ព្រឹត្តិការណ៍ការប្រកួតជើងឯកគុនខ្មែរទ្វីបអាស៊ី លើកទី១ នៅវៀតណាម អត្តពលិកកម្ពុជាដណ្តើមបានមេដាយ៧១គ្រឿង
Chanmarady Chuon
08 កញ្ញា 2026 04:33 PM

គុនខ្មែរ៖ កម្ពុជាបានបង្កើតប្រវត្តិសាស្ត្រថ្មី និងលើកស្ទួយកេរ្តិ៍ឈ្មោះក្បាច់គុនបុរាណខ្មែរនៅលើឆាកអន្តរជាតិយ៉ាងត្រចះត្រចង់ ក្នុងព្រឹត្តិការណ៍ការប្រកួតជ្រើសរើសជើងឯកគុនខ្មែរទ្វីបអាស៊ី លើកទី១ (1st Asian Kun Khmer Championship 2026) ដែលបានបិទបញ្ចប់ទៅដោយជោគជ័យ និងស្នាមញញឹម កាលពីយប់ថ្ងៃចន្ទទី០៧ ខែកញ្ញា ឆ្នាំ២០២៦ នៅទីក្រុងព្រែកឫស្សី(កឹងថឺ) ទឹកដីកម្ពុជាក្រោម បច្ចុប្បន្នស្ថិតនៅប្រទេសវៀតណាម...។

ឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញរយៈពេល៤ថ្ងៃកន្លងមក ក្រុមអត្តពលិកគុនខ្មែររបស់ប្រទេសកម្ពុជា បានបង្ហាញសមត្ថភាពយ៉ាងលេចធ្លោ និងដណ្ដើមបានមេដាយមាសច្រើនជាងគេបង្អស់បន្ទាប់ពីរៀតណាម នាំមុខបណ្តាប្រទេសជាសមាជិកទាំង១០ទៀតដែលបានចូលរួម។ សមិទ្ធផលមេដាយសរុបរបស់កម្ពុជា គឺដណ្តើមបានមេដាយមាស៣៥គ្រឿង, មេដាយប្រាក់២៧គ្រឿង និងមេដាយសំរឹទ្ធ៩គ្រឿង ឈរនៅលេខរៀងទី២ មាន៧១មេដាយសរុប ខណៈប្រទេសវៀតណាមដណ្តើមបានមេដាយមាស៣៨គ្រឿង ប្រាក់៣០គ្រឿង និងមេដាយសំរឹទ្ធ៧គ្រឿង សរុប៧៥គ្រឿងឈរចំណាត់ថ្នាក់លេខ១ ក្នុងនាមជាម្ចាស់ផ្ទះរៀបចំការប្រកួត។

ទន្ទឹមនឹងជោគជ័យដ៏ត្រចះត្រចង់នេះ លោក ខូវ ឆាយ អគ្គលេខាធិការសហព័ន្ធគុនខ្មែរអន្តរជាតិ បានគូសបញ្ជាក់អំពីផែនការការងារបន្តបន្ទាប់ទៀត ជាមួយបណ្តាសមាជិកគុនខ្មែរអន្តរជាតិទាំងអស់ ដើម្បីរៀបចំព្រឹត្តិការណ៍ធំៗជាបន្តបន្ទាប់ទៅថ្ងៃខាងមុខទៀត។ ក្នុងនោះ ប្រទេសឥណ្ឌូណេស៊ី បានសុំសិទ្ធិទទួលធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការប្រកួតជើងឯកគុនខ្មែរទ្វីបអាស៊ី លើកទី២ នៅឆ្នាំក្រោយ មុនពេលព្រឹត្តិការណ៍ស៊ីហ្គេម (SEA Games) ចូលមកដល់ ខណៈប្រទេសវៀតណាម ក៏គ្រោងស្នើសុំធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍ប្រកួតជើងឯកគុនខ្មែរពិភពលោក លើកទី៨ ឆ្នាំ២០២៧ បន្តទៀតផងដែរ។ សូមជម្រាបថា ជ័យជម្នះដ៏អស្ចារ្យនេះ និងទិសដៅពង្រីកខ្លួនយ៉ាងសកម្ម មិនត្រឹមតែជាមោទកភាពជាតិប៉ុណ្ណោះទេ ប៉ុន្តែវាបានបញ្ជាក់យ៉ាងច្បាស់ថា «គុនខ្មែរ» កំពុងបោះជំហានយ៉ាងរឹងមាំ និងល្បីល្បាញសុសសាយនៅក្នុងតំបន់ និងពិភពលោក៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត