ស្ត្រេស៖ ហេតុអ្វីបានជាវាកើតមានឡើង? យើងអាចគ្រប់គ្រងវាដូចម្តេច?
SBM News
4 ឆ្នាំមុន

(សុខភាព+ចំណេះដឹង)៖ ស្ត្រេស​គឺជា​អារម្មណ៍​នៃ​ការ​តានតឹង​ផ្លូវ​អារម្មណ៍ ឬ​ផ្លូវកាយ។ វាគឺជាប្រតិកម្មនៃរាងកាយរបស់អ្នកចំពោះបញ្ហាប្រឈម ឬតម្រូវការ។ វាអាចក្លាយទៅជាជំងឺរ៉ាំរ៉ៃ ប្រសិនបើយើងមិនចាត់វិធានការដើម្បីគ្រប់គ្រងវាទេនោះ។ ស្ត្រេសអាចកើតឡើងពីសម្ពាធការងារ ទំនាក់ទំនង សម្ពាធផ្នែកហិរញ្ញវត្ថុ និងស្ថានភាពផ្សេងទៀត។ និយាយឱ្យសមញ្ញ អ្វីក៏ដោយដែលបង្កឱ្យមានបញ្ហាប្រឈម ឬការគំរាមកំហែងដល់សុខុមាលភាពរបស់បុគ្គល នោះអាចបង្កឱ្យមានស្ត្រេសហើយ។

ក/ មូលហេតុ

ព្រឹត្តិការណ៍សំខាន់ៗក្នុងជីវិត អាចបង្កឱ្យមានស្ត្រេស មានដូចជា៖ បញ្ហាការងារ, ខ្វះពេលវេលាឬលុយ, ការ​បាត់​បង់​ជីវិតមនុស្សជាទីស្រឡាញ់, បញ្ហាគ្រួសារ, ជំងឺ, ផ្លាស់ទីលំនៅ, ទំនាក់ទំនងស្នេហា, អាពាហ៍ពិពាហ៍ និងការលែងលះ ជាដើម។ មូលហេតុផ្សេងទៀតនៃស្ត្រេសគឺ៖ ការរំលូតកូនឬការបាត់បង់ការមានផ្ទៃពោះ, បើកបរក្នុងចរាចរណ៍មមាញឹកខ្លាំង, សំឡេងរំខានច្រើនពេក, ការកកស្ទះ និងការបំពុល, ការមានផ្ទៃពោះ និងក្លាយជាឪពុកម្តាយ, ភាពមិនច្បាស់លាស់ ឬរង់ចាំលទ្ធផលសំខាន់។ មនុស្សមួយចំនួនជួបប្រទះស្ត្រេសជាបន្តបន្ទាប់ បន្ទាប់ពីព្រឹត្តិការណ៍ដ៏តក់ស្លុត ដូចជាគ្រោះថ្នាក់ ឬការរំលោភបំពានណាមួយ។

ខ/ ផលប៉ះពាល់

ស្ត្រេសធ្វើឱ្យមុខងាររាងកាយមួយចំនួនថយចុះ ដូចជាប្រព័ន្ធរំលាយអាហារ និងប្រព័ន្ធការពាររាងកាយ។ រាងកាយប្រមូលផ្តុំកម្លាំង (ឬធនធាន) របស់វាទៅលើការដកដង្ហើម លំហូរឈាម ការប្រុងប្រយ័ត្ន និងការត្រៀមសាច់ដុំ។ អំឡុងពេលមានប្រតិកម្មស្ត្រេស រាងកាយមានការផ្លាស់ប្ដូរដូចជា៖ សម្ពាធឈាមនិងជីពចរកើនឡើង, ការដកដង្ហើមលឿន, សកម្មភាពប្រព័ន្ធរំលាយអាហារថយចុះ, សកម្មភាពភាពស៊ាំថយចុះ, សាច់ដុំកាន់តែតានតឹង, ភាពងងុយគេងថយចុះ។ យ៉ាងណា ស្ត្រេសប៉ះពាល់ដល់បុគ្គលម្នាក់ៗតាមរបៀបផ្សេងៗគ្នា។ វិទ្យាស្ថានជាតិសុខភាពផ្លូវចិត្ត បែងចែកស្ត្រេសជាពីរប្រភេទ៖ ស្រួចស្រាវ(រយៈពេលខ្លី) និងរ៉ាំរ៉ៃ(រយៈពេលវែង)។ 

- ស្ត្រេសស្រួចស្រាវ៖ ស្ត្រេសប្រភេទនេះ [មានរយៈពេលខ្លី] ហើយជាទម្រង់ទូទៅជាងគេនៃស្ត្រេស។ ជារឿយៗ វាកើតឡើងនៅពេលដែលមនុស្សពិចារណាពីសម្ពាធនៃព្រឹត្តិការណ៍ដែលបានកើតឡើងនាពេលថ្មីៗ ឬប្រឈមមុខនឹងបញ្ហាប្រឈមនាពេលខាងមុខ។ វាមិនបណ្តាលឱ្យមានផលប៉ះពាល់ដូចគ្នានឹងស្ត្រេសរ៉ាំរ៉ៃនោះទេ។ ផល​ប៉ះពាល់​មានរយៈពេល​ខ្លី​ រួម​មាន​ការ​ឈឺ​ក្បាល​ ឈឺ​ក្រពះ ព្រម​ទាំង​ការ​ថប់​អារម្មណ៍​ក្នុង​កម្រិត​មធ្យម។ ទោះជាយ៉ាងណាក៏ដោយ ករណីស្ត្រេសស្រួចស្រាវម្ដងហើយម្ដងទៀតក្នុងរយៈពេលយូរអាចក្លាយទៅជារ៉ាំរ៉ៃ និងបង្កគ្រោះថ្នាក់។

- ស្ត្រេសរ៉ាំរ៉ៃ៖ ស្ត្រេសនេះ [វិវឌ្ឍក្នុងរយៈពេលយូរ] ហើយកាន់តែមានគ្រោះថ្នាក់។ ភាពក្រីក្រ គ្រួសារមិនចុះសម្រុង ឬអាពាហ៍ពិពាហ៍ដែលមិនជាទីពេញចិត្ត គឺជាស្ថានភាពដែលអាចបង្កឱ្យមានស្ត្រេសរ៉ាំរ៉ៃ។ វាកើតឡើងនៅពេលដែលមនុស្សម្នាក់មើលមិនឃើញវិធីដើម្បីជៀសវាងភាពតានតឹងរបស់ពួកគេ ហើយឈប់ស្វែងរកដំណោះស្រាយ។ បទពិសោធដ៏តក់ស្លុតក្នុងជីវិតដំបូង ក៏អាចរួមចំណែកដល់ស្ត្រេសរ៉ាំរ៉ៃផងដែរ។ ស្ត្រេសនេះធ្វើឱ្យរាងកាយពិបាកត្រឡប់ទៅរកកម្រិតធម្មតានៃសកម្មភាពអរម៉ូន ដែលអាចរួមចំណែកបង្កបញ្ហាដូចជា៖ សរសៃឈាមបេះដូង, ផ្លូវដង្ហើម, ការគេង, ភាពស៊ាំ, បន្តពូជ។ ស្ថានភាពស្ត្រេសមិនធូរស្បើយ ក៏អាចបង្កើនហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទទី 2 ជំងឺលើសឈាម និងជំងឺបេះដូង។ ជំងឺធ្លាក់ទឹកចិត្ត ការថប់បារម្ភ និងបញ្ហាសុខភាពផ្លូវចិត្តផ្សេងទៀត អាចវិវត្តន៍ក្លាយជាស្ត្រេសរ៉ាំរ៉ៃផងដែរ។ អ្នកដែលមានស្ត្រេសរ៉ាំរ៉ៃមានហានិភ័យដែលអាចនាំឱ្យមានការធ្វើអត្តឃាត សកម្មភាពហិង្សា គាំងបេះដូង ឬដាច់សរសៃឈាមខួរក្បាល។

គ/ រោគសញ្ញា 

ផលប៉ះពាល់រាងកាយនៃស្ត្រេសអាចរួមមាន៖ បែកញើស, ឈឺចាប់នៅខាងក្រោយឬទ្រូង, រមួលក្រពើ ឬរមួលសាច់ដុំ, ដួលសន្លប់, ឈឺក្បាល, ញ័រសរសៃប្រសាទ, អារម្មណ៍ដូចមានអ្វីចាក់។- ប្រតិកម្មអារម្មណ៍អាចរួមមាន៖ អស់កម្លាំង, ការភ្លេចភ្លាំង, ឆាប់ខឹង, ទុក្ខព្រួយ។

- អាកប្បកិរិយាដែលទាក់ទងនឹងភាពតានតឹងរួមមាន៖ ចំណង់អាហារ និងការញ៉ាំច្រើនពេក ឬតិចពេក, ការផ្ទុះកំហឹងភ្លាមៗ, ការប្រើប្រាស់គ្រឿងញៀន និងគ្រឿងស្រវឹង, ការដកខ្លួនចេញពីសង្គម, យំញឹកញាប់, បញ្ហាទំនាក់ទំនង។

ប្រសិនបើស្ត្រេសក្លាយជារ៉ាំរ៉ៃ វាអាចនាំឱ្យមានផលវិបាកជាច្រើន រួមទាំង៖ ការថប់បារម្ភ, ជំងឺធ្លាក់ទឹកចិត្ត, ជំងឺបេះដូង, សម្ពាធ​ឈាម​ខ្ពស់, ភាពស៊ាំទាបប្រឆាំងនឹងជំងឺ, ឈឺសាច់ដុំ, ការលំបាកក្នុងការគេង, ឈឺក្រពះ, ងាប់លិង្គ និងបាត់បង់ចំណង់ផ្លូវភេទ។

ឃ/ ការព្យាបាល

- លំហាត់ប្រាណ៖ ការធ្វើលំហាត់ប្រាណអាចកាត់បន្ថយការចុះខ្សោយនៃការចងចាំទាក់ទិននឹងស្ត្រេស។

- កាត់បន្ថយការទទួលទានជាតិអាល់កុល ថ្នាំញៀន និងជាតិកាហ្វេអ៊ីន៖ សារធាតុទាំងនេះនឹងមិនជួយការពារស្ត្រេសទេ។ ផ្ទុយទៅវិញ ពួកវាអាចធ្វើឱ្យស្ត្រេសកាន់តែធ្ងន់ធ្ងរ។

- អាហារូបត្ថម្ភ៖ របបអាហារដែលមានសុខភាពល្អ និងមានតុល្យភាព (មានផ្ទុកផ្លែឈើ និងបន្លែច្រើន) អាចជួយរក្សាប្រព័ន្ធការពាររាងកាយនៅពេលមានស្ត្រេស។ របបអាហារមិនល្អ អាចនាំឱ្យមានសុខភាពមិនល្អ និងស្ត្រេសបន្ថែម។

- កំណត់អាទិភាពកិច្ចការងារ៖ ជួយក្នុងការចំណាយពេលវេលាតិចតួចក្នុងការរៀបចំបញ្ជីការងារត្រូវធ្វើប្រចាំថ្ងៃ និងផ្តោតលើកិច្ចការបន្ទាន់។ ផ្តោតលើអ្វីដែលសម្រេចបានសម្រាប់ថ្ងៃនោះ ជាជាងលើកិច្ចការដែលមិនទាន់បានបញ្ចប់។

- ពេលវេលា៖ គួរតែទុកពេលខ្លះសម្រាប់ការសម្រាក និងធ្វើអ្វីដែលជាចំណង់ចំណូលចិត្តរបស់អ្នក។

- ដកដង្ហើម និងបន្ធូរអារម្មណ៍៖ បច្ចេកទេសនៃការដកដង្ហើម និងបន្ធូរអារម្មណ៍អាចបន្ថយល្បឿនបេះដូង និងលើកកម្ពស់ការសម្រាក។ ការដកដង្ហើមវែងៗ ក៏ជាផ្នែកនៃសមាធិផងដែរ។ ការធ្វើសមាធិ ម៉ាស្សា និងយូហ្គា អាចជួយបញ្ហាស្ត្រេសបាន។

- ការចែករំលែកអារម្មណ៍ និងក្តីកង្វល់ជាមួយក្រុមគ្រួសារ មិត្តភ័ក្ដិ និងមិត្តរួមការងារ អាចជួយមនុស្សម្នាក់ឱ្យចាកចេញឬកាត់បន្ថយអារម្មណ៍នៃភាពឯកោ។ មនុស្សផ្សេងទៀតក៏ប្រហែលជាអាចផ្តល់យោបល់សម្រាប់ដំណោះស្រាយបញ្ហាផងដែរ។

- ការ​ទទួល​ស្គាល់​សញ្ញានៃស្ត្រេស៖ មនុស្ស​អាច​ខ្វល់ខ្វាយ​ខ្លាំងតែ​អំពី​បញ្ហា​ដែល​បង្ក​ឱ្យ​មាន​ស្ត្រេស ​ខណៈមិន​បាន​កត់​សម្គាល់​ពី​ឥទ្ធិពល​លើ​រាង​កាយ​របស់​ពួក​គេទេ។ 

- បង្កើតបច្ចេកទេសគ្រប់គ្រងស្ត្រេស តាមរយៈការស្វែងយល់ពីក្នុងសៀវភៅ ឬប្រភពដែលមានក្នុងអ៊ីនធឺណិត។ ម៉្យាងទៀត អាចចូលរៀនវគ្គគ្រប់គ្រងស្ត្រេសពីអ្នកជំនាញចិត្តសាស្ត្រ។

ឈានដល់ជំងឺធ្លាក់ទឹកចិត្ត ឬជំងឺថប់បារម្ភ គ្រូពេទ្យអាចចេញវេជ្ជបញ្ជាផ្តល់ថ្នាំប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្ត។ ទោះយ៉ាងណាក៏ដោយ វាមានហានិភ័យ ដោយថ្នាំនឹងគ្របសង្កត់ស្ត្រេស ជាជាងជួយព្យាបាលអ្នកជំងឺ។ ថ្នាំប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្តក៏អាចមានផលប៉ះពាល់អវិជ្ជមានផងដែរ ហើយពួកគេអាចធ្វើឱ្យផលវិបាកនៃស្ត្រេសកាន់តែអាក្រក់ឡើង ដែលទាមទារនូវការព្យាបាលដោយថ្នាំប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្តរយៈពេលវែង៕

source: medicalnewstoday

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត