គ្រូភ្នំពេញក្រោន៖ បើអត់មាន ស៊ូ យ៉ាទី គឺជាផលចំណេញសម្រាប់ក្រុមនៅល្ងាចនេះ
Serichopon Ye
08 ធ្នូ 2023 10:15 AM

(បាល់ទាត់)៖ គ្រូបង្វឹករបស់ក្រុមសិង្ហក្រហមភ្នំពេញក្រោន លោក អូឡេក ស្តារីនស្គី យល់ឃើញថា ការអវត្តមានរបស់អ្នកចាំទី ស៊ូ យ៉ាទី អាចនឹងមានផលចំណេញខ្លះៗសម្រាប់លោកក្នុងការរៀបចំកូនក្រុមទាត់បំប៉ោងសំណាញ់ទីគូប្រកួត។ លោកថា វត្តមានរបស់កីឡាករ ស៊ូ យ៉ាទី នឹងធ្វើឱ្យខ្សែការពាររបស់ក្រុមណាហ្គាមានភាពជឿជាក់ខ្លាំង និងរៀបចំការលេងដោយភាពជឿជាក់ យល់ចិត្តគ្នា និងស៊ីចង្វាក់បានយ៉ាងល្អ...។

ជាការពិតណាស់! ការអវត្តមានរបស់អ្នកចាំទី ស៊ូ យ៉ាទី ក្នុងជំនួបសប្តាហ៍ទី១៣ នៃក្របខណ្ឌលីគកំពូលកម្ពុជា ដែលក្រុមភ្នំពេញក្រោន បើកទ្វារកីទ្បដ្ឋាន Smart RSN ទទួលស្វាគមន៍ក្រុមភ្ញៀវមកពីខេត្តកំពង់ស្ពឺណាហ្គាវើលដ៍ នាល្ងាចនេះ ដោយសាររូបគេបានធ្វើដំណើរទៅកាន់ប្រទេសអង់គ្លេស ដើម្បីទៅទស្សនាកិច្ចក្នុងជំនួបរវាងក្រុម Aston Villa តទល់នឹង Arsenal ក៏ដូចជាការទៅមើលទីតាំងហ្វឹកហាត់នៅឯកីទ្បដ្ឋាន Villa Park រយៈពេល១សប្តាហ៍ឯណោះ។ មិនត្រឹមតែប៉ុណ្ណោះ ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា ក៏ត្រូវបានក្លឹបបាល់ទាត់ Aston Villa អញ្ជើញទៅទស្សនកិច្ចនេះផងដែរ។ 

ស៊ូ យ៉ាទី 
ស៊ូ យ៉ាទី 

យ៉ាងណា ការអវត្តមានរបស់អ្នកចាំទី ស៊ូ យ៉ាទី លោក អូឡេក ស្តារីនស្គី បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅឯកីទ្បដ្ឋាន Smart RSN កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣ ថា៖«សម្រាប់ ស៊ូ យ៉ាទី គឺជាអ្នកចាំទីល្អ ក៏ដូចជាកីទ្បាករសំខាន់របស់ក្រុមណាហ្គា និងជាអ្នកដឹកនាំក្រុមលេងផងដែរ។ នៅពេលមានវត្តមានគេចូលលេង គឺតែងតែធ្វើឱ្យខ្សែការពាររបស់ក្រុមណាហ្គា មានភាពជឿជាក់ខ្លាំងមែនទែនក្នុងការរៀបចំការលេង ក៏ព្រោះតែធ្វើឱ្យក្រុមការងារពួកគេទាំងមូលមានការយល់ពីចិត្តគ្នា និងស៊ីចង្វាក់់គ្នាល្អ»។ លោកបន្តថា៖ «ជាការពិតណាស់! ការអវត្តមានរបស់ ស៊ូ យ៉ាទី ក៏មានផលចំណេញខ្លះៗ ប៉ុន្តែខ្ញុំគិតថា រឿងរ៉ាវទាំងអស់ គឺទាក់ទងនឹងការរៀបចំក្រុមរបស់គ្រូបង្វឹក ក៏ដូចជាកីទ្បាករផងដែរ។ ប្រសិនបើមិនមានវត្តមានកីទ្បាករសំខាន់ៗ វានឹងធ្វើឱ្យគ្រូបង្វឹកមានភាពឈឺក្បាលបន្តិច ប៉ុន្តែទាំងលោកគ្រូ បូរី (ណាហ្គា) និងខ្លួនខ្ញុំខ្លួនផ្ទាស់ ក៏មានការលំបាកក្នុងការជ្រើសរើសកីទ្បាករចូលលេងដូចគ្នា ព្រោះតែសុទ្ធសឹងជាកីទ្បាករសំខាន់ៗក្នុងក្រុមពេលប្រកួត»។ 

គួររំឭកដែរថា កាលពីសប្តាហ៍មុន អ្នកចាំទី ស៊ូ យ៉ាទី បានក្លាយជាតួរអង្គដ៏សំខាន់ក្នុងក្រុម ក៏ដូចជាជាប់ឈ្មោះជាកីទ្បាករល្អជាងគេប្រចាំការប្រកួត បន្ទាប់ពីជួយសង្គ្រោះបាល់ជាច្រើនដង ពេលប្រកួតយកឈ្នះលើក្រុមកំពូលតារាង នៃក្របខណ្ឌលីគកំពូលកម្ពុជា ព្រះខ័នរាជស្វាយរៀង ក្នុងលទ្ធផល ១-០ នៅឯកីទ្បដ្ឋានខេត្តកំពង់ស្ពឺ..៕

សូមទស្សានាវីដេអូរព័ត៌មាននៅខាងក្រោម៖

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត