
រដ្ឋធានីហ្សាការតា៖ ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ប្រាបូវ៉ូ ស៊ូបៀនតូ (Prabowo Subianto) បានអំពាវនាវឱ្យមានបទប្បញ្ញត្តិ និងទណ្ឌកម្មធ្ងន់ធ្ងរជាងមុន ប្រឆាំងនឹងអ្នកប្រើប្រាស់វិធីសាស្ដ្រកាប់ឆ្ការ ដុតព្រៃ ខណៈប្រទេសនេះកំពុងប្រយុទ្ធប្រឆាំងយ៉ាងស្វិតស្វាញ ក៏ដូចជាការទប់ស្កាត់គ្រោះអគ្គិភ័យឆេះព្រៃ ដែលបានឆាបឆេះយ៉ាងសន្ធោសន្ធៅអស់រយៈពេលជាច្រើនសប្តាហ៍មកនោះ...។

ឥណ្ឌូណេស៊ី បានជួបប្រទះនឹងវិបត្តិអគ្គិភ័យឆេះព្រៃយ៉ាងធ្ងន់ធ្ងរបំផុត មិនធ្លាប់មានក្នុងរយៈពេល១១ឆ្នាំមកនេះ ដោយសារបាតុភូតអាកាសធាតុស៊ុបពើ អែលនីញូ «Super El Niño» បានធ្វើឱ្យព្រៃឈើ និងវាលស្រែទូទាំងប្រទេសស្ងួតហួតហែង។ កោះប័រណេអូ (Borneo) និងកោះសូម៉ាត្រា (Sumatra) គឺជាតំបន់ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ ដោយសារផ្សែងអព្ទពុល បណ្ដាលឱ្យមានការកើនឡើងនូវជំងឺផ្លូវដង្ហើម។ ការបំពុលបរិយាកាសឆ្លងដែននេះ ក៏បានបណ្ដាលឱ្យមានផលប៉ះពាល់ដល់គុណភាពខ្យល់ដល់កម្រិតគ្រោះថ្នាក់ដល់សុខភាព នៅក្នុងប្រទេសជិតខាងដូចជា៖ សិង្ហបុរី និងម៉ាឡេស៊ី ផងដែរ។

នៅក្នុងកិច្ចប្រជុំជាមួយគណៈរដ្ឋមន្ត្រី លោក ប្រាបូវ៉ូ បានថ្លែងថា នឹងមិនមានការលើកលែងដាច់ខាត ចំពោះបុគ្គល ឬក្រុមហ៊ុនទាំងហ្លាយណា ដែលត្រូវបានរកឃើញថា មានកំហុសក្នុងការបង្កឱ្យមានភ្លើងឆេះព្រៃ។ យោងតាមសេចក្តីថ្លែងការណ៍របស់លោក ប្រាបូវ៉ូ បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖«ខ្ញុំបានស្នើឱ្យលេខាធិការរដ្ឋ និងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ពិនិត្យមើលរឿងនេះបន្ថែមទៀត ជាពិសេស លើទណ្ឌកម្មផ្លូវច្បាប់។ ហើយប្រហែលជាយើង គួរតែស្នើឱ្យសភាតំណាងរាស្ត្រ រឹតបន្តឹងច្បាប់ ដោយចាត់ថ្នាក់ទង្វើនេះ ជាអំពើភេរវកម្មបរិស្ថាន។ នេះជារឿងធ្ងន់ធ្ងរណាស់!»។

លោកក៏បានបញ្ជាឱ្យអាជ្ញាធរដែនដី លុបចោលជាបន្ទាន់នូវការលើកលែងទាំងហ្លាយណា ដែលអនុញ្ញាតឱ្យកសិករខ្នាតតូចកាប់ឆ្ការដីឡូតិ៍តូចៗ ដោយប្រើប្រាស់ភ្លើង។ បន្ថែមពីនេះ លោក ប្រាបូវ៉ូ ក៏បានអំពាវនាវឱ្យនគរបាលបើកការស៊ើបអង្កេតបទល្មើសព្រហ្មទណ្ឌ ប្រឆាំងនឹងក្រុមហ៊ុនទាំងហ្លាយណា ដែលរំលោភលើវិធានការសុវត្ថិភាពការពារអគ្គិភ័យ។ បច្ចុប្បន្ន ឥណ្ឌូណេស៊ី បានដាក់ពង្រាយយន្តហោះជាង ៥០គ្រឿង ដើម្បីប្រតិបត្តិការទម្លាក់ទឹកពន្លត់ភ្លើង និងបង្កើតភ្លៀងសិប្បនិម្មិតដើម្បីជួយប្រយុទ្ធប្រឆាំងនឹងភ្លើងឆេះព្រៃ៕




