គ្រួសារជនបង្កស្នើផ្តល់ប្រាក់សំណងជាង៤ពាន់ដុល្លារ ករណីហិង្សាដាល់បាក់ឆ្អឹងថ្ពាល់ជនរងគ្រោះ នៅតារាងបាល់ទាត់កោះដាច់
Chanmarady Chuon
23 នាទីមុន

រាជធានីភ្នំពេញ៖ ក្រោយលោកស្នងការនគរបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាឱ្យមានចំណាត់ការបន្ទាន់មួយ ជុំវិញករណីហិង្សានៅតារាងបាល់ទាត់កោះដាច់ ពេលនេះ ភាគីគ្រួសារជនបង្ក បានចូលខ្លួនមកសម្របសម្រួល ដោយស្នើសុំបង់ប្រាក់ជំងឺចិត្តចំនួន៤៥០០ដុល្លារអាម៉េរិក ដើម្បីបញ្ចប់រឿង ក្រោមហេតុផលថា រក្សាទំនាក់ទំនងក្នុងនាមជាអ្នកជិតខាងគ្នា។ ទោះយ៉ាងណា ភាគីគ្រួសារជនរងគ្រោះបានបដិសេធ ដោយបញ្ជាក់ថា ប្រាក់សំណងដែលបានភាគីគ្រួសារជនបង្កស្នើឡើងនេះ ក៏មិនគ្រប់គ្រាន់សម្រាប់ការចំណាយលើថ្លៃព្យាបាលឡើយ...។

  ជនរងគ្រោះឈ្មោះ ធី សុគន្ធា កំពុងដេកសម្រាកក្នុងមន្តីរពេទ្យ
  ជនរងគ្រោះឈ្មោះ ធី សុគន្ធា កំពុងដេកសម្រាកក្នុងមន្តីរពេទ្យ

សូមរម្លឹកឡើងវិញបន្តិចថា កាលពីរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ នៅឯតារាងបាល់ទាត់វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន កោះដាច់ ស្ថិតក្នុងភូមិល្វា សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ មានករណីហិង្សាមួយកើតឡើង ផ្ដើមចេញពីទំនាស់ពាក្យសម្តី រវាងជនរងគ្រោះឈ្មោះ ធី សុគន្ធា អាយុ១៩ឆ្នាំ និងជនបង្កឈ្មោះ ឌីណា ខណៈដែលអ្នកទាំងពីរ កំពុងប្រកួតបាល់ទាត់លើទីលាន។ នាពេលនោះ ដោយសារការបង្កកំហុសរបស់កីឡាករ ឌីណា ទើបលោកអាជ្ញាកណ្ដាលផ្តល់ការពិន័យកាតក្រហម បណ្ដេញឈ្មោះ ឌីណា ចេញពីការប្រកួត ព្រោះកំលុងនៃការប្រកួត ជនរងគ្រោះបានដណ្តើមយកបាល់ពីជនបង្ក រហូតដួលទាំងពីរនាក់ ហើយអ្នកទាំងពីរក៏ប៉ះទង្គិចពាក្យសម្តីគ្នា។ យ៉ាងណា ជនរងគ្រោះឈ្មោះ ធី សុគន្ធា បានព្យាយាមយកដៃជួយទាញជនបង្កឱ្យក្រោកឡើងមកវិញ ប៉ុន្តែ កីឡាករ ឌីណា មិនទទួលយក និងបានរុញច្រានគ្នា រហូតកើតជាទំនាស់សាជាថ្មី។

ជនរងគ្រោះធី សុគន្ធា ដេកសន្លប់ស្តូកស្តឹង ពេលត្រូវជនបង្ក

ឈ្មោះ ឌីណា ដាល់ចំផ្ទៃមុខ
ជនរងគ្រោះធី សុគន្ធា ដេកសន្លប់ស្តូកស្តឹង ពេលត្រូវជនបង្ក ឈ្មោះ ឌីណា ដាល់ចំផ្ទៃមុខ

រំពេចនោះ ឈ្មោះ ឌីណា បានស្ទុះទៅដាល់ចំផ្ទៃមុខផ្នែកខាងស្តាំកីឡាករ ធី សុគន្ធា ទាំងមិនដឹងខ្លួន បណ្ដាលឱ្យបាក់ឆ្អឹងថ្ពាល់ក្រោមភ្នែក សន្លប់បាត់ស្មារតីនៅនឹងកន្លែង។ ក្រោយកើតហេតុ ជនបង្កបានរត់គេចខ្លួនបាត់ស្រមោល ព្រោះគ្មានចំណាត់ការភ្លាមៗ ពីអាជ្ញាធរមូលដ្ឋានឡើយ រហូតធ្វើឱ្យមានការរិះគន់យ៉ាងក្ដៅគគុកពីមហាជន នៅលើបណ្តាញសង្គម។ ដោយមើលឃើញរលកនៃការរិះគន់កាន់តែខ្លាំង និងបានធ្លាយដំណឹងដល់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញផងនោះ លោកក៏បានចេញបទបញ្ជាផ្ទាល់ទៅលោកស្នងការរងទទួលផែននគរបាលព្រហ្មទណ្ឌ ឱ្យបើកការស្រាវជ្រាវបន្ទាន់ ដើម្បីតាមចាប់ខ្លួនជនបង្ក យកមកផ្តន្ទាទោសតាមច្បាប់។ ទោះជាយ៉ាងណា មានការទម្លាយឱ្យដឹងពីពលរដ្ឋមួយចំនួនថា ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅឃាត់ខ្លួនជនដៃដល់ យកមកសាកសួរដែរ ប៉ុន្តែមិនដឹងថាមានរឿងអ្វី សមត្ថកិច្ចនគរបាលប៉ុស្តិ៍សង្កាត់កោះដាច់នោះ បែរជាដោះលែងជនបង្កនោះវិញ ពោលគឺពុំមែនចាប់ជនបង្កមិនបានឡើយ។

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ  
លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ  

ថ្លែងប្រាប់អង្គភាព SBM News តាមប្រព័ន្ធអេឡិចត្រូនិចតេឡេក្រាម នៅថ្ងៃព្រហស្បតិ៍ទី១៧ ខែកញ្ញា ឆ្នាំ២០២៦នេះ អ្នកនាង ធី ស្រីលាភ ប្អូនស្រីបង្កើតជនរងគ្រោះឈ្មោះ ធី សុគន្ធា បានឱ្យដឹងជាថ្មីថា ជនបង្កមិនបានចូលខ្លួនមកដោះស្រាយដោយផ្ទាល់ឡើយ ដោយអះអាងថា ជាប់រវល់ទៅចូលរៀនទាហានកាតព្វកិច្ចដែលត្រូវបានជ្រើសរើសឱ្យចូលបម្រើទ័ព និងបានឱ្យក្រុមគ្រួសារចូលខ្លួនមកដោះស្រាយជំនួស ហើយបានស្នើសុំសងសំណងជំងឺចិត្តចំនួន៤៥០០ដុល្លារអាម៉េរិក ដើម្បីបញ្ចប់រឿង។ ប្អូនស្រីជនរងគ្រោះ បានឱ្យដឹងបន្ថែមថា គ្រួសារនាងបានដាក់ពាក្យបណ្តឹងទាមទារសំណងជំងឺចិត្តចំនួន១៤០០០ដុល្លារអាម៉េរិក ដើម្បីយកមកព្យាយាបាលជំងឺប្អូនប្រុស ដែលត្រូវវេះកាត់នា ពេលខាងមុខ។ នាងរៀបរាប់ទាំងក្តុកក្តួលទៀតថា ស្ថានភាពរបួសបងប្រុស ហាក់មានសភាពធ្ងន់ធ្ងរខ្លាំង ដោយលោកគ្រូពេទ្យតម្រូវឱ្យប្រញាប់បញ្ជូនទៅព្យាបាលនៅប្រទេសវៀតណាមឱ្យបានទាន់ពេលវេលា ពោលគឺត្រូវការចំណាយប្រាក់ច្រើនណាស់ក្នុងការព្យាបាលនេះ។

អ្នកនាង ធី ស្រីលាភ ត្រូវជាប្អូនស្រីបង្កើតរបស់ជនរងគ្រោះ  
អ្នកនាង ធី ស្រីលាភ ត្រូវជាប្អូនស្រីបង្កើតរបស់ជនរងគ្រោះ  

អ្នកនាង ធី ស្រីលាភ រៀបរាប់បន្ថែមថា ទោះជាភាគីជនបង្ក អះអាងថាគ្មានលទ្ធភាពបង់ប្រាក់គ្រប់ចំនួនភ្លាមៗក៏ដោយ ក៏គ្រួសារនាងយល់ព្រមពន្យារពេលឱ្យគ្រួសារជនបង្កបង់តាមដំណាក់កាលដែលមានការដឹងឮពីអាជ្ញាធរមានសមត្ថកិច្ច ដើម្បីគ្រួសារនាងអាចយកប្រាក់នោះមកបង្គ្រប់ថ្លៃព្យាបាលរបស់បងប្រុស ព្រោះមិនអាចទុកយូរបានឡើយ ដ្បិតអីស្ថានភាពជំងឺបងប្រុសនាង កំពុងស្ថិតក្នុងកម្រិតអាសន្ន ដែលទាមទារឱ្យមានការព្យាបាលលឿនបំផុត។ ទោះយ៉ាងណា មហាជន និងគ្រួសារជនរងគ្រោះ កំពុងរង់ចាំមើលថា តើការសម្របសម្រួលផ្នែកច្បាប់ អាចឈានដល់កិច្ចព្រមព្រៀងសមរម្យមួយ ដើម្បីសង្គ្រោះជីវិតជនរងគ្រោះ បានទាន់ពេលវេលាដែរឬទេ? ខណៈជនបង្កកំពុងនៅក្រៅសំណាញ់ច្បាប់នៅឡើយ ហើយមិនអាចយករឿងកាតព្វកិច្ចហ្វឹកហ្វឺនយោធា មកបិទបាំងអំពើហិង្សារបស់ខ្លួនបានទេ។ ដូច្នេះ មហាជនសង្ឃឹមថា អាជ្ញាធរនឹងអនុវត្តច្បាប់លើជនបង្កឱ្យបានម៉ឺងម៉ាត់ គ្មានការយោគយល់ឡើយ ព្រោះបើការអនុវត្តច្បាប់មានស្ដង់ដារពីរ នោះនីតិរដ្ឋនឹងដើរត្រឡប់ថយក្រោយមិនខាន៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត