
រាជធានីភ្នំពេញ៖ ពិព័រណ៍ចិន-អាស៊ាន នឹងប្រារព្ធធ្វើទ្បើងចាប់ពីថ្ងៃទី១៧-២១ ខែកញ្ញា ឆ្នាំ២០២៦ នាមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិទីក្រុងណាននឹង តំបន់ស្វយ័តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន។ បើសិនសាធារណជន មានបំណងចូលរួមតាំងបង្ហាញ លក់ផលិតផល សេវាកម្ម ចាប់ដៃគូពាណិជ្ជកម្មជាមួយពាណិជ្ជករចិន និងអាស៊ាន អាចដាក់ពាក្យតាមរយៈ QR Code របស់ក្រសួង ដូចដែលមានក្នុងសេចក្តីជូនដំណឹង ត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦...។

មន្រ្តីក្រសួងពាណិជ្ជកម្ម គូសបញ្ជាក់ថា ពិព័រណ៍ចិន-អាស៊ាន ជាវេទិកានៃការផ្លាស់ប្ដូរពាណិជ្ជកម្ម និងវិនិយោគដ៏សំខាន់រវាងបណ្តាប្រទេសជាសមាជិកអាស៊ាន និងសាធារណរដ្ឋប្រជាមានិតចិន។ ដើម្បីបន្តជំរុញសកម្មភាពពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា និងចិន ឱ្យដល់គោលដៅដែលរដ្ឋាភិបាលនៃប្រទេសទាំងពីរបានកំណត់ ក្រសួងបានចូលរួមជាបន្តបន្ទាប់។ ជាមួយគ្នានេះ ក្រសួងនឹងរៀបចំចូលរួមតាំងពិព័រណ៍ចិន-អាស៊ាន លើកទី២៣ (The 23rd China-ASEAN Expo) គឺដោយសារកន្លងទៅ ទទួលបានជោគជ័យចំនួន២២លើកមកហើយ ទើបក្រសួងពាណិជ្ជកម្ម បន្តចូលរួមលើកទី២៣ទៀត។

សូមជម្រាបថា ពិព័រណ៍ចិន-អាស៊ាន ជាការប្តេជ្ញាចិត្តខ្ពស់រវាងចិន និងអាស៊ាន ដែលតែងបានប្រកាន់ខ្ជាប់នូវច្បាប់នានា របស់អង្គការពាណិជ្ជកម្មពិភពលោក គាំទ្រដល់ប្រព័ន្ធពាណិជ្ជកម្មពហុភាគីដែលមានលក្ខណៈបើកចំហ តម្លាភាព បរិយាប័ន្ន និងគ្មានការរើសអើង ហើយកសាងសេដ្ឋកិច្ចតំបន់អាស៊ីមួយបើកចំហ។ តាមរយៈពិព័រណ៍ចិន-អាស៊ាន រយៈពេលជាង២០ឆ្នាំមកនេះ បានផ្តល់ផលប្រយោជន៍ជាច្រើន ក្រោមកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ដែលប្រទេសចិន និងអាស៊ានបង្កើនកិច្ចគាំទ្ររបស់ខ្លួនទៅលើពហុភាគីនិយម ស្របពេលប្រទេសចិន និងអាស៊ាន កំពុងបន្តការអភិវឌ្ឍខ្លួនឯង៕
សូមចុះឈ្មោះតាមឃ្យូអរកូដខាងក្រោមនេះ ដែលបានភ្ជាប់នៅក្នុងសេចក្តីជូនដំណឹង៖



