ជម្លោះដែនសមុទ្ទកម្ពុជា-ថៃ៖ ម៉ាស៊ីនដោះស្រាយបញ្ហា UNCLOS ចាប់ផ្តើមបញ្ឆេះហើយ
S
Soriya Sou
10 កញ្ញា 2026 10:30 AM

រាជធានីភ្នំពេញ៖ គណៈកម្មការផ្សះផ្សា នៃអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្ទ (UNCLOS) នឹងប្រជុំលើកដំបូងរវាងភាគីតំណាងកម្ពុជា និងថៃ នៅប្រទេសសិង្ហបុរី ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦។ យន្តការផ្សះផ្សាដោយបង្ខំនេះ ត្រូវបានគេរំពឹងថា នឹងជួយឱ្យកម្ពុជា-ថៃ ឈានដល់ដំណោះស្រាយដ៏យុត្តិធម៌។ ក្រសួងការបរទេសកម្ពុជា ប្រកាសដំណឹងនេះ កាលពីយ​ប់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦…។

លោកឧបនាយក រដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំនេះ​ ក្នុងនាមជាភ្នាក់ងារកម្ពុជា ខណៈលោក ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុកលេខាធិការដ្ឋានកិច្ចការព្រំដែន ជាភ្នាក់ងាររង រួមជាមួយគណៈប្រតិភូ និងក្រុមការងារច្បាប់កម្ពុជា ជាច្រើនរូបទៀត។ ភាគីកម្ពុជា និងថៃ នឹងថ្លែងសុន្ទរកថា បើក នៅវេលាម៉ោង៨:០០ព្រឹកថ្ងៃទី១៥ ខែកញ្ញា ម៉ោងនៅកម្ពុជា (ត្រូវនឹងម៉ោង៩:០០ព្រឹក ម៉ោងនៅប្រទេសសិង្ហបុរី) ហើយនឹងបើកផ្សាយដោយផ្ទាល់ជាសាធារណៈ ជាភាសាខ្មែរ អង់គ្លេស និងថៃ។ កិច្ចប្រជុំគណៈកម្មការផ្សះផ្សាដោយបង្ខំ ក្រោមឧបសម្ព័ន្ធទី៥ នៃអនុសញ្ញា UNCLOS ត្រូវបានភាគីកម្ពុជា ចាត់ទុកជាព្រឹត្តិការណ៍សំខាន់មួយទៀត ក្នុងដំណើរតាមសន្តិវិធី ដែលកម្ពុជាបានផ្តួចផ្តើមឡើង ដើម្បីដោះស្រាយទំនាស់លើដែនសមុទ្ទ រវាងប្រទេសទាំងពីរ។

លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា
លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា

កាលពីឆ្នាំ២០១៨ យន្តការផ្សះផ្សាដោយបង្ខំនេះ ធ្លាប់ត្រូវបានប្រើប្រាស់ដោយជោគជ័យ រវាងប្រទេសទីម័រខាងកើត និងអូស្ត្រាលី។ ដូច្នេះ កម្ពុជាសង្ឃឹមថា ដំណើរការនេះ អាចជួយកម្ពុជា និងថៃ ឱ្យឈានដល់ដំណោះស្រាយដ៏យុត្តិធម៌ និងយូរអង្វែងចំពោះទំនាស់លើដែនសមុទ្ទរបស់ប្រទេសទាំងពីរ រួមទាំងឱកាសក្នុងការរុករកធនធនធានប្រេង និងឧស្ម័នដ៏ច្រើននៅក្នុងតំបន់ទាមទារត្រួតគ្នា ដើម្បីផលប្រយោជន៍របស់ប្រទេសទាំងពីរ នៅក្នុងពេលដ៏សំខាន់មួយ សម្រាប់សន្តិសុខថាមពលក្នុងតំបន់។ កម្ពុជាក៏នៅតែមានក្ដីជឿជាក់យ៉ាងមុតមាំថា ច្បាប់អន្តរជាតិ គឺជាមូលដ្ឋានគ្រឹះសម្រាប់ការដោះស្រាយជម្លោះរវាងរដ្ឋនានា ដោយសន្តិវិធី ហើយកម្ពុជាប្ដេជ្ញាចូលរួមក្នុងដំណើរការនេះ ដោយសុចរិត និងក្នុងស្មារតីសហប្រតិបត្តិការ ដោយមានទំនុកចិត្តពេញលេញចំពោះគណៈកម្មការផ្សះផ្សានេះ។

សូមជម្រាបថា កម្ពុជាបានងាកទៅរកការផ្សះផ្សាដោយបង្ខំ បន្ទាប់ពីប្រទេសថៃបានបញ្ចប់ដោយឯកតោភាគី នូវក្របខ័ណ្ឌកិច្ចព្រមព្រៀងទ្វេភាគីតែមួយគត់ ដែលប្រទេសទាំងពីរ បានប្រើជាមូលដ្ឋានសម្រាប់ការចរចាលើការទាមទារតំបន់សមុទ្ទត្រួតគ្នាអស់រយៈពេលជាងពីរទសវត្សរ៍មកហើយ។ ការបញ្ចប់ដោយឯកតោភាគី នូវក្របខ័ណ្ឌកិច្ចព្រមព្រៀងដែនសមុទ្ទជាមួយកម្ពុជា ធ្វើឡើងស្របពេលយោធាថៃកំពុងឈ្លានពាន និងបន្តកាន់កាប់ទឹកដីកម្ពុជា តាមបណ្ដោយព្រំដែនដោយខុសច្បាប់ ជាច្រើនទីតាំង៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត