
ក្រុងខេមរភូមិន្ទ៖ បន្ទាប់ពីមានការឃាត់រថយន្ត LEXUS RX 300 មួយគ្រឿងកាលពីថ្ងៃទី១៤កញ្ញា ក្រោយសមត្ថកិច្ចសង្ស័យរថយន្តនោះដឹកទំនិញនាំចូលពីប្រទេសថៃ តាមច្រកផ្លូវទឹក។ យ៉ាងណាអាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធ បានបើកប្រតិបត្តិការស៊ើបអង្កេតបន្ទាន់មួយ ដោយបានរកឃើញឃ្លាំងស្តុកទុកទំនិញមកពីថៃ និងទំនិញត្រៀមនាំចេញឆ្លងដែនទៅក្រៅប្រទេសជាច្រើនប្រភេទ នៅផែកោះយ៉...។

លោកឧត្តមសេនីយ៍ត្រី ហេង លាង ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តកោះកុង បានឱ្យដឹងនៅក្នុងជំនួបកិច្ចប្រជុំពិភាក្សារបស់រដ្ឋបាលខេត្តកោះកុងថា កាលពីយប់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដោយមានការសម្រួលនីតិវិធីពីលោក ស៊ិន វិសុទ្ធ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្ត បានប្រទះឃើញរថយន្ត១គ្រឿង ម៉ាក LEXUS RX 300 ដែលមានផ្ទុកសម្ភារជាច្រើនប្រភេទរួមមាន៖ ទឹកត្រី៥កេស, ជញ្ជីងថ្លឹងចំនួន៥, ថ្នាំពណ៌២២កេស, សាំងក្រអូប៣សេស, ប៊ីចេង១កេស, មីម៉ាម៉ា១កេសធំ, ប្រេងខ្យង១កេស, និងប្រេងឆា១កេស។ ក្រោយធ្វើការសាកសួរម្ចាស់រថយន្ត សមត្ថកិច្ចបានបន្តនីតិវិធីចុះត្រួតពិនិត្យឃ្លាំងស្តុកទុកទំនិញមួយនៅក្នុងផែកោះយ៉ ដោយឃាត់ខ្លួនមនុស្សសរុប២នាក់ និងបារីចំនួន១៨០៩ប៊ិក ដែលពុំមានឯកសារពាក់ព័ន្ធបញ្ជាក់ពីប្រភពទំនិញ ហើយត្រូវបានសង្ស័យថា អាចជាទំនិញល្មើសច្បាប់។

ក្រោយឃាត់ខ្លួនតៃកុងរថយន្ត និងត្រួតពិនិត្យឃ្លាំងក្នុងផែកោះយ៉ រួច នៅវេលាម៉ោង១៧ៈ៣០នាទីល្ងាចថ្ងៃទី១៥ ខែកញ្ញា មន្ត្រីរដ្ឋបាលខេត្តកោះកុង ដឹកនាំដោយ លោក ហាក់ ឡេង អភិបាលរងនៃគណៈអភិបាលខេត្ត បានជួបប្រជុំពិភាក្សាការងារអំពីករណីនាំទំនិញថៃឆ្លងដែនខុសច្បាប់ ចូលមកប្រទេសកម្ពុជាតាមច្រកព្រំដែនទឹកនេះ ដោយលោកអភិបាលរងខេត្ត បានធ្វើការកត់សម្គាល់លើករណីនាំទំនិញនេះ ជាពីរករណីផ្សេងគ្នា ពោលគឺ ទី១.ការដឹកជញ្ជូនទំនិញខុសច្បាប់មកពីប្រទេសថៃ និងករណីទី២.មានឃ្លាំងស្តុកទុកទំនិញមកពីថៃខុសច្បាប់ នៅក្នុងផែកោះយ៉ ស្ថិតក្នុងភូមិ២ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា។ ចំណែក ប្រធានស្តីទីសាខាគយ និងរដ្ឋាករខេត្តកោះកុង លោក នៅ វន្នី បានលើកឡើងថា ករណីរកឃើញបារីចំនួន១៨០៩ប៊ិក នៅក្នុងឃ្លាំងស្តុកទុកទំនិញក្នុងផែកោះយ៉ នេះ អាជ្ញាធរគួរតែដកហូតបារីទាំងនោះ ប្រគល់ជូនសាខាគយ និងរដ្ឋាករខេត្តកោះកុង ជាបណ្តោះអាសន្ន ដើម្បីធ្វើកំណត់ហេតុបទល្មើសគយ តាមនីតិវិធីច្បាប់។

ភ្លាមៗ..បន្ទាប់ពីទួលបានដដំណឹងខាងលើ SBM News បានព្យាយាមសុំការបំភ្លឺបន្ថែមពី លោក ឈិត រតនៈ អភិបាលរងខេត្តកោះកុង និងជាអ្នកនាំពាក្យរដ្ឋបាលខេត្ត តាមប្រព័ន្ធទូរសព្ទ កាលពីរសៀលថ្ងៃទី១៦ ខែកញ្ញា ដោយលោកបញ្ជាក់ខ្លីថា ពាក់ព័ន្ធការបង្ក្រាបខាងលើ លោកនៅមិនទាន់ទទួលបានរបាយការណ៍ជាក់លាក់នៅឡើយទេ សម្រាប់ព័ត៌មានលម្អិតយ៉ាងណានោះ លោកនឹងជម្រាបជូននៅពេលក្រោយ។ ដោយឡែក យោងតាមការអង្កេតស្រាវជ្រាវរបស់ SBM News ចំពោះមូលដ្ឋានឃ្លាំងស្តុកទុកទំនិញថៃក្នុងផែកោះយ៉ មានដំណឹងលេចធ្លាយមកថា មានមន្ត្រីខ្នងធំជាអ្នកនៅពីក្រោយនៃអំពើរត់ពន្ធទំនិញថៃឆ្លងដែនខុសច្បាប់នេះ។ មិនតែប៉ុណ្ណោះ ចំពោះទំនិញស្តុកទុកក្នុងឃ្លាំងនៅផែកោះយ៉ ដូចជា បារីចំនួន១៨០៩ប៊ិក គឺក្រុមឈ្មួញត្រៀមនាំចេញតាមទូកទៅក្រៅប្រទេស ដោយគ្មានការអនុញ្ញាតត្រឹមត្រូវពីមន្ត្រីគយ និងរដ្ឋាករកម្ពុជាឡើយ ពោលគឺជាទំនិញគេចពន្ធឆ្លងដែនទៅប្រទេសជិតខាងខុសច្បាប់ ដូចគ្នាទៅនឹងទំនិញនាំចូលពីប្រទេសថៃ មកកម្ពុជាផងដែរ។

សូមជម្រាបថា សកម្មភាពនៃអំពើរត់ពន្ធទំនិញថៃខុសច្បាប់ចូលមកប្រទេសកម្ពុជានេះ គឺបានអនុវត្តផ្ទុយពីបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ដែលបានហាមឃាត់ទំនិញថៃគ្រប់ប្រភេទ ឆ្លងដែនចូលមកប្រទេសកម្ពុជា ដោយគ្មានការអនុញ្ញាត បន្ទាប់ពីថៃទាញទ្វារព្រំដែនបិទជាឯកតោភាគី។ មានការលើកឡើងជាសំណួរពីបងប្អូនប្រជាពលរដ្ឋថា តើមានហេតុផលអ្វី ដែលយើងត្រូវនាំទំនិញថៃឆ្លងដែនខុសច្បាប់ មកចរាចរលើទីផ្សារប្រទេសកម្ពុជា? តើភ្លេចហើយមែនទេ? អាយុជីវិតយោធា ជនស៊ីវិល ដែលបានពលី ខណៈសំណង់លំនៅឋានពលរដ្ឋ ប្រាសាទបុរាណ សាលារៀន វត្តអារាម និងសំណង់បេតិកភណ្ឌជាតិផ្សេងទៀត រងការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ជាពិសេស ជនភៀសសឹកកម្ពុជាជាង២ម៉ឺននាក់ នៅមិនទាន់អាចត្រឡប់ទៅលំនៅឋានរបស់ខ្លួនវិញបាននៅឡើយទេ ឬមួយក៏អ្នក គ្មានមនសិកាស្នេហាជាតិ និងឈឺចាប់សូម្បីតែបន្តិចទេ បានជាហ៊ានប្រព្រឹត្តអំពើក្បត់ជាតិសាសន៍ឯងបែបនេះ..?

ទោះជាយ៉ាងណាក៏ដោយ ប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេសកម្ពុជា និងអ្នករស់នៅឯនាយសមុទ្ទភាគច្រើនលើសលប់ នៅតែបន្តពហិកាមិនប្រើទំនិញថៃឡើយ និងបានសំណូមពរទៅកាន់មន្ត្រីរាជរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ សូមចាត់វិធានការច្បាប់យ៉ាងតឹងរឹងបំផុត ក៏ដូចជាស៊ើបអង្កេតករណីខាងលើឱ្យដល់ឫសគល់ ដ្បិតលេចធ្លាយដំណឹងមកថា ករណីរត់ពន្ធទំនិញខុសច្បាប់ចូលមកប្រទេសកម្ពុជានេះ ត្រូវបានមន្ត្រីខិលខូចមួយចំនួន រួមគ្នាបិទបាំងថ្នាក់លើ ព្រោះតែរងឥទ្ធិពលពីបុគ្គលមានអំណាចនៅពីក្រោយខ្នង៕








