
រដ្ឋធានីញូវដេលី៖ អភិបាលរដ្ឋធានីញូវដេលី បានថ្លែងនៅថ្ងៃចន្ទទី៧ ខែកញ្ញានេះថា មនុស្សយ៉ាងហោចណាស់៦នាក់បានបាត់បង់ជីវិត និងជាច្រើននាក់ផ្សេងទៀតបានរងរបួស បន្ទាប់ពីអគារស្នាក់នៅរបស់សិស្សនិស្សិតមួយកន្លែង បាក់រលំ ខណៈក្រុមអ្នកសង្គ្រោះកំពុងប្រញាប់ប្រញាល់ស្វែងរកអ្នកជាប់នៅក្រោមម្ទេចអគារបាក់បែក...។

អគារនោះមានជាន់ក្រោមដី១ជាន់ និងជាន់លើចំនួន៥ជាន់ ស្ថិតនៅភាគខាងត្បូងនៃរដ្ឋធានីញូវដេលី ក្បែរតំបន់សាកលវិទ្យាល័យ និងមហាវិទ្យាល័យ ដែលត្រូវបានប្រើប្រាស់ជាកន្លែងស្នាក់នៅរបស់សិស្សនិស្សិត។ នេះបើយោងតាមការរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។ លោកស្រី រេខា ហ្កាប់តា (Rekha Gupta) អភិបាលរដ្ឋធានី បានថ្លែងប្រាប់អ្នកសារព័ត៌មានថា៖«វាជារឿងពិតប្រាកដ ដែលថាមានទឹកដក់នៅជាន់ក្រោមដីនៃអគារ ហើយដោយសារតែការកកស្ទះទឹក បូករួមទាំងការជួសជុលដែលកំពុងដំណើរការ ទើបបណ្ដាលឱ្យអគារចាស់មួយនេះ បាក់រលំតែម្ដង»។

រូបភាពបន្ទាប់ពីការបាក់រលំ បង្ហាញពីគំនរដុំឥដ្ឋ និងសសរបេតុងបាក់បែកនៅកន្លែងកើតហេតុ ដោយមានកម្លាំងនគរបាល ក្រុមសង្គ្រោះ និងប្រជាពលរដ្ឋក្នុងស្រុក កំពុងរួមគ្នាកកាយស្វែងរកអ្នកនៅរស់រានមានជីវិត ដែលបាននិងកំពុងជាប់គាំងនៅឯខាងក្រោមគំនរអគារ។ តាមការរាយការណ៍ពីប៉ុស្តិ៍ទូរទស្សន៍ក្នុងស្រុក អាជ្ញាធរមានសមត្ថកិច្ច កំពុងស្វែងរកខ្លួនម្ចាស់អគារនោះ មកធ្វើការសាកសួរ និងទទួលខុសត្រូវ។ គួរបញ្ជាក់ផងដែរថា ករណីបាក់រលំអគារតែងកើតឡើងជាញឹកញាប់ នៅក្នុងប្រទេសឥណ្ឌា ជាពិសេស នៅក្នុងតំបន់ប្រជុំជនដ៏កកកុញ ដែលការសាងសង់គ្មានច្បាប់អនុញ្ញាត និងការអនុវត្តច្បាប់នៅមានកម្រិតនៅឡើយ៕




