
ក្រុងខេមរភូមិន្ទ៖ ថនិកសត្វកម្រជិតផុតពូជចំនួន៣ប្រភេទ រួមមាន៖ សត្វក្តាន់ សត្វសំពោចធំ និងសត្វភេរោមច្រមុះ ត្រូវបានថតជាប់ជាលើកដំបូងដោយម៉ាស៊ីនថតស្វ័យប្រវត្តិ នៅតំបន់ការពារ និងអភិរក្ស ក្នុងភូមិសាស្ត្រស្រុកស្រែអំបិល ខេត្តកោះកុង។ ក្រសួងបរិស្ថាន ប្រកាសព័ត៌មាននេះ នៅល្ងាចថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦...។

រូបថត និងវីដេអូជាច្រើន ត្រូវបានថតជាប់ចាប់ពីខែតុលា ឆ្នាំ២០២៥ ដល់ខែមករា ឆ្នាំ២០២៦ ក្នុងការសិក្សាស្រាវជ្រាវជីវៈចម្រុះ ដែលជាកិច្ចសហការរវាងក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ FCEE និង WCS ព្រមទាំងសហគមន៍មូលដ្ឋាន។ សត្វក្តាន់ ត្រូវបានគេរកឃើញជាថ្មី នៅខេត្តក្រចេះ ក្នុងឆ្នាំ២០០៦ ដូច្នេះភស្តុតាងនៃវត្តមានជាថ្មីរបស់ប្រភេទនេះ គឺជាព័ត៌មានដ៏គួរឱ្យរំភើបរីករាយ។ ស្រដៀងគ្នានេះដែរ កំណត់ត្រាថ្មីរបស់សត្វភេរោមច្រមុះ គឺជាកំណត់ត្រាដ៏មានសារសំខាន់។ សត្វភេរោមច្រមុះ គឺជាប្រភេទសត្វកម្របំផុតនៅក្នុងពិភពលោក ហើយប្រភេទសត្វនេះមានវត្តមានតែនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ប៉ុណ្ណោះ។ តែទោះជាយ៉ាងណាក៏ដោយ មានគេស្គាល់តិចតួចណាស់អំពីប្រភេទនេះ ហើយក៏ពុំអាចសន្និដ្ឋានដឹងបានដែរថា តើវានៅចំនួនប៉ុន្មានក្នុងធម្មជាតិ។ អ្វីដែលកាន់តែគួរឱ្យសោកស្ដាយជាងនេះទៅទៀតនោះ គឺចំនួនរបស់ពួកវាហាក់ដូចជា កំពុងថយចុះ ដោយសារកត្តាគំរាមកំហែងមួយចំនួនដូចជា ការបាត់បង់ទីជម្រក ការបំពុលបរិស្ថាន និងការប្រមាញ់ខុសច្បាប់។

ដោយឡែក ចំពោះសត្វសំពោចធំ មានការថយចុះយ៉ាងគំហុកជាសកល ក៏ប៉ុន្តែប្រទេសកម្ពុជា ទំនងជាមានចំនួនសត្វនេះច្រើនជាងគេ ព្រោះកម្ពុជាមានដែនជម្រកសត្វព្រៃស្រែពក ក្នុងខេត្តមណ្ឌលគិរី ជាទីជម្រកចុងក្រោយមួយដែលមានសក្តានុពល សម្រាប់ប្រភេទសត្វនេះ។ អ្វីដែលកាន់តែគួរឱ្យរំភើបជាងនេះទៅទៀតនោះ គឺ កំណត់ត្រាលើកដំបូងនៃសត្វសំពោចធំ នៅក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង ថតជាប់ជាគ្រួសារមួយដែលមានមេ ១ក្បាល និងកូនចំនួន២ក្បាល ជាកំណត់ត្រាដ៏កម្រ និងជាភស្តុតាងដែលបញ្ជាក់អំពីការបង្កាត់ពូជ។ ក្រុមអ្នកអភិរក្សបានចាត់ទុកការរកឃើញថនិកសត្វកម្រជិតផុតពូជទាំង៣ប្រភេទនេះថា ជាទិន្នន័យសំខាន់សម្រាប់បន្តការសិក្សា តាមដាន និងពង្រឹងការការពារជម្រកសត្វព្រៃ និងជីវៈចម្រុះនៅតំបន់ដីសើម និងប្រព័ន្ធព្រែកស្រែអំបិល។

អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា មានប្រសាសន៍ថា តំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង ភូមិសាស្ត្រស្រុកស្រែអំបិល ខេត្តកោះកុង គឺជាប្រព័ន្ធអេកូឡូស៊ីតំបន់ដីសើម តំបន់ឆ្នេរដ៏មានសារសំខាន់ដូចជា ប្រព័ន្ធព្រែក ព្រៃកោងកាង វាលភក់ និងតំបន់ដីមមោក ដែលជាទីជម្រកសម្រាប់ប្រភេទជីវចម្រុះសំខាន់ៗ ជាពិសេស ប្រភេទសត្វកម្រ។ ជាក់ស្តែង ការប្រទះឃើញប្រភេទសត្វជិតផុតពូជទាំងនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តដ៏មុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធានានូវការរស់រានតជំនាន់នៃសត្វព្រៃកម្រ តាមរយៈការអនុវត្តយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ ជាពិសេស សសរស្តម្ភទី២ «ភាពបៃតង» ក្នុងការពង្រឹងប្រសិទ្ធភាពក្នុងការគ្រប់គ្រងតំបន់ការពារធម្មជាតិ ការស្តារ ធនធានធម្មជាតិ និងការអនុវត្តច្បាប់៕






