
ទីក្រុងតៃប៉ិ៖ ស្របពេលក្រុមអ្នករៀបចំផែនការរបស់បស្ចិមលោក កំពុងផ្ដោតការយកចិត្តទុកដាក់ខ្លាំង ទៅលើកងនាវារបស់ចិននោះ សមត្ថភាពរបស់ប្រទេសមហាយក្សអាស៊ីមួយនេះ នឹងត្រូវផលិតប្រព័ន្ធនាវាចម្បាំងស្វ័យប្រវត្តិទ្រង់ទ្រាយធំ ហើយធ្វើឱ្យកោះតៃវ៉ាន់ មានការព្រួយបារម្ភ និងរៀបចំយុទ្ធសាស្រ្ដធ្វើរបងដ្រូនការពារដែនសមុទ្ទ ក្នុងករណីបិទខ្ទប់ផ្លូវសមុទ្ទឡោមព័ទ្ធ ជុំវិញដែនកោះរបស់ខ្លួន...។

សារព័ត៌មាន Taiwan News បានចេញផ្សាយកាលពីថ្ងៃពុធទី១៦កញ្ញាថា កំណត់ត្រាការសន្ទនា ដែលបានលេចធ្លាយពីកិច្ចប្រជុំ ស្តីពីការត្រៀមខ្លួន សម្រាប់សង្គ្រាម នៅខេត្តក្វាងទុង (Guangdong) កាលពីខែឧសភា ឆ្នាំ២០២២ បានបង្ហាញពីរបៀបដែលបច្ចេកវិទ្យាដែនសមុទ្ទផ្នែកពាណិជ្ជកម្ម និងហេដ្ឋារចនាសម្ព័ន្ធយោធា ត្រូវច្របាច់បញ្ចូលគ្នា ក្រោមយុទ្ធសាស្ត្រ«ការបូកបញ្ចូលគ្នារបស់រដ្ឋធានីប៉េកាំង រវាងវិស័យយោធា និងស៊ីវិល» ដើម្បីគ្រប់គ្រងតំបន់ប៉ាស៊ីហ្វិកឱ្យបាននៅត្រឹមឆ្នាំ២០២៧។

ក្រុមហ៊ុន Zhuhai Yunzhou និង Jianglong Shipbuilding មានមូលដ្ឋាននៅខេត្តក្វាងទុង ត្រូវបានគេរាយការណ៍ថា កំពុងផលិតនាវាបើកនៅលើផ្ទៃទឹកគ្មានមនុស្សបើក (USV) ដែលបានត្រៀមរួចជាស្រេច សម្រាប់ប្រតិបត្តិការប្រយុទ្ធ នៅក្នុងចំនួនរាប់សិបគ្រឿង ក្នុងមួយខែៗ ហើយថែមទាំងមានសមត្ថភាពកៀរគរផលិតកម្ម នៅក្នុងកម្រិតខ្ពស់ជាងនេះបន្ថែមទៀត។ ប្រសិនបើគណនាតាមទំហំផលិតកម្មនៅទូទាំងប្រទេសចិន តួលេខនេះ បង្ហាញអំពីលទ្ធភាពផលិតនាវាដ្រូន រាប់រយគ្រឿងក្នុងមួយខែៗ ហើយវាធ្វើឱ្យចំនួនស្តុក អាចនឹងកើនលើសពីជាង១ម៉ឺនគ្រឿង នៅត្រឹមឆ្នាំ២០២៧។

តំបន់ក្វាងទុង ផ្តោតការយកចិត្តទុកដាក់លើនាវាវាយប្រហារខ្នាតតូច ខណៈកន្លែងផលិតនាវាជៀងណាន (Jiangnan) ស្ថិតក្នុងទីក្រុងសៀងហៃ ផ្តោតលើនាវាចម្បាំង ប្រភេទ Corvettes ប្រភេទបញ្ជាស្វ័យប្រវត្តិមានសមត្ថភាពបំបាំងកាយ និងនាវាទ្រីម៉ារ៉ាន់ស៍ (Trimarans) បំពាក់ដោយមីស៊ីល ខណៈកន្លែងផលិតនាវាផ្សេងៗទៀត ផ្តោតលើការបង្កើនប្រសិទ្ធភាពនាវាដាក់ពង្រាយមីនស្វ័យប្រវត្តិ និងកងកម្លាំងប្រយុទ្ធប្រឆាំងនឹងនាវាមុជទឹក។ ក្របខ័ណ្ឌយុទ្ធសាស្ត្របែបនេះ បានអនុវត្ត នៅក្នុងសមយុទ្ធ«បេសកកម្មយុត្ដិធម៌២០២៥»របស់ទីបញ្ជាការតំបន់បូព៌ា នៃកងទ័ពរំដោះប្រជាជនចិន (PLA) ដែលបានហ្វឹកហ្វឺនសាកល្បង លើប្រតិបត្តិការបិទខ្ទប់ដែនសមុទ្ទ រួមបញ្ចូលគ្នា រហូតដល់តំបន់ជាប់នឹងដែនទឹករបស់កោះតៃវ៉ាន់ ដោយប្រើប្រាស់កងនាវារបស់កងកម្លាំងឆ្មាំសមុទ្ទចិន។

ផែនការរបស់រដ្ឋធានីប៉េកាំង គឺការប្រមូលផ្ដុំវិស័យដឹកជញ្ជូនពាណិជ្ជកម្មតាមផ្លូវសមុទ្ទ កងការពារឆ្នេរសមុទ្ទ និងកងជីវពលសមុទ្ទ នៃកងកម្លាំងប្រដាប់អាវុធប្រជាជន មកចូលរួម នៅក្នុងតួនាទីវាយប្រហារ ការឡោមព័ទ្ធ និងការផ្គត់ផ្គង់ភស្តុភារ។ ក្នុងករណីមានជម្លោះ នាវាស៊ីវិលរាប់ពាន់គ្រឿង ដែលបំពាក់ដោយប្រព័ន្ធរុករកស្វ័យប្រវត្តិ អាចដើរតួជាគោលដៅបញ្ឆោតប្រព័ន្ធរ៉ាដា ជានាវាផ្ទុកគ្រឿងបំផ្ទុះ និងជាចំណុចដាក់ឧបករណ៍ចាប់សញ្ញា។ ជាមួយគ្នា នាវាដឹកយានយន្ត និងកប៉ាល់ដឹកទំនិញ ដែលត្រូវបានពង្រឹងសមត្ថភាព អាចដឹកជញ្ជូនគ្រឿងសឹកធុនធ្ងន់ ដោយមិនចាំបាច់ដាក់បុគ្គលិកនាវា ឱ្យប្រឈមនឹងហានិភ័យនោះឡើយ។ ទោះបីជាគោលការណ៍ច្បាប់របស់សម្ព័ន្ធមិត្ត សម្រាប់ការចូលរួម អនុញ្ញាតឱ្យកំណត់គោលដៅនាវាដែលមានទង់ជាតិស៊ីវិល គាំទ្រដល់ការប្រយុទ្ធក្នុងសង្គ្រាមយ៉ាងណាក៏ដោយ ក៏ល្បិចរបស់រដ្ឋធានីប៉េកាំង គឺជានយោបាយ ដោយការប្រើប្រាស់សម្បកនាវាពាណិជ្ជកម្មដែលគ្មានមនុស្សបើក សម្រាប់ដាក់សម្ពាធទៅលើសម្ព័ន្ធមិត្តឱ្យបាញ់មុនគេ ទៅលើកងទ័ពជួរមុខជាស៊ីវិល។


មួយវិញទៀត ដើម្បីពង្រឹងកម្លាំងស្វ័យប្រវត្តិនេះ រដ្ឋធានីប៉េកាំង ពឹងផ្អែកលើប្រព័ន្ធ BeiDou-3 សម្រាប់ការកំណត់ទីតាំង ការរុករក និងការកំណត់ពេលវេលា បូករួមទាំងការទំនាក់ទំនងសារខ្លីៗ បង្កើតជាឆ្អឹងខ្នង ដែលធន់នឹងការរាំងស្ទះ។ តាមរយៈការទាញយកប្រយោជន៍ ពីសម្បកនាវាដែលមានតម្លៃថោក និងអាចចោលបាននោះ រដ្ឋធានីប៉េកាំង មានគោលបំណងធ្វើឱ្យខូចខាតដល់ផលប្រយោជន៍សេដ្ឋកិច្ច និងយោធា សម្រាប់ការទប់ស្កាត់របស់សម្ព័ន្ធមិត្ត ដែលការដាក់ទណ្ឌកម្មបែបនេះ បង្ហាញពីការគំរាមកំហែងដ៏ធំសម្បើម មានទំហំធំពេក សម្រាប់ក្របខ័ណ្ឌសងសឹកតាមបែបប្រពៃណី។ ជាការឆ្លើយតបនឹងយុទ្ធសាស្រ្ដយោធារបស់រដ្ឋធានីប៉េកាំង ក្រុមប្រឹក្សាសន្តិសុខជាតិតៃវ៉ាន់ បានងាកទៅហ្វឹកហ្វឺនសមយុទ្ធយ៉ាងសកម្ម សម្រាប់ទប់ទល់នឹងវិធានការដាក់កំហិតចរាចរណ៍ផ្លូវទឹក ក្រោមលេស«ការអនុវត្តច្បាប់» របស់កងកម្លាំងឆ្មាំសមុទ្ទចិន ដែលប្រើប្រាស់អំណាចផ្នែករដ្ឋបាល ជាឧបករណ៍រារាំងពាណិជ្ជកម្ម ដោយមិនប្រើកម្លាំងយោធា។

ប៉ុន្ដែដើម្បីរារាំងដល់ការបិទខ្ទប់ ដោយប្រព័ន្ធស្វ័យប្រវត្តិនោះ សម្ព័ន្ធមិត្តនៅតំបន់ប៉ាស៊ីហ្វិក រួមមាន តៃវ៉ាន់ សហរដ្ឋអាម៉េរិក ជប៉ុន និងហ្វីលីពីន កំពុងកសាងប្រព័ន្ធការពារជាច្រើនស្រទាប់ ដោយផ្អែកលើគោលការណ៍ នៃការថ្លឹងថ្លែង រវាងតម្លៃវាយប្រហារ និងតម្លៃការពារ។ បើផ្អែកលើយុទ្ធសាស្រ្ដនៃការចំណាយ គឺនាវាដ្រូនរបស់ចិនមួយគ្រឿង អាចមានតម្លៃទាបជាង២ម៉ឺនដុល្លារអាម៉េរិក ខណៈមីស៊ីលស្ទាក់ចាប់របស់សហរដ្ឋអាម៉េរិកក្នុងមួយគ្រាប់ៗ មានតម្លៃរហូតដល់៤លានដុល្លារអាម៉េរិក។ ដូច្នេះ កោះតៃវ៉ាន់ មានការផ្លាស់ប្ដូរយុទ្ធសាស្រ្ដ ដោយផ្អែកទៅលើការផលិតដ្រូន មានតម្លៃថោក ដូចជា ដ្រូន Thunder Tiger និងនាវាដ្រូន SeaShark ជាច្រើនស៊េរី ជាមួយនឹងការបំពាក់ប្រព័ន្ធ AI ដើម្បីបង្កើតប្រព័ន្ធប្រឆាំងនឹងហ្វូងនាវារបស់សត្រូវ ដែលពឹងផ្អែកលើប្រព័ន្ធ GPS។

បន្ថែមពីលើនេះ តៃវ៉ាន់មានគម្រោងបង្កើត «របងដ្រូន» ដែនសមុទ្ទ ដោយប្រើប្រាស់នាវាស្វ័យប្រវត្តិគ្មានមនុស្សបើក (USV) ប្រភេទដ្រូនវាយប្រហារ «Kuai Chi» ចំនួន១៣២០គ្រឿង ឬការផលិតដ្រូនទ្រង់ទ្រាយធំជាបន្តបន្ទាប់រហូតដល់ឆ្នាំ២០៣១ ខណៈការផលិតពេញលេញ នឹងចាប់ផ្តើម នៅឆ្នាំ២០២៨៕


