ស្ថានការណ៍កាន់តែតានតឹង! កូរ៉េខាងត្បូង បញ្ជូនយន្តហោះចម្បាំងដេញតាម ក្រោយយន្តហោះយោធារុស្ស៊ី ហោះចូលតំបន់ការពារអាកាស
Chanmarady Chuon
15 ម៉ោងមុន

កូរ៉េខាងត្បូង៖ កូរ៉េខាងត្បូង កាលពីថ្ងៃពុធ ទី២៦ ខែសីហា បានប្រកាសថា យន្តហោះយោធារុស្ស៊ី បានហោះចូលទៅក្នុងតំបន់កំណត់សម្គាល់ការពារអាកាស (កាឌីស KADIZ) របស់ខ្លួន ដែលជាការរំលោភបំពានលើកទី២ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។

សារព័ត៌មាន យ៉ូនហាប់ បានរាយការណ៍ថា យន្តហោះយោធារុស្ស៊ីបានហោះចូលតំបន់ KADIZ នៅជិតកោះតូចៗ គឺកោះដូកដូ (Dokdo) និងកោះអ៊ុលឡុង (Ulleung) ដែលជាដែនដីខាងកើតរបស់កូរ៉េខាងត្បូង។ អាជ្ញាធរក្រុងសេអ៊ូលបានឱ្យដឹងថា ខ្លួនបានបញ្ជូនយន្តហោះចម្បាំងចេញពីឃ្លាំងភ្លាមៗ ដើម្បីឆ្លើយតបទៅនឹងការចូលជ្រៀតជ្រែកនេះ។

គួររម្លឹកថា កាលពីចុងខែមិថុនាកន្លងទៅ យន្តហោះយោធារបស់ចិន និងរុស្ស៊ីជាង ១០គ្រឿង ក៏បានហោះចូលតំបន់ការពារអាកាសរបស់កូរ៉េខាងត្បូងផងដែរ។ កាលណោះ ក្រសួងការពារជាតិចិនបានបញ្ជាក់ថា កងកម្លាំងចិន និងរុស្ស៊ីបានល្បាតផ្លូវអាកាសជាយុទ្ធសាស្ត្រ នៅលើដែនអាកាសសមុទ្រជប៉ុន សមុទ្រចិនខាងកើត និងមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច។ ដោយឡែក ក្រសួងការពារជាតិរុស្ស៊ីបានអះអាងថា ការល្បាតនេះគឺជាផ្នែកមួយនៃផែនការកិច្ចសហប្រតិបត្តិការយោធាធម្មតា និងមិនបានតម្រង់ទិសដៅប្រឆាំងនឹងប្រទេសទី៣ឡើយ។ ទោះជាយ៉ាងណាក៏ដោយ កូរ៉េខាងត្បូងនៅតែដាក់លិខិតតវ៉ាយ៉ាងខ្លាំងទៅកាន់ក្រុងបេកាំង និងក្រុងម៉ូស្កូ ដោយទាមទារឱ្យមានវិធានការការពារ កុំឱ្យកើតមានព្រឹត្តិការណ៍បែបនេះសាជាថ្មី៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត