
រដ្ឋធានីសេអ៊ុល៖ នៅព្រឹកថ្ងៃពុធទី១៦ ខែកញ្ញានេះ តុលាការកូរ៉េខាងត្បូង បានសម្រេចសាលក្រម បង្គាប់បញ្ជាឱ្យប្រទេសកូរ៉េខាងជើង ត្រូវបង់ប្រាក់សំណងប្រហែល៤៤,៦ ពាន់លានវ៉ុនកូរ៉េ ឬស្មើជាង៣៣,១៥លានដុល្លារអាម៉េរិក ពាក់ព័ន្ធនឹងការបំផ្ទុះការិយាល័យទំនាក់ទំនងរួម រវាងប្រទេសកូរ៉េទាំងពីរនៅទីក្រុងកេសុង (Kaesong) កាលពីឆ្នាំ២០២០...។

តុលាការកណ្ដាលស្រុកសេអ៊ូល ដឹកនាំដោយលោកចៅក្រម គីម ហ្យុង-ឆុល (Kim Hyung-cheol) បានសម្រេចឱ្យរដ្ឋាភិបាលកូរ៉េខាងត្បូង ឈ្នះក្ដី នៅក្នុងបណ្តឹងរដ្ឋប្បវេណី ប្រឆាំងនឹងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ (ឬកូរ៉េខាងជើង)។ តុលាការ បានបញ្ជាឱ្យកូរ៉េខាងជើង បង់ប្រាក់តាមចំនួនដែលបានទាមទារ៤៤,៦២៦ ពាន់លានវ៉ុន បូករួមទាំងការប្រាក់ និងថ្លៃចំណាយលើនីតិវិធីរបស់តុលាការ។ នេះជាបណ្តឹងលើកដំបូងបង្អស់ ដែលបានប្ដឹងដោយរដ្ឋាភិបាលកូរ៉េខាងត្បូង ប្រឆាំងនឹងកូរ៉េខាងជើង ហើយសាលក្រមត្រូវបានសម្រេចនៅក្នុងរយៈពេល៣ឆ្នាំ និង៣ខែ បន្ទាប់ពីពាក្យបណ្តឹងនេះ បានដាក់ កាលពីខែមិថុនា ឆ្នាំ២០២៣។

ការិយាល័យទំនាក់ទំនងរួម រវាងប្រទេសកូរ៉េទាំងពីរ បង្កើតឡើងនៅឆ្នាំ២០១៨ ស្ថិតក្នុងតំបន់ឧស្សាហកម្មកេសុង ជាទីក្រុងពិសេសមួយស្ថិតនៅភាគខាងត្បូង នៃប្រទេសកូរ៉េខាងជើង ក្រោមកិច្ចព្រមព្រៀងភូមិបទឈប់បាញ់អន្ដរកូរ៉េ ឈ្មោះ Panmunjom (ប៉ាន់មុនជុម) ដែលបានចុះហត្ថលេខាដោយមេដឹកនាំនៃប្រទេសកូរ៉េទាំងពីរ កាលពីថ្ងៃទី២៧ ខែមេសា។ ការិយាល័យនេះ បានដើរតួជាមូលដ្ឋានអចិន្ត្រៃយ៍ សម្រាប់ការសម្របសម្រួលដល់ការពិភាក្សា និងកិច្ចសហប្រតិបត្តិការ ដោយមិនចាំបាច់មានទីកន្លែងប្រជុំ ឬបណ្តាញទំនាក់ទំនងដាច់ដោយឡែកពីគ្នានោះទេ ហើយមានក្រុមមន្ត្រី មកពីភាគីទាំងពីរ ប្រចាំការនៅទីនោះ។

ទោះជាយ៉ាងណាក៏ដោយ កូរ៉េខាងជើង បានបំផ្ទុះការិយាល័យនោះចោល ដោយឯកតោភាគី នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ ដើម្បីតវ៉ាប្រឆាំងនឹងកូរ៉េខាងត្បូង ជុំវិញការបាចខិត្តបណ្ណប្រឆាំងនឹងកូរ៉េខាងជើង ដោយក្រុមអ្នករត់ចោលស្រុក។ ជាការឆ្លើយតបវិញ រដ្ឋាភិបាលកូរ៉េខាងត្បូង បានដាក់ពាក្យបណ្តឹងប្តឹងទាមទារសំណង សម្រាប់ការខូចខាតដល់អគារការិយាល័យទំនាក់ទំនង និងមជ្ឈមណ្ឌលគាំទ្ររួម នៃតំបន់ឧស្សាហកម្មកេសុង ដែលនៅជាប់គ្នានោះ។ ដំណើរការកាត់ក្ដីនេះ ធ្វើឡើងតាមរយៈសេវាកម្មជូនដំណឹងជាសាធារណៈ ដោយសារតែមានការលំបាក នៅក្នុងការបញ្ជូនឯកសារផ្លូវច្បាប់ដោយផ្ទាល់ ទៅកាន់កូរ៉េខាងជើង។ នីតិវិធីបែបនេះ ចាត់ទុកថា ឯកសារបានបញ្ជូនរួចរាល់ បន្ទាប់ពីបានបង្ហោះសាលក្រម នៅលើគេហទំព័ររបស់តុលាការ។

ប៉ុន្ដែដោយសារតែកូរ៉េខាងជើង មិនបានចូលរួមក្នុងដំណើរការកាត់ក្ដីនេះ ឱកាសដែលរដ្ឋាភិបាលកូរ៉េខាងត្បូង នឹងទទួលបានប្រាក់សំណង ឬថ្លៃចំណាយលើតុលាការ គឺនៅតែមានកម្រិតទាប ទោះបីជាសាលក្រមនេះ បានចូលជាធរមានយ៉ាងណាក្ដី។ ការសម្រេចចេញសាលក្រម ដោយតុលាការកណ្ដាលស្រុកសេអ៊ូល អាចនឹងធ្វើឱ្យមានភាពតានតឹងកាន់តែខ្លាំងឡើងបន្ថែមទៀត រវាងប្រទេសកូរ៉េទាំង២។ ទោះជាយ៉ាងណាក៏ដោយ គេនៅមិនទាន់ឃើញមានប្រតិកម្ម ចេញពីប្រទេសកូរ៉េខាងជើងនៅឡើយ ក្រោយការប្រកាសសាលក្រមនេះភ្លាមៗ៕



