
រាជធានីភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសថា រាជរដ្ឋាភិបាល នឹងប្រើប្រាស់គ្រប់មធ្យោបាយ និងគ្រប់យន្តការដែលអាចធ្វើទៅបាន ដើម្បីការពារ និងទាមទារទឹកដីស្របច្បាប់របស់ខ្លួនមកវិញ...។

នេះជាការថ្លែងសារដ៏មុតស្រួចរបស់មេដឹកនាំកម្ពុជា ស្ថិតក្នុងកាលៈទេសៈដែលកម្ពុជា-ថៃ កំពុងតតាំងគ្នាបែងចែកព្រំដែនទឹក[សមុទ្ទ] និងស្ថិតក្នុងស្ថានភាពយោធាថៃ កំពុងបន្តកាន់កាប់ទឹកដឹកម្ពុជា តាមព្រំដែនគោកដោយខុសច្បាប់។ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ «មន្ទីរពេទ្យហ្លួងម៉ែ» នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ សម្តេចនាយករដ្ឋមន្រ្តី ប្រកាសជាថ្មីម្ដងទៀតថា រាជរដ្ឋាភិបាលកម្ពុជា មិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងណាមួយ ដែលយល់ព្រមកាត់ទឹកដីឱ្យភាគីថៃនោះឡើយ។ សម្តេចមានប្រសាសន៍បន្តថា កម្ពុជានឹងប្រើគ្រប់យន្តការ និងវិធីសាស្ដ្រទាំងអស់ ដើម្បីស្វែងរកដំណោះស្រាយ និងការពារផលប្រយោជន៍ជាតិ។ ប្រមុខរាជរដ្ឋាភិបាល មានប្រសាសន៍ថា៖«[យើង]ប្រើប្រាស់មធ្យោបាយអីក៏ប្រើ ឥឡូវច្បាប់ ការទូត យន្តការទ្វេភាគី យន្តការតំបន់ យន្តការអន្តរជាតិ ដែលយើងអាចធ្វើបាន ដើម្បីព្យាយាមយកទឹកដីស្របច្បាប់របស់យើងមកយើងវិញ! យើងនៅរក្សា យើងអត់ភ្លេចទេ»។

បន្ថែមពីនេះ សម្តេចធិបតី ក៏បានសង្កត់ធ្ងន់ផងដែរថា បញ្ហាទឹកដីមិនត្រូវបានរាជរដ្ឋាភិបាលបំភ្លេចឡើយ ហើយការដោះស្រាយតាមគ្រប់មធ្យោបាយ ដែលអាចធ្វើទៅបាន នឹងត្រូវបន្តអនុវត្ត។ ជាមួយគ្នានេះ សម្តេចធិបតី បានលើកឡើងថា កងកម្លាំងកម្ពុជា នៅតែបន្តឈរជើងនៅតំបន់ជួរមុខ ខណៈមេបញ្ជាការកងទ័ពនៅតែត្រៀមខ្លួនសម្រាប់ការ[ការពារ]បូរណភាពទឹកដី។ សម្តេចបញ្ជាក់ជាថ្មីថា កម្ពុជានឹងមិនបោះបង់ចោលទឹកដីឡើយ ហើយនឹងបន្តប្រើប្រាស់យន្តការដែលមានស្រាប់ ដើម្បីស្វែងរកដំណោះស្រាយស្របតាមច្បាប់ និងផលប្រយោជន៍ជាតិ៕



