
រដ្ឋធានីញូដេលី៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានអញ្ជើញទៅដល់រដ្ឋធានីញូដេលី ប្រទេសឥណ្ឌា នៅថ្ងៃសៅរ៍ទី១២ ខែកញ្ញានេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូល BRICS ជាមួយមេដឹកនាំឥណ្ឌា រុស្ស៊ី និងអ៊ីរ៉ង់ ខណៈវិបត្តិសង្គ្រាម ពាណិជ្ជកម្ម និងថាមពល កំពុងសាកល្បងភាពរឹងមាំនៃប្លុកមួយនេះ ដែលមានសមាជិក១១ប្រទេស។

ជម្លោះនៅមជ្ឈិមបូព៌ា និងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន រួមទាំងការប្រែប្រួលពាណិជ្ជកម្មពិភពលោក និងសន្តិសុខថាមពល ត្រូវបានរំពឹងថានឹងក្លាយជាប្រធានបទក្ដៅគ្របដណ្ដប់លើកិច្ចប្រជុំរយៈពេល២ថ្ងៃនេះ។ ទន្ទឹមនឹងនេះ ដំណើរទស្សនកិច្ចរបស់លោក ស៊ី ជីនពីង ត្រូវបានតាមដានយ៉ាងយកចិត្តទុកដាក់ ដោយសារជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកទៅកាន់ប្រទេសជិតខាងមួយនេះចាប់តាំងពីឆ្នាំ២០១៩មក ហើយក៏ជាជំហរានដ៏ធំបំផុតក្នុងការស្តារទំនាក់ទំនងឡើងវិញរវាងប្រទេសមហាអំណាចនុយក្លេអ៊ែរទាំង២ផងដែរ។

សូមជម្រាបថា ដំណើរទស្សនកិច្ចនេះធ្វើឡើង ៦ឆ្នាំបន្ទាប់ពីការប៉ះទង្គិចគ្នាយ៉ាងស្រួចស្រាវនៅព្រំដែនទីបេក្នុងឆ្នាំ២០២០។ បច្ចុប្បន្ន ទំនាក់ទំនងបានធូរស្រាលជាបណ្តើរៗតាមរយៈការបើកជើងហោះហើរឡើងវិញ ការផ្ដល់ទិដ្ឋាការ និងការទាក់ទងគ្នាកម្រិតខ្ពស់។ លោក ស៊ី ជីនពីង គ្រោងនឹងជួបពិភាក្សាផ្ទាល់ជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិដ្រា ម៉ូឌី (Narendra Modi) ដើម្បីស្វែងរកដំណោះស្រាយឆាប់រហ័សលើបញ្ហាព្រំដែន ទោះបីជាការសង្ស័យ និងការដាក់ពង្រាយកម្លាំងយោធានៅតាមព្រំដែនប្រវែង ៣៥០០គីឡូម៉ែត្រនៅតែមានក៏ដោយ។

លោក ម៉ូឌី បានជួបប្រជុំជាមួយប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន និងប្រធានាធិបតីអ៊ីរ៉ង់ លោក ម៉ាស៊ូដ ប៉េសេគៀន (Masoud Pezeshkian) កាលពីថ្ងៃសុក្រទី១១ នេះផងដែរ។ ឥណ្ឌានៅតែបន្តរក្សាទំនាក់ទំនងពាណិជ្ជកម្មថាមពលជាមួយរុស្ស៊ី និងប្រកាន់ជំហរយ៉ាងប្រុងប្រយ័ត្នចំពោះថ្មក្ដៅហាមជ្ឈិមបូព៌ា។ គួរបញ្ជាក់ថា ការពង្រីកសមាជិកភាព BRICS ដោយរាប់បញ្ចូលទាំង៖ អារ៉ាប៊ីសាអូឌីត អេមីរ៉ាត់អារ៉ាប់រួម និងអ៊ីរ៉ង់ បានបង្កើតជាភាពស្រួចស្រាវផ្នែកភូមិសាស្ត្រនយោបាយយ៉ាងខ្លាំង ជាពិសេសលើជម្លោះតំបន់ឈូងសមុទ្ទពែក្ស ដែលអ្នកវិភាគមើលឃើញថាជាបម្រែបម្រួល និងជាសម្ពាធយ៉ាងធ្ងន់ចំពោះប្លុកមួយនេះ៕



