មន្ទីរសុរិយោដីខេត្តព្រៃវែងបដិសេធ ស្ត្រីអង្គុយលេងហ្គេមក្នុងម៉ោងធ្វើការមិនមែនជាមន្ត្រីទេ ប៉ុន្តែអ្នកនាំពាក្យក្រសួងដែនដី ថាបានអប់រំមន្ត្រីនោះហើយ ចុះជាអ្វីឱ្យប្រាកដ?
ហាក់ អ៊ីឌី
2 ម៉ោងមុន

ក្រុងព្រៃវែង៖ ក្រោយផ្ទុះការរិះគន់យ៉ាងក្ដៅគគុកនៅលើបណ្តាញសង្គម ជុំវិញរូបភាព និងវីដេអូបង្ហាញពីសកម្មភាពមន្ត្រីផ្នែកសុរិយោដីម្នាក់ អង្គុយចុចទូរសព្ទដៃលេងហ្គេម ខណៈពេលកំពុងរៀបចំឯកសារប្លង់ដីធ្លីជូនពលរដ្ឋ នៅភូមិដូង ឃុំកញ្ចំ ស្រុកពារាំង ខេត្តព្រៃវែង...។

តាមរយៈគណនីហ្វេសប៊ុកដែលមានឈ្មោះថា បងណូ ចាក់សាក់ កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ បានបង្ហោះវីដេអូឃ្លីប ភ្ជាប់ជាមួយសំណេរដែលមានខ្លឹមសារថា៖«សូមមន្ត្រីថ្នាក់លើជួយមើលកូនចៅថ្នាក់ក្រោមផង រវល់ប៉ុណ្ណឹងហើយនៅឆ្លៀតលេងទូរសព្ទបានទៀត ម្នាក់ៗគេរវល់សុំច្បាប់ការងារពីភ្នំពេញ ពួកគាត់បែរជាធ្វើចរិតចឹង»។ រូបភាពទាំងអស់នោះ ត្រូវបានចែកចាយពាសពេញបណ្ដាញសង្គម ហើយត្រូវបានអ្នកលេងហ្វេសប៊ុកជាច្រើន សម្ដែងការហួសចិត្តជាខ្លាំង ចំពោះអាកប្បកិរិយារបស់មន្ត្រីរូបនោះ ដែលខ្វះស្មារតីទទួលខុសត្រូវ និងមិនឱ្យតម្លៃលើពេលវេលារបស់ប្រជាពលរដ្ឋ ដែលមកអង្គុយរង់ចាំទទួលសេវាធ្វើប្លង់ដីធ្លីមកពីចម្ងាយ បែរជាមន្ត្រីរូបនោះ អង្គុយលេងហ្គេមក្នុងម៉ោងធ្វើការរបស់រដ្ឋទៅវិញ។ 

ទោះយ៉ាងណា ក្រោយការបង្ហោះវីដេអូឃ្លីបផ្សព្វផ្សាយរបស់ពលរដ្ឋខាងលើ ស្រាប់តែមានផេកផ្លូវការរបស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រៃវែង បានបញ្ចេញមតិបកស្រាយយ៉ាងដូច្នេះថា៖សូមជម្រាបជូនជ្រាបថា គាត់គ្រាន់តែជាក្មួយរបស់មន្រ្តីដែលមកជួយចែកបណ្ណទេ មិនមែនជាមន្រ្តីសុរិយោដីឡើយ។ ទាក់ទិន និងបញ្ហាខាងលើនេះ អង្គភាពសារព័ត៌មាន SBM News បានព្យាយាមសុំការបំភ្លឺពី លោក សេង ឡូត អគ្គនាយករដ្ឋបាល និងជាអ្នកនាំពាក្យនៃក្រសួងរៀបចំដែនដីនគរូបនីយម្ម និងសំណង់ តាមប្រព័ន្ធសារអេឡិចត្រូនិក នៅព្រឹកថ្ងៃទី១៧ ខែកញ្ញានេះ ដោយលោកបញ្ជាក់ខ្លីថា៖«ខ្ញុំទើបនឹងបានដឹងដែរ និងបានណែនាំឱ្យកែប្រែហើយ»៕ 

លោក សេង ឡូត អគ្គនាយករដ្ឋបាល និងជាអ្នកនាំពាក្យក្រសួងរៀបចំដែនដីនគរូបនីយម្ម និងសំណង់ 
លោក សេង ឡូត អគ្គនាយករដ្ឋបាល និងជាអ្នកនាំពាក្យក្រសួងរៀបចំដែនដីនគរូបនីយម្ម និងសំណង់ 
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត