គ្រូ Macarthur FC ថាភ្នំពេញក្រោនពូកែលេងបាល់បោះពីក្រោយខ្នងខ្សែការពារ និងមានចលនាល្អនៅលើទីលាន
Serichopon Ye
27 តុលា 2023 10:30 AM

(បាល់ទាត់)៖ គ្រូបង្គោលរបស់ក្រុម Macarthur FC លោក ម៉ាល ស្ទើរចូស្គី Mile Sterjovski មើលឃើញថា ក្រុមម្ចាស់ផ្ទះមានចំណុចខ្លាំងត្រង់ពួកគេពូកែលួចបោះបាល់ពីក្រោយខ្នងរបស់ខ្សែការពាររបស់លោក ហើយខ្សែប្រយុទ្ធមានចលនាល្អ និងមានភាពបត់បែននៅលើទីលាន ជាហេតុនាំឱ្យពួកគេទទួបានជ័យជម្នះ ៣-០ កាលពីយប់មិញ..។

ថ្លៃងនៅក្នុងសន្និសីទសារព័ត៌មានក្រោយចប់ការប្រកួត គ្រូបង្គោលរបស់ក្រុម Macarthur FC លោក លោក ម៉ាល ស្ទើរចូស្គី បាននិយាយថា៖«ជាការពិតណាស់! យើងដឹងស្រាប់ហើយ នេះជាការប្រកួតដ៏លំបាក ពួកគេជាក្រុមមួយដ៏ល្អ អ៊ីចឹងហើយពួកគេពិតជាសក្តិសមនឹងទទួលបានជ័យជម្នះនេះ»។ លោកបន្តថា៖«ខ្ញុំមើលឃើញពីចំណុចខ្លាំងរបស់ក្រុមភ្នំពេញក្រោន ត្រង់ចំណុចពួកគេពូកែបោះបាល់ពីក្រោយខ្នងរបស់ខ្សែការពារ និងមានចលនាល្អនៅលើទីលាន។ ជាចុងក្រោយ ខ្ញុំពិតជារីករាយដែលទទួលស្វាគមន៍ទ្បើងកក់ក្ដៅពីសំណាក់ក្រុមម្ចាស់ផ្ទះ ប៉ុន្តែខ្ញុំក៏មិនសូវសប្បាយចិត្តនឹងលទ្ធផលនៃការប្រកួត ក៏ដូចជាទម្រង់លេងរបស់ពួកយើងនៅពេលនេះដែរ»។

នៅក្នុងជំនួបទី៣ នៃពានរង្វាន់ AFC Cup វគ្គជម្រុះតាមពូល F ក្រុមម្ចាស់ផ្ទះភ្នំពេញក្រោន បានយកឈ្នះលើក្រុមខ្លាំងពីប្រទេសអូស្ត្រាលី Macarthur FC ដោយបញ្ចប់លទ្ធផល ៣-០ នៅឯពហុកីទ្បដ្ឋានជាតិអូទ្បាំពិក ក្រោមខ្សែភ្នែកអ្នកចូលរួមទស្សនាប្រមាណ៤៧៨៩នាក់។ ៣គ្រាប់របស់ក្រុមសិង្ហក្រហម រកបានដោយកីទ្បាករស៊ីនតារ៉ូ ស៊ីមិហ្សុ Shintaro Shimizu ២គ្រាប់ម្នាក់ឯង និង១គ្រាប់ទៀតរកបានដោយកីទ្បាករ ផាច សុជាវីឡា ខណៈដែលក្រុម Macarthur FC ក្រោមការដឹកនាំរបស់លោក លោក ម៉ាល ស្ទើរចូស្គី មិនមានឱកាសស៊ុតឱ្យចំគោលដៅសូម្បីម្ដងទ្បើយ។ លទ្ធផលនេះ បានធ្វើឱ្យក្រុមភ្នំពេញក្រោន ទ្បើងទៅឈរនៅលើកំពូលតារាងក្នុងពូល F ដោយមាន៩ពិន្ទុក្នុងដៃ និងមិនទាន់របូតគ្រាប់ស៊ុតឱ្យទៅគូប្រកួត។

កីទ្បាករ Shintaro Shimizu
កីទ្បាករ Shintaro Shimizu

សូមបញ្ជាក់ថា ក្រុមសិង្ហក្រហមភ្នំពេញក្រោន ដឹកនាំដោយបុរសខ្លាំងសញ្ជាតិអ៊ុយក្រែនវ័យ៣៧ឆ្នាំ អូឡេក ស្តារីនស្គី (Oleg Starynskyi) មិនទាន់របូតគ្រាប់បាល់១គ្រាប់ទ្បើយនៅវគ្គជម្រុះតាមពូល F នៃពានរង្វាន់លំដាប់ទី២ របស់ទ្វីបអាស៊ី AFC Cup ឆ្នាំ២០២៣-២៤ នេះ៕

អ្នកគាំទ្ររបស់ក្រុមភ្នំពេញក្រោន
អ្នកគាំទ្ររបស់ក្រុមភ្នំពេញក្រោន

សូមទស្សនាវីដេអូរព័ត៌មាននៅខាងក្រោម៖

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត