៉េរិក បានជូនដំណឹងទៅសភា ហើយកិច្ចព្រមព្រៀងនេះ ត្រូវឆ្លងកាត់ការពិនិត្យ និងការអនុម័តពីសភាជាមុនសិន។ គួរកត់សម្គាល់ថា រដ្ឋាភិបាលអាម៉េរិក បង្ហាញការយល់ព្រមជាបឋមអំពីការលក់យន្តហោះចម្បាំងទៅឱ្យអារ៉ាប៊ីសាអូឌីតនាពេលនេះ ស្ថិតក្នុងកាលៈទេសៈដែលអាម៉េរិក កំពុងបន្តធ្វើសង្គ្រាមជាមួយអ៊ីរ៉ង់។

សង្គ្រាមនេះ បានរីករាលដាលដល់ប្រទេសនានាក្នុងតំបន់មជ្ឈិមបូព៌ា ហើយក្នុងចំណោមប្រទេសទាំងនោះ អារ៉ាប៊ីសាអូឌីត ក៏ទទួលរងឥទ្ធិពលពីសង្គ្រាមនេះដែរ ហើយពេលខ្លះក៏មានគ្រាប់មីស៊ីល ធ្លាក់ចូលក្នុងប្រទេសខ្លួនដែរ។ គេធ្លាប់ឮអាម៉េរិក ប្រកាសម្តងហើយម្តងទៀតថា អស់អាវុធពីឃ្លាំង និងខ្វះខាតអាវុធ តែជាក់ស្តែង ប្រទេសមហាអំណាចមួយនេះ មិនត្រឹមតែមិនអស់អាវុធនោះទេ គឺនៅសល់អាវុធលក់ឱ្យប្រទេសដទៃ បានលុយយ៉ាងច្រើនសន្ធឹកសន្ធាប់ថែមទៀត៕





