
(បាល់ទាត់)៖ តើអ្នកគាំទ្រមានពាក្យអ្វីជូនពរក្រុមសិង្ហក្រហមភ្នំពេញក្រោនទេ..? រសៀលនេះពួកគេនឹងចាកចេញពីប្រទេសកម្ពុជា ដើម្បីធ្វើដំណើរទៅកាន់ទឹកដីអូស្ត្រាលី ចូលរួមប្រកួតជើងទី២ ជាមួយក្រុម Macarthur FC ដែលជាគូរប្រជែងដ៏គ្រោះថ្នាក់ក្នុងពូល F នៃពានរង្វាន់ AFC Cup វគ្គជម្រុះតាមពូល..។

ជាការពិតណាស់ យើងក៏ធ្លាប់ដឹងពីមុនមកហើយថា សិង្ហក្រហមភ្នំពេញក្រោន ជាក្រុមតំណាងកម្ពុជាក្នុងពានរង្វាន់លំដាប់ទី២របស់ទ្វីបអាស៊ី AFC Cup ឆ្នាំ២០២៣-២៤ ក្នុងតំបន់អាស៊ាន។ ជាពិសេស ក្រុមដែលមានមូលដ្ឋាននៅរាធានីភ្នំពេញមួយនេះ ដឹកនាំដោយបុរសខ្លាំងសញ្ជាតិអ៊ុយក្រែនវ័យ៣៧ឆ្នាំ លោកគ្រូ អូឡេក ស្តារីនស្គី ក៏កំពុងតែធ្វើព្យុះភ្លៀងនៅក្នុងពូល F ផងដែរ បន្ទាប់ពីលេង៣ប្រកួតក្នុងជើងទី១ គឺមិនទាន់របូតគ្រាប់បាល់១គ្រាប់ទ្បើយ ពោលគឺពេលលេងតទល់នឹងក្រុម Cebu FC (ហ្វីលីពីន) នៅក្រៅដីយកឈ្នះ ០-៣, ក្រុម Shan United (ភូមា) នៅក្នុងដី យកឈ្នះ ៤-០ និងឈ្នះលើក្រុម Macarthur FC ៣-០ នៅអូទ្បាំពិកបន្ថែមទៀតផងដែរ..។

យ៉ាងណា សម្រាប់ក្រុមភ្នំពេញក្រោន ២ប្រកួតចុងក្រោយលេងនៅក្នុងលីគកំពូលកម្ពុជា CPL កន្លងទៅនេះ ពួកគេចាញ់១ និងស្មើ១ ដោយស្ថិតនៅលេខរៀងទី២។ ចំណែកឯក្រុម Macarthur FC ដែលជាក្រុមកំពុងទ្បើងជើងនោះកំពុងតែឈរនៅលេខរៀងទី៤ នៃលីគកំពូលអូស្ត្រាលី A-League 1 ដោយលេង២ប្រកួត គឺឈ្នះទាំងអស់..។ ដូច្នេះហើយ សម្រាប់ការប្រកួតជើងទី២ ក្នុងដីពួកគេ ក្រុមភ្នំពេញក្រោនហាក់ដូចជាលំបាកបន្តិចហើយ។ សូមបញ្ជាក់ថា ការប្រកួតជើងទី២ រវាងក្រុមម្ចាស់ផ្ទះ Macarthus FC និងក្រុមភ្នំពេញក្រោន នឹងត្រូវធ្វើទ្បើងនៅឯកីទ្បដ្ឋាន Campbelltown Stadium នាឯភាគខាងលិចទីក្រុងស៊ីដនី វេលាម៉ោងនៅកម្ពុជា១៥:០០ រសៀលថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខ..៕





