
រាជធានីបាងកក៖ ក្រុមមេដឹកនាំរាជរដ្ឋាភិបាលរាជធានីបាងកក ចូលចិត្តអួតអាងពីថៃ ជាប្រទេសស្អាតស្អំ គួរឱ្យទុកចិត្ត ហើយថែមទាំងបានចោទប្រកាន់ ទម្លាក់កំហុសដាក់មកលើកម្ពុជា ជាប្រទេសលួចបង្កប់ស្កេមអនឡាយ ប៉ុន្ដែអ្វីដែលជាការពិត នៅត្រង់ថា ប៉ូលិសថៃ តែងតែបង្ក្រាបស្កេមអនឡាញ ជាញឹកញាប់មិនចេះអស់ ខណៈឥឡូវបានបង្ក្រាបសម្បុកឧក្រិដ្ឋជនឆបោកចម្រុះជាតិសាសន៍ដ៏ធំ នៅចំកណ្ដាលរាជធានីបាងកក ទាំងព្រឹកព្រលឹមតែម្ដង...។

សារព័ត៌មានថៃ ប៉ាតាយ៉ា ញូវ (The Pattaya News) បានចុះផ្សាយនៅព្រឹកថ្ងៃព្រហស្បតិ៍ទី១៧ ខែកញ្ញានេះថា ប៉ូលិសអន្តោប្រវេសន៍ថៃ កាលពីព្រឹកព្រលឹម ថ្ងៃព្រហស្បតិ៍នេះ បានឆ្មក់ចុះត្រួតពិនិត្យវីឡាដ៏ប្រណីតមួយកន្លែង មានរចនាប័ទ្មបែបអឺរ៉ុប ស្ថិតនៅកណ្តាលរាជធានីបាងកក។ ជាលទ្ធផលនៃប្រតិបត្ដិការនេះ ប៉ូលិសថៃ បានឃាត់ខ្លួនជនសង័្សយជាច្រើនជាតិសាសន៍ ចំនួន១៥នាក់ ដែលរួមមាន៖ ជនជាតិថៃ ជប៉ុន ចិន និងតៃវ៉ាន់។ ជនសង័្សយទាំងនេះ ជាសមាជិកនៃក្រុមមជ្ឈមណ្ឌលឆបោកតាមទូរសព្ទឆ្លងដែន ដោយកំណត់គោលដៅទៅលើជនរងគ្រោះ ជាជនជាតិជប៉ុន។ ក្រៅពីឃាត់ខ្លួនជនសង័្សយខាងលើ ប៉ូលិសក៏បានដកហូតឯកសណ្ឋាន[ប៉ូលិសក្លែងក្លាយ]របស់ជប៉ុន ឯកសារសម្រាប់ប្រើប្រាស់ក្នុងអំពើឆបោក ឧបករណ៍លេងល្បែង និងគ្រឿងញៀនផងដែរ។

លោកឧត្ដមសេនីយ៍ ផាន់ថៈនៈ នុចណារថ (พันธนะ นุชนารถ) ស្នងការរង ទទួលបន្ទុកការិយាល័យប៉ូលិសអន្ដោប្រវេសន៍ បានដឹកនាំក្រុមមន្ត្រីជំនាញ មកពីផ្នែកស៊ើបអង្កេតអន្តោប្រវេសន៍ ឆ្មក់ចូលទៅកាន់លំនៅឋានមួយកន្លែង ដែលមានរបងព័ទ្ធជុំវិញ និងមានកម្ពស់ពីរជាន់ ស្ថិតនៅចម្ងាយប្រហែល១០០ម៉ែត្រ ចុះពីផ្លូវសយឯកជ័យ(ซอยเอกชัย) ១១២ ស្ថិតក្នុងសង្កាត់បាងបននឿ (บางบอนเหนือ) ខណ្ឌបាងបន (บางบอน) បន្ទាប់ពីទទួលបានដីការបស់តុលាការ។ ប៉ូលិស បានបញ្ជាក់ថា នៅក្នុងចំណោមជនសង័្សយទាំង១៥នាក់នេះ មានជនជាតិថៃម្នាក់ ហើយក្រៅពីនេះ ជាជនជាតិជប៉ុន ចិន និងចិនតៃវ៉ាន់។ ពួកគេទាំង១៥នាក់នេះ ជាបុគ្គលិកកម្រិតប្រតិបត្ដិការ ដែលហៅតាមទូរសព្ទ ដើម្បីបោកប្រាស់។

រីឯថៅកែជាជនជាតិចិន ដែលបានប្រើប្រាស់តំណាងម្នាក់ សម្រាប់ជួលវីឡានេះ ក្នុងតម្លៃ៩សែនបាតថៃ ឬប្រហែល២៧០៥៦ដុល្លារអាម៉េរិក ក្នុងមួយខែ។ ពួកគេបានជួលវីឡានេះ អស់រយៈពេលជាងមួយឆ្នាំកន្លងមកហើយ។ រីឯសកម្មភាពរបស់ក្រុមជនសង័្សយទាំងនេះ ត្រូវគេជឿថា នឹងនៅតែស្ថិតក្នុងប្រទេសថៃ។ ទន្ទឹមគ្នា ក្រុមមន្ត្រីជំនាញ កំពុងតាមដានផ្លូវដែលពួកគេអាចប្រើប្រាស់ សម្រាប់ការរត់គេចខ្លួន តាមផ្លូវគោកផងដែរ៕






