
កីឡា៖ ក្លិបបាល់ទាត់ភ្នំពេញក្រោន បានធ្វើឱ្យអ្នកគាំទ្ររបស់ខ្លួនភ្ញាក់ផ្អើល និងរីករាយជាខ្លាំង ក្រោយនាំចូលកីឡាករកូនកាត់ឥណ្ឌា-អ៊ីតាលី ដែលជាខ្សែប្រយុទ្ធវ័យក្មេង ឈ្មោះ អាមៀ លូកា ត្រូពានណូ (Amir Luca Tropeano) ដែលមានអាយុទើបតែ១៦ឆ្នាំ ឱ្យចូលរួមប្រកួតប្រជែងពានរង្វាន់លំដាប់ទ្វីបអាស៊ី AFC Champions League Two និងលីកកំពូលកម្ពុជា រដូវកាល ២០២៦-២០២៧…។

យុវជនឆ្នើមរូបនេះ ដើរតួនាទីជាខ្សែប្រយុទ្ធ និងជាទំពាំងស្នងឫស្សីចេញពីក្រុមថ្នាល U-18 របស់ក្រុមភ្នំពេញក្រោន។ កីឡាករ អាមៀ លូកា ត្រូពានណូ បច្ចុប្បន្នកំពុងសិក្សានៅសាលារៀនឯកជនមួយ ក្នុងរាជធានីភ្នំពេញ។ ទោះជាមានវ័យក្មេងខ្ចីក៏ពិតមែន ប៉ុន្តែសមត្ថភាពរបស់គេមិនធម្មតាឡើយ! មិនធម្មតា! ក៏ព្រោះរូបគេធ្លាប់ឈ្នះពានរង្វាន់បុគ្គលឆ្នើម ឬកីឡាករលេងល្អជាងគេក្នុងការប្រកួត (Best Player) ប្រចាំពានរង្វាន់លីគយុវជន U-16 កាលពីរដូវកាល២០២៥-២០២៦កន្លងទៅ។

ទោះបីនេះ គ្រាន់តែជាការបញ្ជូនបញ្ជីឈ្មោះផ្លូវការ ហើយការសម្រេចជ្រើសរើសជម្រើស១១នាក់ដំបូងលើទីលាន ស្ថិតនៅលើការសម្រេចចិត្តរបស់គ្រូបង្វឹកក៏ដោយ ក៏អ្នកគាំទ្របាល់ទាត់កម្ពុជា សម្ដែងក្ដីរំភើប និងចង់ឃើញទម្រង់លេងរបស់យុវជនកូនកាត់រូបនេះជាខ្លាំងផងដែរ។ មហាជន កំពុងទន្ទឹងរង់ចាំមើលថា តើកីឡាករ អាមៀ លូកា ត្រូពានណូ អាចបង្ហាញសមត្ថភាពបានល្អកម្រិតណា ប្រសិនបើរូបគេទទួលឱកាសបង្ហាញខ្លួននៅលើទីលានប្រកួតកម្រិតទ្វីបអាស៊ីមួយនេះ។ តាមរយៈការបណ្ដុះ និងផ្តល់ឱកាសដល់យុវជនថ្នាលឱ្យឈានជើងចូលរួមក្នុងព្រឹត្តិការណ៍ធំៗ ត្រូវបានគេមើលឃើញថា ជាយុទ្ធសាស្ត្រដ៏វែងឆ្ងាយរបស់ភ្នំពេញក្រោន ក្នុងការបន្តពង្រឹងកម្លាំងប្រយុទ្ធ និងអភិវឌ្ឍន៍ធនធានកីឡាករបាល់ទាត់ជំនាន់ក្រោយ សម្រាប់កម្ពុជា។

គួរជម្រាបផងដែរថា សម្រាប់ការប្រកួតពានរង្វាន់លំដាប់ទ្វីប AFC Champions League Two រដូវកាល ២០២៦-២០២៧ ជុំសន្សំពិន្ទុតាមពូល នាថ្ងៃព្រហស្បតិ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០២៦នេះ ក្លិបតំណាងកម្ពុជាទាំងពីរ នឹងត្រូវប្រកួតជើងទីមួយយ៉ាងសំខាន់ ក្នុងនោះ សិង្ហក្រហមភ្នំពេញក្រោន ត្រូវបើកទ្វារកីឡដ្ឋានទទួលស្វាគមន៍ក្រុម Kuching City FC មកពីប្រទេសម៉ាឡេស៊ី នាពហុកីឡដ្ឋានជាតិមរតកតេជោ ខណៈដែល ព្រះខ័នរាជ្យស្វាយរៀង ត្រូវធ្វើដំណើរទៅជប៉ុន ដើម្បីតតាំងជាមួយក្រុម FC Machida Zelvia នៅឯកីឡដ្ឋាន Machida Stadium៕





