ពិព័រណ៍ចិន-អាស៊ាន លើកទី២១ ឆ្នាំនេះនឹងត្រូវចាប់ផ្តើមនៅពាក់កណ្តាលខែកញ្ញា
អុន សម្ផស្ស
21 សីហា 2024 02:42 AM

រាជធានីភ្នំពេញ៖ ពិព័រណ៍ចិន-អាស៊ានលើកទី២១ (The 21st China-ASEAN Expo) គឺជាវេទិកានៃការផ្លាស់ប្ដូរពាណិជ្ជកម្ម និងវិនិយោគដ៏សំខាន់រវាងបណ្តាប្រទេសជាសមាជិកអាស៊ាន និងប្រទេសចិន។ ការរៀបចំពិព័រណ៍ចិន-អាស៊ាន លើកទី២១ នឹងប្រព្រឹត្តទៅពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសន្និសីទ និងពិព័រណ៍អន្តរជាតិ ទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន…។

រូបភាព៖ ព័រណ៍ចិន-អាស៊ានលើកទី២០ ឆ្នាំ២០២៣
រូបភាព៖ ព័រណ៍ចិន-អាស៊ានលើកទី២០ ឆ្នាំ២០២៣

បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ បញ្ជាក់ថា ក្រសួងបានសហការជាមួយលេខាធិការដ្ឋាននៃពិព័រណ៍ចិន-អាស៊ាន នឹងដឹកនាំគណៈប្រតិភូពាណិជ្ជកម្មទៅរៀបចំ និងចូលរួមពិព័រណ៍ចិន-អាស៊ាន។ ហេតុនេះដើម្បីជំរុញសកម្មភាពពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា និងចិន ក្រសួងពាណិជ្ជកម្មក្នុងនាមដៃគូសហការរៀបចំសូមអញ្ជើញធុរជន សហគ្រិន វិនិយោគិន និងអ្នកផ្តល់សេវាកម្មកម្ពុជា ដែលមានបំណងចង់ចូលរួមជាអ្នកទស្សនាពាណិជ្ជកម្ម (Trade Visitors) រៀបចំដាក់ពាក្យចូលរួមចាប់ពី ថ្ងៃផ្សាយដំណឹងនេះរហូតដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤។

រូបភាព៖ ព័រណ៍ចិន-អាស៊ានលើកទី២០ ឆ្នាំ២០២៣
រូបភាព៖ ព័រណ៍ចិន-អាស៊ានលើកទី២០ ឆ្នាំ២០២៣

ក្រសួងពន្យល់ថា សហគ្រិន វិនិយោគិន និងអ្នកផ្តល់សេវាកម្មទាំងអស់ ដែលចុះឈ្មោះចូលរួមនឹងទទួលបានការលើកទឹកចិត្តពីគណៈកម្មការពិព័រណ៍ដូចជា៖ ទី១. ការស្នាក់នៅសណ្ឋាគារដែលបានកំណត់គូប៉ុងបរិភោគអាហារឥតគិតថ្លៃនៅកន្លែងតាំងពិព័រណ៍ រថយន្តដឹកជញ្ជូនទៅ-មកសណ្ឋាគារ និងមជ្ឈមណ្ឌលសន្និសីទនិងពិព័រណ៍CAEXPO។ ទី២.ជំនួបពាណិជ្ជកម្ម-B2B ដើម្បីជួប និងពិភាក្សាជាមួយក្រុមហ៊ុនដៃគូសក្តានុពល(ផលិតផលគ្រឿង កែច្នៃ និងវេចខ្ចប់ម្ហូបអាហារ បច្ចេកវិទ្យាឌីជីថល និងផលិតផលកសិកម្ម ជាពិសេសផលិតផល អេឡិចត្រូនិក-Energy Power Electronic Products)។ ទី៣. ដំណើរទស្សនកិច្ចសួនឧស្សាហកម្ម និងសហគ្រាសនៅក្នុងតំបន់ស្វយ័តក្វាងស៊ី។ 

រូបភាព៖ ព័រណ៍ចិន-អាស៊ានលើកទី២០ ឆ្នាំ២០២៣
រូបភាព៖ ព័រណ៍ចិន-អាស៊ានលើកទី២០ ឆ្នាំ២០២៣

សូមជម្រាបថា ពិព័រណ៍ចិន-អាស៊ាន ជាការប្តេជ្ញាចិត្តខ្ពស់រវាងចិន និងអាស៊ាន ដែលតែងបានប្រកាន់ខ្ជាប់នូវច្បាប់នានា របស់អង្គការពាណិជ្ជកម្មពិភពលោក គាំទ្រដល់ប្រព័ន្ធពាណិជ្ជកម្មពហុភាគីដែលមានលក្ខណៈបើកចំហ តម្លាភាព បរិយាប័ន្ន និងគ្មានការរើសអើង ហើយកសាងសេដ្ឋកិច្ចតំបន់អាស៊ីមួយដែលបើកចំហ។ តាមរយៈពិព័រណ៍ចិន-អាស៊ានរយៈពេល២០ឆ្នាំនេះ បានផ្តល់ផលជាច្រើនក្រោមកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ដែលប្រទេសចិន និងអាស៊ាននឹងបង្កើនកិច្ចគាំទ្រ របស់ខ្លួនទៅលើពហុភាគីនិយម ស្របពេលដែលប្រទេសចិន និងអាស៊ានកំពុងបន្តការអភិវឌ្ឍខ្លួនឯង។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២៦មិថុនា ឆ្នាំ២០២៤ លោក សុខ ដារិទ្ធិ ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាអគ្គនាយករងនៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម បានចូលរួមកិច្ចប្រជុំមន្ត្រីបច្ចេកទេសនៅទីក្រុងណាននីង ខេត្តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីត្រៀមលក្ខណៈរៀបចំ និងចូលរួមពិព័រណ៍ចិន-អាស៊ាន លើកទី២១ ឆ្នាំ២០២៤ នេះ ក្រោមអធិបតីភាព លោក លី អាន (LI An) អគ្គនាយករងនៃនាយកដ្ឋានកិច្ចការអាស៊ាន ក្រសួងពាណិជ្ជកម្មនៃសាធារណរដ្ឋប្រជាមានិតចិន លោកស្រី វ៉ី ហ្សាវហឺ (WEI Zhaohui) អគ្គលេខាធិការនៃលេខាធិការដ្ឋានពិព័រណ៍ចិន-អាស៊ាន ព្រមទាំងមានការចូលរួមពីមន្រ្តីបច្ចេកទេសកិច្ចការពិព័រណ៍ និងវិនិយោគរបស់ប្រទេសចិន និងមន្ត្រីជាន់ខ្ពស់អាស៊ានជាច្រើនរូបទៀត។

ជាមួយគ្នានោះ ក៏មានការចាប់ឆ្នោតជ្រើសរើសទីតាំងសម្រាប់សាងសង់ពន្លាជាតិនៃទីក្រុងស្រស់ប្រិមប្រិយរបស់ប្រទេសចិន-អាស៊ាន ដែលជាលទ្ធផល កម្ពុជាចាប់ឆ្នោតបានឡូតិ៍លេខ១០ សម្រាប់ការរៀបចំពន្លាជាតិរបស់ខ្លួន ដែលមានទំហំ១៦០ម៉ែត្រការ៉េ នៅតំបន់ Zone-B នៃមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតអន្តរជាតិទីក្រុងណាននីង...៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត