កម្ពុជាដាក់ឱ្យអនុវត្តផែនការអភិវឌ្ឍន៍ទេសចរណ៍ ប្រែក្លាយខេត្តសៀមរាបជាគោលដៅបេតិកភណ្ឌឆ្លាតវៃកម្រិតពិភពលោក
S
Soriya Sou
6 ម៉ោងមុន

ក្រុងសៀមរាប៖ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសផ្សព្វផ្សាយដាក់ឱ្យ​អនុ​វត្ត «ផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្ត​សៀមរាប ឆ្នាំ២០២៦-២០​៣​០​​» ប្រែក្លាយខេត្តនេះ ជាគោលដៅទេសចរណ៍បេតិកភណ្ឌឆ្លាតវៃ និងពេញនិយមបំផុត…។

«ផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្ត​សៀមរាប ឆ្នាំ២០២៦-២០​៣​០​​» ត្រូវបានដាក់ឱ្យ​អនុ​វត្តក្រោមអធិបតីភាព លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ កាលពីថ្ងៃទី១៧កញ្ញា និងត្រូវបានក្រសួងទេសចរណ៍ផ្សព្វផ្សាយបន្តនៅថ្ងៃទី១៨កញ្ញានេះ។ ក្រសួងទេសចរណ៍ បញ្ជាក់ថា ផែនការនេះ ជាផែនទីបង្ហាញផ្លូវរួម និងជាក្របខ័ណ្ឌសកម្មភាព​អនុវត្តជាក់ស្តែង សម្រាប់កៀរគរគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ឱ្យរួមគ្នាអភិវឌ្ឍទេសចរណ៍នៅខេត្តសៀមរាប កាន់តែមានគុណភាព និងបង្កើនភាពទាក់ទាញ ដើម្បីឈានទៅសម្រេចតាមចក្ខុវិស័យ ប្រែក្លាយទឹកដីអច្ឆរិយៈ ជាគោលដៅទេសចរណ៍បេតិកភណ្ឌឆ្លាតវៃកម្រិតអន្តរជាតិ ដោយផ្សារភ្ជាប់ទេសចរណ៍វប្បធម៌ និងធម្មជាតិ ផ្តល់បទពិសោធវិសេសវិសាលដល់ភ្ញៀវទេសចរ​ និងរួមចំណែកលើកកម្ពស់ជីវភាពប្រជាពល​រដ្ឋក្នុងមូលដ្ឋាន។

លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ មានប្រសាសន៍ថា ខេត្តសៀមរាប ប្រៀបបាននឹងដួងព្រលឹងនៃព្រះរាជាណាចក្រ​កម្ពុជា ជាទឹកដីអរិយធម៌ដ៏រុងរឿង និងជាទីតាំងនៃប្រាសាទអង្គរវត្ត ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកដ៏អស្ចារ្យ និងជាកំណប់ទ្រព្យដ៏វិសេសវិសាលរបស់មនុស្សជាតិ។ ខេត្តសៀម​រាប ​មិនត្រឹមតែឆ្លុះបញ្ចាំងពីតថភាពនៃប្រវត្តិសាស្ត្រ សិល្បៈដ៏រស់រវើក និងវប្បធម៌ អរិយធម៌ដ៏ឧត្ដុង្គឧត្ដមរបស់ខ្មែរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាគោលដៅទេសចរណ៍ដ៏ល្បីល្បាញ ដែលតំណាងឱ្យអត្ត​​សញ្ញា​​ណ​ កិត្យានុភាព និងមោទនភាពជាតិខ្មែរនៅលើឆាកអន្តរជាតិ។

នៅក្នុងបរិបទដែលការប្រកួតប្រជែងទេសចរណ៍នៅក្នុងតំបន់​កាន់តែខ្លាំង និងអាកប្បកិរិយាភ្ញៀវទេសចរកាន់តែផ្លាស់ប្ដូរ បន្ថែមលើសក្តានុពលដែលមានស្រាប់ រដ្ឋមន្រ្តីទេសចរណ៍ ជំរុញឱ្យអ្នកពាក់ព័ន្ធត្រូវបន្តបង្កើតផលិតផលទេសចរណ៍ថ្មីៗ (សៀមរាប លើសពីតំបន់អង្គរ), កែលម្អ និងពង្រឹងគុណភាពសេវាកម្មទេសចរណ៍, បង្កើនភាពទាក់ទាញ ក៏ដូចជាពង្រឹងសន្តិសុខ សុវត្ថិភាពដល់ភ្ញៀវ ដើម្បីធានាថា ខេត្តសៀមរាប អាច​​ឆ្លើយតបនឹងតម្រូវការភ្ញៀវទេសចរជំនាន់ថ្មី និងដើរទាន់យុគសម័យនៃការប្រកួតប្រជែងជាមួយគោលដៅទេសចរណ៍សំខាន់ៗក្នុងតំបន់ និង​សកលលោកបាន​។ ត្រូវបន្តច្នៃប្រឌិត និងបង្កើតទីតាំងដែលជាអត្តសញ្ញាណរបស់ខេត្តសៀមរាប, រៀបចំឱ្យមាននិទានកថា នៅតាមទីតាំងសក្តានុពលទេសចរណ៍ និងត្រូវពិនិត្យលទ្ធភាព បង្កើនសកម្មភាពទេសចរណ៍នាពេលរាត្រី ដើម្បីពន្យារពេលស្នាក់នៅរបស់ភ្ញៀវទេសចរនៅក្នុងប្រទេសកម្ពុជា៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត