
រដ្ឋធានីសិង្ហបុរី៖ កម្ពុជា និងថៃ នឹងប្រឈមមុខគ្នានៅចំពោះមុខអ្នកសម្រុះសម្រួលអន្តរជាតិ ក្នុងប្រទេសសិង្ហបុរីនាសប្តាហ៍នេះ ជុំវិញវិវាទដ៏រ៉ាំរ៉ៃលើធនធានដែនសមុទ្ទដ៏មានតម្លៃ ដែលជាស្នាមផ្លែរបួសចុងក្រោយបង្អស់រវាងប្រទេសជិតខាងទាំង២ បន្ទាប់ពីរាជធានីបាងកក ដកខ្លួនចេញពីកិច្ចព្រមព្រៀងឆ្នាំ២០០១ ឬMoU ៤៤ ជាឯកតោភាគី។ នេះបើតាមការចុះផ្សាយដោយកាសែត CNA នៅថ្ងៃទី១៤ ខែកញ្ញា...។

MoU ៤៤ បានគ្របដណ្ដប់លើដែនទឹកដ៏ធំល្វឹងល្វើយ និងសម្បូរទៅដោយធនធានមានទំហំប្រមាណ២៧០០០គីឡូម៉ែត្រការ៉េ ដែលប្រទេសក្បែរខាងកម្ពុជា-ថៃ កំពុងទាមទារអធិបតេយ្យភាពរៀងៗខ្លួន។ ក្រោយមក រាជរដ្ឋាភិបាលរាជធានីបាងកក បានដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះ ជាឯកតោភាគី ក្នុងបំណងចង់ទាញយកថាមពលនៅក្រោមបាតសមុទ្ទនេះតែម្នាក់ឯង។ ភាគីថៃជំនាន់អនុទីន តែងអះអាងថា «MoU ៤៤ គ្មានការរីកចម្រើនអ្វីសោះ»។ ជាមួយគ្នា នាយករដ្ឋមន្ត្រីថៃ អនុទីន ឆានវីរគុល (อนุทิน ชาญวีรกุล) បានបដិសេធ លើការដកខ្លួននេះ មិនមានពាក់ព័ន្ធនឹងជម្លោះព្រំដែនគោកដែលបានផ្ទុះឡើងចំនួន២លើក កាលពីឆ្នាំមុន ដែលបានសម្លាប់មនុស្សជាច្រើននាក់ និងធ្វើឱ្យជនស៊ីវិលជាងមួយលាននាក់ បាត់បង់ទីជម្រក។ ក្រោយពេលមានកិច្ចព្រមព្រៀងបទឈប់បាញ់ យោធាថៃ នៅតែបន្តកាន់កាប់ទឹកដីកម្ពុជាជាច្រើនទីតាំង ដោយខុសច្បាប់។

រាជរដ្ឋាភិបាលកម្ពុជា បានអះអាងកាលពីសប្តាហ៍មុនថា រាជរដ្ឋាភិបាលរាជធានីភ្នំពេញ បានសម្រេចចិត្តប្រើប្រាស់យន្តការផ្សះផ្សារដោយចាប់បង្ខំ បន្ទាប់ពីថៃបានបញ្ចប់ជាឯកតោភាគីនូវក្របខណ្ឌទ្វេភាគី ដែលធ្លាប់បានព្រមព្រៀងគ្នាអស់រយៈពេលជាងពីរទសវត្សរ៍មកហើយនោះ។ ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្លាប់មានប្រសាសន៍កាលពីខែមិថុនាថា ចលនានេះ គឺដើម្បីការពារអធិបតេយ្យភាព និងសិទ្ធិដែនសមុទ្ទរបស់កម្ពុជា ស្របតាមច្បាប់អន្តរជាតិ។ តំណាងនៃប្រទេសទាំង២ នឹងឡើងសវនាការ នៅថ្ងៃអង្គារទី១៥ ខែកញ្ញា នៅចំពោះមុខគណៈកម្មាធិការសម្រុះសម្រួល ដែលមានសមាសភាព៥រូប ជាអ្នកជំនាញច្បាប់អន្តរជាតិ នៅការិយាល័យតុលាការអាជ្ញាកណ្ដាលដ៏ចំណាស់ជាងគេបំផុតក្នុងពិភពលោក មានទីតាំងនៅក្នុងប្រទេសសិង្ហបុរី។ រដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន ត្រូវបានរំពឹងថា នឹងឡើងថ្លែងមុនគេ បន្ទាប់មក គឺសមភាគីថៃ លោក សីហសក្តិ ភួងកែវកែត (สีหศักดิ์ พ่วงเกตุแก้ว)។

បង្កើតឡើងនៅក្នុងឆ្នាំ១៨៩៩ តុលាការ PCA គឺជាស្ថាប័នដោះស្រាយវិវាទអន្តររដ្ឋាភិបាលចំណាស់ជាងគេបំផុត ក្នុងពិភពលោក ហើយដោះស្រាយវិវាទរវាងប្រទេស និងភាគីឯកជន ដោយផ្អែកលើកិច្ចសន្យា កិច្ចព្រមព្រៀងពិសេស និងសន្ធិសញ្ញាផ្សេងៗ ដូចជាអនុសញ្ញាសហប្រជាជាតិ ស្តីពីច្បាប់សមុទ្ទ (UNCLOS) ជាដើម។ ការិយាល័យ PCA នៅសិង្ហបុរី គឺជាការិយាល័យដំបូងគេបង្អស់នៅអាស៊ីរបស់តុលាការនេះ ដែលមានទីស្នាក់ការកណ្តាលនៅក្រុងឡាអេ៕



