
រដ្ឋធានីវ៉ាស៊ីនតោន៖ ថ្វីដ្បិតក្រុមមន្រ្ដីយោធាកំពូលៗរបស់សហរដ្ឋអាម៉េរិក កាលពីពេលកន្លងមកទៅ បានប្ដេជ្ញាចិត្ត អំពីការមិនដកជើងថយចេញពីទ្វីបអាស៊ីយ៉ាងណាក្ដី ប៉ុន្ដែឥឡូវ អ្នកស្រាវជ្រាវអភិរក្សនិយម បែរជាស្នើទៅកាន់លោកប្រធានាធិបតី ដូណាល់ ត្រាំ ទាមទារឱ្យដកកងទ័ព ចេញពីតំបន់ប៉ាស៊ីហ្វិកខាងលិច ដើម្បីផ្ដោតអារម្មណ៍លើតែកិច្ចការពារជាចម្បង ដល់សន្ដិសុខមាតុភូមិ និងសុវត្ថិភាពរបស់សហរដ្ឋអាម៉េរិក...។

បណ្ដាញទូរទស្សន៍គ្រប់គ្រងដោយរដ្ឋអាល្លឺម៉ង់ DW បានចេញផ្សាយកាលពីថ្ងៃអង្គារទី១៥ ខែកញ្ញាថា ក្រុមអ្នកវិភាគបានព្រមានអំពីការដកកងទ័ពសហរដ្ឋអាម៉េរិក ចេញពីតំបន់ប៉ាស៊ីហ្វិកខាងលិច ដូចអ្វីដែលបានស្នើឡើង កាលពីពេលថ្មីនេះៗ ដោយស្ថាប័នស្រាវជ្រាវគោលនយោបាយការបរទេសសហរដ្ឋអាម៉េរិក នឹងធ្វើឱ្យចុះទន់ខ្សោយដល់សមត្ថភាពរារាំង និងជួយពង្រឹងគោលជំហររបស់ប្រទេសចិន នៅក្នុងតំបន់។ ទន្ទឹមគ្នា ក្រុមអ្នកវិភាគ បានលើកឡើងថា ការសិក្សារបស់ស្ថាប័នស្រាវជ្រាវគោលនយោបាយការបរទេសសហរដ្ឋអាម៉េរិក បានស្នើឱ្យមានការដកកងទ័ពអាម៉េរិកទ្រង់ទ្រាយធំ ចេញពីតំបន់ប៉ាស៊ីហ្វិកខាងលិច នឹងបង្កឱ្យមាន«ការព្រួយបារម្ភយ៉ាងខ្លាំង»នៅក្នុងចំណោមសម្ព័ន្ធមិត្តដ៏យូរអង្វែងរបស់រដ្ឋាភិបាលរដ្ឋធានីវ៉ាស៊ីនតោន នៅទូទាំងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។

លោកស្រី ជេននីហ្វ័រ កាវ៉ាណាគ (Jennifer Kavanagh) ជាអ្នកស្រាវជ្រាវជាន់ខ្ពស់ និងជានាយិកាផ្នែកវិភាគយោធា នៃមូលនិធិអាទិភាពការពារជាតិ (Defense Priorities Foundation ដែលជាស្ថាប័នមាននិន្នាការអភិរក្សនិយម) បានលើកនៅក្នុងរបាយការណ៍មួយ ដោយបានអំពាវនាវដល់សហរដ្ឋអាម៉េរិក ជុំវិញការ«កាត់បន្ថយវិសាលភាព នៃកាតព្វកិច្ចការពារជាតិរបស់ខ្លួន នៅក្នុងតំបន់» ជាមួយនឹងការបញ្ចប់នូវកិច្ចព្រមព្រៀងសម្ពន្ធភាពការពារជាតិទៅវិញទៅមក ជាមួយប្រទេសកូរ៉េខាងត្បូង ជប៉ុន អូស្ត្រាលី និងហ្វីលីពីន។ លោកស្រី បញ្ជាក់ថា អាទិភាពសម្រាប់រដ្ឋធានីវ៉ាស៊ីនតោន គឺការ[ការពារ]ទឹកដីរបស់សហរដ្ឋអាម៉េរិក និងការធានានូវលទ្ធភាពទទួលបានទីផ្សារសេដ្ឋកិច្ចសំខាន់ៗ ក៏ដូចជាផ្លូវពាណិជ្ជកម្មនានា។ គោលដៅនេះ នឹងសម្រេចបានល្អបំផុត តាមរយៈការដកកងកម្លាំងចេញពីតំបន់«ខ្សែសង្វាក់កោះទីមួយ (first island chain)» ដែលលាតសន្ធឹង ចាប់ពីកោះអូគីណាវ់ា (Okinawa) នាភាគខាងត្បូង នៃប្រទេសជប៉ុន ឆ្លងកាត់កោះតៃវ៉ាន់ រហូតទៅដល់ប្រទេសហ្វីលីពីន។

ផ្ទុយទៅវិញ កងកម្លាំងសហរដ្ឋអាម៉េរិក គួរតែត្រូវកាត់បន្ថយ និងផ្លាស់ប្ដូរទីតាំង ទៅកាន់«ខ្សែសង្វាក់កោះទីពីរ» ដែលលាតសន្ធឹង ចាប់ពីភាគខាងកើត នៃប្រទេសជប៉ុន ទៅកាន់ប្រជុំកោះម៉ារីអាណាខាងជើង (Northern Marianas Islands) ស្ថិតក្នុងតំបន់ប៉ាស៊ីហ្វិកកណ្តាល កោះហ្គាំ (Guam) កោះប៉ាឡៅ (Palau) និងបន្តទៅដល់ប្រទេសប៉ាពួនូហ្គីណេ (Papua New Guinea)។ ការដកកងទ័ពត្រឡប់មកវិញ នឹងធ្វើឱ្យការការពារទីតាំងរបស់ពួកគេ កាន់តែមានភាពងាយស្រួល និង«កាត់បន្ថយហានិភ័យ នៃសង្គ្រាមដ៏មហន្តរាយ ជាមួយប្រទេសមហាយក្សចិន»។ ដោយឡែក ក្រុមអ្នកវិភាគ បានព្រមានថា ការដកកងទ័ពបែបនេះ អាចនិយាយបានថា នឹងជះឥទ្ធិពលខ្លាំងក្លាបំផុតមកលើកោះតៃវ៉ាន់ ជាទីដែលរដ្ឋាភិបាលរដ្ឋធានីប៉េកាំង ចាត់ទុកជាខេត្តមួយ ដែលបានបំបែកខ្លួនចេញពីប្រទេសចិន ហើយចាំបាច់ត្រូវតែរឹបអូស យកមកដាក់បញ្ចូលទៅក្នុងប្រទេសចិនវិញ នៅថ្ងៃណាមួយ។

លោកស្រី ជេននីហ្វ័រ កាវ៉ាណាគ បានបញ្ជាក់នៅក្នុងសេចក្ដីរាយការណ៍របស់ខ្លួនថា សហរដ្ឋអាម៉េរិក មិនមានការប្តេជ្ញាចិត្តជាផ្លូវការណាមួយ នៅក្នុងការជួយដល់កោះតៃវ៉ាន់នោះទេ ប្រសិនបើមានការវាយប្រហារពីមហាយក្សចិន។ ប៉ុន្ដែរាល់ការប៉ះទង្គិចគ្នាដោយអាវុធ «នឹងបង្កឱ្យខាតបង់យ៉ាងធ្ងន់ធ្ងរ សម្រាប់សហរដ្ឋអាម៉េរិក ដោយលើសពីផលប្រយោជន៍ ដែលបានទទួល»។ ជាមួយនឹងការគណនាប្រៀបធៀប រវាងការចំណាយ និងផលប្រយោជន៍ មានភាពមិនសមាមាត្រគ្នាយ៉ាងខ្លាំងបែបនេះ គឺការផ្លាស់ប្ដូរនូវការប្តេជ្ញាចិត្តរបស់សហរដ្ឋអាម៉េរិក ចំពោះកោះតៃវ៉ាន់ ហាក់ដូចជាជម្រើសដ៏ឈ្លាសវៃបំផុតមួយផងដែរ។ ដូច្នេះ សហរដ្ឋអាម៉េរិក គួរតែផ្លាស់ប្ដូរពីគោលនយោបាយ «ភាពមិនច្បាស់លាស់ជាយុទ្ធសាស្ត្រ (strategic ambiguity) ទៅជាគោលនយោបាយច្បាស់លាស់មួយ នៃការមិនជ្រៀតជ្រែក ប្រសិនបើមានការប្រឈមមុខដាក់គ្នាផ្នែកយោធា ជុំវិញបញ្ហាកោះតៃវ៉ាន់»។

ទោះជាយ៉ាងណា បណ្តាប្រទេសដែលត្រូវបានលើកឡើង នៅក្នុងរបាយការណ៍នេះ មិនទាន់មានការធ្វើអត្ថាធិប្បាយជាផ្លូវការណាមួយ លើសំណើរបស់ស្ថាប័នស្រាវជ្រាវគោលនយោបាយ (Think Tank) នេះ នៅឡើយ។ ប៉ុន្តែការសន្និដ្ឋានរបស់របាយការណ៍នោះ នឹងធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់សម្ព័ន្ធមិត្តរបស់សហរដ្ឋអាម៉េរិក។ លោក វិល្លៀម យ៉ាង (William Yang) អ្នកវិភាគផ្នែកសន្តិសុខប្រចាំនៅកោះតៃវ៉ាន់ សម្រាប់ស្ថាប័នស្រាវជ្រាវ International Crisis Group បានបញ្ជាក់ថា ក្ដីកង្វល់នឹងមានកាន់តែខ្លាំងឡើង ជុំវិញរបាយការណ៍របស់មូលនិធិអាទិភាពការពារជាតិនេះ។ ជាការកត់សម្គាល់ លោកប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ (Donald Trump) ធ្លាប់គំរាមជាបន្តបន្ទាប់ថា នឹងដកកងទ័ព ចេញពីប្រទេសសម្ព័ន្ធមិត្ត ទាំងនៅអឺរ៉ុប និងអាស៊ី ប្រសិនបើការទាមទាររបស់លោក សម្រាប់ការបង់ប្រាក់លើការចូលរួមចំណែកវិស័យការពារជាតិបន្ថែម ឬការផ្ដល់សម្បទានលើផ្នែកផ្សេងៗទៀត នៃទំនាក់ទំនងទ្វេភាគី មិនត្រូវបានបំពេញនោះទេ។

ប៉ុន្ដែនេះជាការបណ្តាក់ទុន ចូលទៅក្នុងរបៀបវារៈដែលបានរារាំងយ៉ាងពេញលេញ ហើយវាហាក់ដូចជាមានភាពសមស្រប ទៅនឹងប្រទេសចិនផងដែរ។ ទោះបីជាមិនមានសញ្ញាណាមួយបង្ហាញថា សេតវិមាន នឹងទទួលយកសំណើរបស់មូលនិធិអាទិភាពការពារជាតិនេះយ៉ាងណាក៏ដោយ ប៉ុន្តែលោក យ៉ាង បានលើកឡើងថា សំណើបែបនេះ មានភាពស៊ីសង្វាក់គ្នាជាមួយគោលការណ៍ជាច្រើន នៃរដ្ឋបាលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលផ្តោតលើការកាត់បន្ថយការចូលរួមរបស់រដ្ឋធានីវ៉ាស៊ីនតោន នៅក្នុងកិច្ចការអន្តរជាតិ និងការចាត់ទុកទំនាក់ទំនងអន្តរជាតិ ជាការដោះដូរផលប្រយោជន៍ទៅវិញ។ មួយវិញទៀត ប្រសិនបើផែនការបែបនេះ បានទទួលការពេញចិត្តពីលោកប្រធានាធិបតី ដូណាល់ ត្រាំ នោះ ផលវិបាកដែលនឹងកើតឡើង នឹងមានកម្រិតធ្ងន់ធ្ងរខ្លាំង ប្រៀបបានទៅនឹង«ការរញ្ជួយដី»។

ការចេញផ្សាយរបាយការណ៍នេះ ចំពេលមានការព្រួយបារម្ភកាន់តែខ្លាំង នៅក្នុងតំបន់ អំពីភាពរឹងមាំ នៃការប្តេជ្ញាចិត្តផ្នែកសន្តិសុខរបស់សហរដ្ឋអាម៉េរិក នៅក្នុងតំបន់អាស៊ី ជាពិសេស ភាពតានតឹងពាក់ព័ន្ធនឹងកោះតៃវ៉ាន់ និងសមុទ្ទចិនខាងត្បូង។ អ្នកវិភាគជាច្រើនយល់ឃើញថា ការដកថយនូវការគាំទ្ររបស់សហរដ្ឋអាម៉េរិក ចេញពីតំបន់នេះ នឹងជំរុញឱ្យប្រទេសចិន ឆក់យកឱកាសនេះ ចូលកាន់កាប់កោះតៃវ៉ាន់យ៉ាងឆាប់រហ័ស ហើយនឹងធ្វើឱ្យកូរ៉េខាងជើង ដែលមានអាវុធនុយក្លេអ៊ែរស្រាប់នោះ កាន់តែបង្កើនការទាមទារផ្សេងៗ មកលើកូរ៉េខាងត្បូង។ បញ្ហាទាំងនេះក៏ទំនងជានឹងបង្កឱ្យមានការបង្កើនការចំណាយលើវិស័យការពារជាតិយ៉ាងគំហុក នៅទូទាំងតំបន់ ហើយនៅទីបំផុត នឹងនាំឱ្យមានការដួលរលំ នៃកិច្ចខិតខំប្រឹងប្រែង ទប់ស្កាត់ការរីករាលដាល នៃអាវុធនុយក្លេអ៊ែរ នៅក្នុងតំបន់ផងដែរ៕



