
រាជធានីតូក្យូ៖ ប្រទេសជប៉ុន បានចាប់ផ្ដើមបំបែកកំណត់ត្រា ធ្វើសមយុទ្ធតាមផ្លូវអាកាសដ៏ធំបំផុតមិនធ្លាប់មាន និងបានលោតឆត្រយោងកក្រើកមេឃ ដោយមានកងទ័ពចូលរួមចំនួន៣៧០០នាក់ មកពីសម្ព័ន្ធមិត្តសហរដ្ឋអាម៉េរិក និងអូស្រ្ដាលី ខណៈសមយុទ្ធ«Orient Shield»នេះ កើតឡើងចំពេលមានភាពតានតឹងខាងភូមិសាស្រ្ដនយោបាយនៅក្នុងតំបន់...។

សារព័ត័ត៌មានកូរ៉េខាងត្បូង The Chosun Daily បានចេញផ្សាយនៅព្រឹកថ្ងៃពុធទី១៦ ខែកញ្ញានេះថា កាលពីវេលាម៉ោង១២ៈ២០នាទីរសៀលថ្ងៃអង្គារ ខណៈកំពុងធ្វើសមយុទ្ធយោធារួមគ្នា រវាងកងទ័ពសហរដ្ឋអាម៉េរិក និងជប៉ុន ឈ្មោះ«Orient Shield» ហៅកាត់«OS» នៅឯទីលានហ្វឹកហាត់ដ៏ធំរបស់កងកម្លាំងស្វ័យការពាជើងគោក (Ground Self-Defense Force) ស្ថិតក្នុងទីក្រុងអេនីវ៉ា (Eniwa) ខេត្តហុកកៃដូនោះ យន្តហោះដឹកជញ្ជូនយោធា ប្រភេទ C-2 ២គ្រឿងរបស់កងកម្លាំងស្វ័យការពារផ្លូវអាកាសជប៉ុន បានបង្ហាញខ្លួនឡើង ជាមួយនឹងសំឡេងម៉ាស៊ីនដ៏ខ្លាំង។ បន្ទាប់មក ក៏មានយន្តហោះយោធា ប្រភេទ C-130J ចំនួន៥គ្រឿងរបស់កងទ័ពអាកាសសហរដ្ឋអាម៉េរិក ហោះមកតាមក្រោយ។ យន្តហោះដឹកជញ្ជូនយោធាទាំង២ បានហោះវិលជុំនៅលើអាកាស មុនពេលទម្លាក់ក្រុមទាហានលោតឆត្រ ដោយក្នុងមួយក្រុមៗ មានគ្នាប្រហែល២០នាក់។ ត្រឹមតែរយៈពេលមួយម៉ោង មានទាហានឆត្រយោង សរុប៣៨០នាក់ បានលោតចេញពីយន្ដហោះយោធា នៅក្នុងកម្ពស់៣៤០ម៉ែត្រ ក្នុងនោះទាហានអាម៉េរិកចំនួន២៦០នាក់ និងកងកម្លាំងស្វ័យការពារជប៉ុន១២០នាក់។

ក្រុមទាហានឆត្រយោងទាំងនោះ បានបើកឆត្រលោតចុះមកដល់គោលដៅ ប្រកបដោយសុវត្ថិភាព។ បន្ទាប់ពីប្រមូលឆត្រយោងរួចរាល់ ទាហានទាំងនោះ បានបន្តប្រតិបត្តិការនៅលើដី ដោយខ្លះបានស្ពាយសម្ភារយោធាធំៗនៅពីមុខដើមទ្រូង ហើយបានរត់ទៅឱបមិត្តរួមក្រុម ដែលបានមករង់ចាំជួយលើកទឹកចិត្ត និងគាំទ្រដល់ពួកគេ។ មន្ត្រីកងកម្លាំងស្វ័យការពារជប៉ុន បញ្ជាក់ថា៖«ការលោតឆត្រយោងនេះ គឺជាការហ្វឹកហ្វឺនប្រកបដោយហានិភ័យ ដែលតម្រូវឱ្យមានការគិតគូរ អំពីកត្តាភ្លៀង ខ្យល់ និងពពក។ សមយុទ្ធយោធានេះ មានគោលបំណងដាក់ពង្រាយកងទ័ពយ៉ាងឆាប់រហ័ស ទៅកាន់តំបន់ដែលយានយន្ត ឬនាវា មិនអាចចូលទៅដល់ ឬចូលទៅក្នុងតំបន់ជ្រៅ នៅក្រោយខ្សែត្រៀមរបស់សត្រូវ»។

សមយុទ្ធយោធា«Orient Shield» ឆ្នាំ២០២៦នេះ ចាប់ផ្ដើមពីថ្ងៃទី៨-២៤ ខែកញ្ញា ដែលនេះជាសមយុទ្ធយោធាដ៏ធំបំផុតនៅប្រទេសជប៉ុន ដោយមានកងទ័ពសរុបចំនួន ៣៧០០នាក់ចូលរួម ក្នុងនោះ ទាហានមកពីសហរដ្ឋអាម៉េរិក ចំនួន១២៤០នាក់, អូស្ដ្រាលី ចំនួន៧០នាក់ និងជប៉ុនចំនួន២៣៩០នាក់៕




