
ក្រុងព្រៃវែង៖ រលកនៃការរិះគន់ និងការចោទសួរពីសំណាក់ប្រជាពលរដ្ឋ ផ្ទុះឡើងកាន់តែខ្លាំង ក្រោយអាជ្ញាធរមូលដ្ឋានឃុំកញ្ចំ ចេញមុខបកស្រាយថា ស្ត្រីម្នាក់អង្គុយលេងហ្គេមទូរសព្ទ អំឡុងពេលកំពុងរៀបចំឯកសារប្លង់ដីធ្លីជូនប្រជាពលរដ្ឋ នៅភូមិដូង ឃុំកញ្ចំ ស្រុកពារាំង ខេត្តព្រៃវែង នោះ«មិនមែនជាមន្ត្រីរាជការ ឬជាមន្ត្រីឃុំទេ»...។

តាមរយៈលិខិតបំភ្លឺរបស់រដ្ឋបាលឃុំកញ្ចំ នៅរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា ស្ត្រីដែលឃើញក្នុងវីដេអូនោះ គឺជាពលរដ្ឋធម្មតាម្នាក់ឈ្មោះ ណាក់ ស្រីនិច ដែលទើបនឹងប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចប់ (មិនមែនជាមន្ត្រីសុរិយោដី ឬក៏ជាមន្ត្រីកិច្ចសន្យាទេ) គាត់បានសុំមកជួយបំពេញការងារខ្លះៗ ទុកជាបទពិសោធ ដោយបានប្រគល់ការងារឱ្យគាត់ ជាអ្នកជួយផ្តិតមេដៃប្រគល់បណ្ណកម្មសិទ្ធិ ជូនប្រជាពលរដ្ឋ។ ជាមួយគ្នា រដ្ឋបាលឃុំកញ្ចំបន្ថែមថា ក្រោយពេលសម្រាកហូប បាយថ្ងៃត្រង់រួច ក៏បានធ្វើការងាបន្ត ម្យ៉ាងទៀត ឯកសារមិនទាន់មកដល់ក៏ឆ្លៀតពេលប្រើទូរសព្ទបន្តិច ខណៈពេលនោះមានលោកមេភូមិដូង និងប្រជាពលរដ្ឋ ដែលរង់ចាំទទួលបណ្ណកម្មសិទ្ធិនៅទីនោះដែរ ហើយលោកអនុប្រធានក្រុម និងលោកមេភូមិដូង កំពុងជជែកគ្នា ពីបញ្ហាបញ្ជីក្បាលដីអវត្តមាន ធ្វើឱ្យមានការយឺតយ៉ាវឯកសារបន្តិច។

ទោះជាយ៉ាងណា បន្ទប់ពីលិខិតបំភ្លឺ ត្រូវបានផ្សព្វផ្សាយលើបណ្ដាញសង្គមរួចមក ក៏មានមហាជនជាច្រើនមានចម្ងល់ថា តើត្រឹមពលរដ្ឋធម្មតាម្នាក់ មានសិទ្ធិកាន់ និងបំពេញឯកសារជំនួសមន្ត្រីសាធារណៈបានដែរឬទេ..? ហើយប្រសិនបើស្ត្រីរូបនោះមិនមែនជាមន្ត្រីពិតមែន នោះវាបានស្តែងឱ្យឃើញពី«ការធូររលុង និងកំហុសឆ្គងផ្នែកគ្រប់គ្រងរដ្ឋបាល»របស់មន្ត្រីថ្នាក់ក្រោមជាតិ ដែលអនុញ្ញាតឱ្យជនក្រៅក្របខ័ណ្ឌ គ្មានភារកិច្ច និងគ្មានចំណេះដឹងលើកិច្ចការរដ្ឋបាល ចូលមកប្រើប្រាស់ទីតាំង និងសម្ភារមន្ត្រីរាជការសាធារណៈបានបែបនេះ។ ជុំវិញចម្ងល់របស់មហាជន ការីនិពន្ធ អង្គភាពសារព័ត៌មាន SBM News បានពាំនាំសំណួរនេះ សាកសួរ និងសុំការបំភ្លឺបន្ថែមពីលោក សេង ឡូត អគ្គនាយករដ្ឋបាល និងជាអ្នកនាំពាក្យនៃក្រសួងរៀបចំដែនដីនគរូបនីយម្ម និងសំណង់ ជាថ្មីម្ដងទៀតតាមប្រព័ន្ធសារអេឡិចត្រូនិក និងលេខទូរសព្ទ នៅរសៀលថ្ងៃដដែលនេះ ប៉ុន្តែមិនមានការឆ្លើយតបឡើយ គិតត្រឹមម៉ោងផ្សាយនេះ៕




