រុស្ស៊ីប្រើដ្រូនវា.យ.ប្រ.ហារលើរថភ្លើងដឹកអ្នកដំណើរកៀកព្រំដែនប៉ូឡូញ ប៊ិះត្រូវក្បួនក្រុមអ្នកការទូតជាន់ខ្ពស់អឺរ៉ុប
ហៀប ស៊ីថេត
14 កញ្ញា 2026 12:00 PM

រដ្ឋធានីកៀវ៖ ដ្រូនរបស់រុស្ស៊ី បានប្រហារលើរថភ្លើងដឹកអ្នកដំណើរមួយគ្រឿង ស្ថិតនៅកៀកព្រំដែនអ៊ុយក្រែន និងប្រទេសប៉ូឡូញ ដែលជាសមាជិកអង្គការណាតូ កាលពីថ្ងៃអាទិត្យទី១៣ ខែកញ្ញា ភ្លាមៗបន្ទាប់ពីអតីតនាយករដ្ឋមន្ត្រីអង់គ្លេស លោក បូរីស ចនសុន (Boris Johnson) និងគណៈប្រតិភូអ្នកទូតអឺរ៉ុបជាច្រើនរូប ទើបតែបានជិះឆ្លងកាត់ផ្លូវរថភ្លើងមួយនេះ។

ប្រតិបត្តិករផ្លូវដែករបស់អ៊ុយក្រែន បានបញ្ជាក់ថា រថភ្លើងដែលរងការវាយប្រហារលើផ្លូវធ្វើដំណើររបស់គណៈប្រតិភូបរទេសត្រឡប់ពីរដ្ឋធានីកៀវ ត្រូវបានដ្រូនរុស្ស៊ីវាយប្រហារនៅចម្ងាយត្រឹមតែ ២គីឡូម៉ែត្រប៉ុណ្ណោះពីព្រំដែនប៉ូឡូញ។ ទោះជាយ៉ាងណា មិនទាន់មានសេចក្ដីរាយការណ៍អំពីអ្នករងគ្រោះថ្នាក់ដល់ជីវិតនៅឡើយទេ។ អតីតនាយករដ្ឋមន្ត្រីស៊ុយអែត លោក ខាល បីលដ៍ (Carl Bildt) បានសរសេរលើបណ្តាញសង្គម X ថា៖«នោះមិនមែនជារថភ្លើងរបស់យើងទេ ប៉ុន្តែជារថភ្លើងដែលបើកតាមពីក្រោយយើងត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះនៅជិតច្រកព្រំដែន។ អ្នកដំណើរត្រូវបានជម្លៀសចេញជាបន្ទាន់នៅពេលដ្រូនចូលមកជិត ដូច្នេះមិនមានអ្នកណាម្នាក់រងរបួសឡើយ»។

ប្រតិបត្តិករផ្លូវដែកអ៊ុយក្រែន បានសរសេរតាមបណ្តាញតេឡេក្រាមថា ៖«វាអាចទៅរួចទាំងស្រុងដែលគោលដៅពិតប្រាកដនៃដ្រូនប្រហាររបស់រុស្ស៊ី គឺតម្រង់សំដៅលើរថភ្លើងអ្នកទូត ប៉ុន្តែរថភ្លើងនោះបានចាកចេញពីស្ថានីយមុនកាលវិភាគ បន្ទាប់ពីមានការកែសម្រួលម៉ោងធ្វើដំណើរភ្លាមៗ ដោយសារតែការគំរាមកំហែងនៃការវាយប្រហារជាប្រចាំពីសំណាក់រុស្ស៊ី»។ លោក បូរីស ចនសុន ដែលស្ថិតនៅលើរថភ្លើងដែលបានចាកចេញមុនការវាយប្រហារបន្តិចនោះ បានថ្កោលទោសការវាយប្រហារនេះ តាមរយៈប្រព័ន្ធអ៊ីនស្តាក្រាមថាជា «អំពើគ្មានទិសដៅ និងគ្មានខួរក្បាល»។ ប្រមុខការទូតប៉ូឡូញ លោក រ៉ាដូស្លាហ្វ ស៊ីកឺស្គី (Radoslaw Sikorski) បានពិពណ៌នាទង្វើនេះថា ជាការវាយប្រហាររបស់រុស្ស៊ីនៅចំពោះមុខមាត់ទ្វារផ្ទះរបស់អង្គការណាតូ ហើយគឺជាការរុញច្រានសង្គ្រាមឱ្យកាន់តែតានតឹងខ្លាំងឡើង។

ទោះជាយ៉ាងនេះក្ដី រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី បានអះអាងថា ខ្លួនបានតម្រង់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធដែលសម្រួលដល់ការដឹកជញ្ជូនសព្វាវុធយោធាពីអឺរ៉ុប ចូលទៅភាគខាងលិចអ៊ុយក្រែន។ រុស្ស៊ីបានចាប់ផ្តើមតម្រង់គោលដៅវាយប្រហារលើច្រកព្រំដែនរបស់អ៊ុយក្រែនជាមួយសម្ព័ន្ធមិត្តលោកខាងលិច ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដែលជាផ្នែកមួយនៃការយុទ្ធនាការបំផ្លាញហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចគ្នាទៅវិញទៅមក ក្នុងសង្គ្រាមដែលបានអូសបន្លាយជាង៤ឆ្នាំមកនេះ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត