រដ្ឋមន្រ្តីពាណិជ្ជកម្ម អញ្ជើញចូលរួម«ពិព័រណ៍ចិន-អាស៊ាន លើកទី២៣» ជាការរួមចំណែកយ៉ាងសំខាន់ បង្កើនទំហំពាណិជ្ជកម្មរវាងកម្ពុជា-ចិន
S
Soriya Sou
38 នាទីមុន

ទីក្រុងណាននីង៖ លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីរៀបចំ និងចូលរួមពិព័រណ៍ពិភពលោក បានដឹកនាំគណៈប្រតិភូកម្ពុជា អញ្ជើញចូលរួមក្នុងពិធីបើក«ពិព័រណ៍ចិន-អាស៊ាន លើកទី២៣» នាព្រឹកថ្ងៃ១៧ ខែកញ្ញា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិណាននីង តំបន់ស្វយ័តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន…។

«ពិព័រណ៍ចិន-អាស៊ាន លើកទី២៣» ប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១៧-២១ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមវត្តមានលោក ទីង ហ្សៀហ្សៀង (Ding Xuexiang) ឧបនាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន និងមានការចូលរួមពីតំណាងជាន់ខ្ពស់ពីបណ្តាប្រទេសជាសមាជិកអាស៊ាន អគ្គលេខាធិការដ្ឋានអាស៊ាន និងថ្នាក់ដឹកនាំវិស័យឯកជនសំខាន់ៗ។ ពិព័រណ៍ចិន-អាស៊ាន គឺជាព្រឹត្តិការណ៍ពាណិជ្ជកម្មអន្តរជាតិដ៏ធំមួយ ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ដោយមានកិច្ចសហការរវាងរដ្ឋាភិបាល ដែលត្រូវបានផ្តួចផ្តើមរៀ​បចំឡើងក្នុងឆ្នាំ២០០៤ ក្នុងគោលបំណងជំរុញការទាញយកប្រយោជន៍ជាអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចិន-អាស៊ាន ពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ការវិនិយោគ ពាណិជ្ជកម្ម និងការផ្លាស់ប្ដូរវប្បធម៌រវាងចិន និងប្រទេសជាសមាជិកអាស៊ានទាំងអស់។ ពិព័រណ៍នេះ មានដាក់បង្ហាញផលិតផលកសិកម្ម បច្ចេកវិទ្យា ឧស្សាហកម្ម ទំនិញប្រើប្រាស់ ព្រមទាំងមានការរៀបចំជំនួបធុរកិច្ច និងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីផងដែរ។

រដ្ឋមន្រ្តីពាណិជ្ជកម្មកម្ពុជា លោកស្រី ចម និម្មល មានប្រសាសន៍បង្ហាញជំនឿជឿជាក់យ៉ាងមុតមាំថា ពិព័រណ៍ចិន-អាស៊ាន លើកទី២៣ នេះ នឹងបន្តទទួលបានជោគជ័យដ៏ត្រចេះត្រចង់បន្ថែមទៀត ដែលរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើនទំហំពាណិជ្ជកម្ម និងវិនិយោគរវាងចិន និងអាស៊ាន និយាយជារួម និងដោយឡែករវាងកម្ពុជា និងចិន។ ថ្លែងក្នុងជំនួបពិភាក្សាការងារជាមួយ លោក វ៉ី តាវ (WEI Tao) អភិបាលនៃតំបន់ស្វយ័តក្វាងស៊ី លោកស្រី ចម និម្មល បានវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីដ៏ល្អប្រសើររវាងកម្ពុជា-ចិន។ លោកស្រី ក៏បានសម្ដែងការគាំទ្រយ៉ាងពេញទំហឹង ចំពោះការរួមគ្នាក្នុងការជំរុញទាញយកអត្ថប្រយោជន៍ឱ្យបានជាអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដែលកម្ពុជា និងចិនជាសមាជិក រួមបញ្ចូលទាំងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន ៣.០ និងកិច្ចសហការក្នុងវិស័យបញ្ញាសិប្បនិម្មិត (AI) ដែលដើរតួនាទីសំខាន់ក្នុងជំរុញកិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត