
រដ្ឋធានីព្យុងយ៉ាង៖ មេដឹកនាំកំពូលកូរ៉េខាងជើង លោក គឹម ជុងអ៊ុន (Kim Jong Un) បានសម្រេចដកតំណែងរដ្ឋមន្ត្រីការពារជាតិ និងធ្វើការផ្លាស់ប្ដូរក្បាលម៉ាស៊ីនដឹកនាំយោធាយ៉ាងគំហុក។ នេះបើយោងតាមការចេញផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង (KCNA) នៅថ្ងៃអាទិត្យទី៣០ ខែសីហា ឆ្នាំ២០២៦នេះ...។

កិច្ចប្រជុំដឹកនាំដោយលោក គឹម ជុងអ៊ុន លោក ណូ ក្វាងឈុល (No Kwang Chol) ត្រូវបានដកចេញពីតំណែងជារដ្ឋមន្ត្រីការពារជាតិ និងត្រូវទម្លាក់តួនាទីនៅក្នុងបក្ស ឱ្យទៅកាន់មុខតំណែងជាអនុប្រធានទី១ នៃនាយកដ្ឋានឧស្សាហកម្មយុទ្ធភណ្ឌវិញ។ ជាមួយគ្នា លោក គីម សុង ជី (Kim Song Gi) នាយកការិយាល័យនយោបាយទូទៅនៃកងទ័ពប្រជាជនកូរ៉េ ត្រូវបានតែងតាំងជារដ្ឋមន្ត្រីការពារជាតិថ្មី។ លើសពីនេះ លោក ប៉ាក ជុង ឈុន (Pak Jong Chon) ទីប្រឹក្សាការពារជាតិ ក៏ត្រូវបានដំឡើងតំណែងជាអនុប្រធានគណៈកម្មាធិការយោធាកណ្តាល និងជាសមាជិកការិយាល័យនយោបាយនៃបក្សកាន់អំណាចផងដែរ។

នៅក្នុងរបាយការណ៍ដោយឡែកមួយ KCNA បានឱ្យដឹងថា លោក គឹម ជុងអ៊ុន បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់គ្រឿងឥស្សរិយយសថ្នាក់ជាតិ ជូនដល់អ្នកវិទ្យាសាស្ត្រ និងអ្នកស្រាវជ្រាវ ដែលបានរួមចំណែកយ៉ាងធំធេងក្នុងការដោះស្រាយបញ្ហាបច្ចេកវិទ្យាយោធា និងបង្កើតប្រព័ន្ធអាវុធប្រយុទ្ធថ្មីៗ។ ទន្ទឹមនោះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបានបន្ថែមថា មជ្ឈមណ្ឌលស្រាវជ្រាវអាវុធរបស់ប្រទេស ទីបំផុតបានអភិវឌ្ឍបច្ចេកវិទ្យាពិសេសៗថ្មីៗ ដែលជួយពង្រឹងសមត្ថភាពប្រយុទ្ធក្នុងសង្គ្រាមឱ្យកាន់តែខ្លាំងក្លា បន្ទាប់ពីលោក គឹម ជុងអ៊ុន ចុះត្រួតពិនិត្យការធ្វើតេស្តគ្រាប់រ៉ុក្កែត និងកាំភ្លើងធំរយៈចម្ងាយឆ្ងាយកាលពីចុងខែមិថុនាកន្លងទៅ។

គួរបញ្ជាក់ថា ការផ្លាស់ប្ដូរក្បាលម៉ាស៊ីនយោធានេះ កើតឡើងបន្ទាប់ពីសហរដ្ឋអាម៉េរិក និងកូរ៉េខាងត្បូង បញ្ចប់សមយុទ្ធយោធារួមគ្នា ដែលត្រូវបានកាត់បន្ថយពេលវេលា តាមបញ្ជារបស់លោកប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ។ ទោះបីជាមានការបន្ធូរបន្ថយលើបំណងជួបចរចាសាជាថ្មីពីសំណាក់លោក ត្រាំ ក៏ដោយ ក៏កូរ៉េខាងជើងនៅតែបន្តធ្វើតេស្តគ្រាប់រ៉ុក្កែត និងរិះគន់ការលក់អាវុធរបស់សហរដ្ឋអាម៉េរិក ទៅឱ្យកូរ៉េខាងត្បូង។ ទន្ទឹមនោះ កងទ័ពសហរដ្ឋអាម៉េរិក កូរ៉េខាងត្បូង និងជប៉ុន គ្រោងធ្វើសមយុទ្ធយោធាត្រីភាគី ឈ្មោះថា «Freedom Edge» ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១១ ខែកញ្ញា ខាងមុខ នៅក្បែរកោះ Jeju ដើម្បីឆ្លើយតបនឹងការគំរាមកំហែងនុយក្លេអ៊ែរពីរដ្ឋធានីព្យុងយ៉ាង៕



