
រាជធានីបាងកក៖ នាយករដ្ឋមន្ត្រីថៃ អនុទីន ឆានវីរគុល (อนุทิน ชาญวีรกุล) គ្រោងហៅទូរសព្ទទៅប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ (Donald Trump) នៅថ្ងៃទី១៧កញ្ញានេះតែម្ដង ឬក៏អាចនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីសុំពិភាក្សាដំណាក់កាលចុងក្រោយឱ្យដាច់ស្រេច អំពីការដំឡើងពន្ធគយរបស់សហរដ្ឋអាម៉េរិក លើទំនិញថៃ និងពាក់ព័ន្ធរឿងពាណិជ្ជកម្មរវាងប្រទេសទាំង២។ នេះបើតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មានថៃ។

ជាវត្ថុបំណង អនុទីន ចង់ស្នើសុំលោក ត្រាំ ឱ្យជួយផ្តល់ការអនុគ្រោះពិសេសដល់ថៃ។ មិនមែនត្រឹមតែរឿងរកស៊ីជាមួយសហរដ្ឋអាម៉េរិកនោះទេ អនុទីន ក៏នឹងលើកយករឿងពាក់ព័ន្ធនឹងកម្ពុជា ទៅនិយាយជាមួយលោក ត្រាំ ដែរ។ ពាក្យសម្តីដែល អនុទីន ត្រៀមទុកកុហកលោក ត្រាំ គឺ ថៃបានអនុវត្តតាមសេចក្តីថ្លែងការណ៍រួម ឬកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា ដែលត្រូវបានបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមផ្ទាល់របស់លោក ត្រាំ។ ជាមួយគ្នា នាយករដ្ឋមន្រ្តីថៃរូបនេះ ក៏ត្រៀមសម្តីទុកអួតប្រធានាធិបតីអាម៉េរិក ដែរ អំពីការបោសសម្អាតមីន និងការបង្ក្រាបបណ្តាញឆបោកអនឡាញស្កេម។

តើថៃ ពិតជាគោរពកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជាមែនឬ? កុំទាន់ស្ដាប់សម្តីខាងថៃ យើងមកមើលស្ថានភាពជាក់ស្តែងវិញ។ នៅតាមតំបន់ជាច្រើនក្នុងដែនអធិបតេយ្យកម្ពុជា គឺមានវត្តមានកងទ័ពថៃ កំពុងឈរជើងកាន់កាប់ទាំងខុសច្បាប់។ លើសពីនេះ កងទ័ពថៃ នៅទុកបន្លាលួស រក្សាទូកុងតឺន័រ បន្តដោតទង់ជាតិខ្លួនឱ្យនៅដដែល ហើយថែមទាំងធ្វើផ្លូវ ជីកលេណដ្ឋាន និងសង់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗតាមតំបន់ទាំងនោះ។ គេក៏មិនអាចមើលរំលងដែរ អំពីទុក្ខលំបាកប្រជាជនកម្ពុជាប្រមាណ២ម៉ឺននាក់ទៀត ដែលមិនទាន់អាចវិលត្រឡប់ទៅភូមិឋានវិញបាន ដោយសារកងទ័ពថៃដណ្តើមយក និងបន្តកាន់កាប់។

កុំថាឡើយមន្រ្តីកម្ពុជា សូម្បីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) និងមន្រ្តីបរទេសផ្សេងទៀត ចុះទៅមើលផ្ទាល់នៅតាមតំបន់ទាំងនោះ ក៏កងទ័ពថៃ មិនរអៀសខ្លួនបន្តិចដែរថា កំពុងបំពានចូលដីគេ។ អ្វីដែលត្រូវកត់សម្គាល់មួយទៀតនោះ គឺថា កងទ័ពថៃ នៅតែបន្តធ្វើសកម្មភាពរំលោភបំពានចូលតំបន់ដទៃទៀតរបស់កម្ពុជា ពីមួយកន្លែងទៅមួយកន្លែង ហើយមិនព្រមឈប់ ឬដកថយឡើយ បើទោះជាកម្ពុជា ចេញលិខិតតវ៉ា និងប្រកាសថ្កោលទោសយ៉ាងណាក៏ដោយ៕







