កាណាដា ព្រមផ្តល់ជំនួយការពារដែនអាកាសឱ្យអ៊ុយក្រែនក្នុងតម្លៃជាង២៥០លានដុល្លារ
ហៀប ស៊ីថេត
11 កញ្ញា 2026 11:43 AM

រដ្ឋធានីអូតាវ៉ា៖ ប្រទេសកាណាដា បានយល់ព្រមលើកញ្ចប់ជំនួយចំនួន៣៥០លានដុល្លារកាណាដា ឬស្មើ២៥៣លានដុល្លារអាម៉េរិក សម្រាប់រដ្ឋធានីកៀវ ទិញឧបករណ៍ស្ទាក់ចាប់ការវាយប្រហារតាមអាកាស។ នេះបើតាមការថ្លែងរបស់លោកនាយករដ្ឋមន្ត្រី ម៉ាក ខានី (Mark Carney) អះអាងកាលពីថ្ងៃព្រហស្បតិ៍ទី១០ ខែកញ្ញា បន្ទាប់ពីបានជួបប្រជុំជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី (Volodymyr Zelenskyy)...។

លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី (ឆ្វេង) និងលោក ម៉ាក ខានី
លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី (ឆ្វេង) និងលោក ម៉ាក ខានី

តាមពិតទៅ រដ្ឋធានីកៀវ កំពុងប្រឈមមុខនឹងការខ្វះខាតយ៉ាងខ្លាំងនូវគ្រាប់រ៉ុក្កែតស្ទាក់ចាប់ Patriot ផលិតដោយសហរដ្ឋអាម៉េរិក ដែលមានសមត្ថភាពរារាំងគ្រាប់មីស៊ីលផ្លោងរបស់រុស្ស៊ី។ លោក ខានី បានប្រាប់អ្នកសារព័ត៌មាននៅទីក្រុងកាល់ហ្ការី (Calgary)ថា៖«នៅពេលដែលរុស្ស៊ីបង្កើនសង្គ្រាមផ្លូវអាកាសដ៏ឃោរឃៅ ដោយឥតរើសមុខ សំដៅលើប្រជាជនស៊ីវិល នោះប្រព័ន្ធការពារអាកាសរបស់អ៊ុយក្រែន​ គឺពិតជាមានសារសំខាន់ណាស់»។ លោកបន្តថា៖«ថ្ងៃនេះ កាណាដា និងអ៊ុយក្រែន បានសម្រេចកិច្ចព្រមព្រៀង ក្នុងការប្រគល់ឧបករណ៍ស្ទាក់ចាប់ ការវាយប្រហារតាមអាកាសដ៏សំខាន់[..] កញ្ចប់បរិក្ខារតម្លៃ៣៥០លានដុល្លារកាណាដានេះ នឹងជួយការពារប្រជាជន ហេដ្ឋារចនាសម្ព័ន្ធ និងផ្ទៃមេឃរបស់អ៊ុយក្រែន»។ យ៉ាងណា លោកមិនបានផ្តល់ព័ត៌មានលម្អិត អំពីប្រភេទឧបករណ៍ស្ទាក់ចាប់ដែលនឹងត្រូវប្រគល់ជូននោះទេ ហើយពេលវេលាដែលជំនួយនេះ នឹងចាប់ផ្តើមបញ្ជូននោះ ក៏មិនទាន់ច្បាស់ដែរ។

លោក ខា​នី ក៏បានបន្ថែមដែរថា កាណាដាមានគោលបំណងបង្កើនការផលិតដ្រូន ដើម្បីបញ្ជូនទៅគាំទ្រអ៊ុយក្រែន។ ជាមួយគ្នា លោក ហ្សេឡេនស្គី បានលើកឡើងថា៖«ខ្ញុំសូមអរគុណអ្នក សម្រាប់កញ្ចប់ជំនួយនេះ! វាមានសារសំខាន់បំផុត ជាពិសេស នាពេលឥឡូវនេះ!»។ សូមជម្រាបថា កាណាដា ដែលជាប្រទេសការពារ និងគាំទ្រអ៊ុយក្រែនយ៉ាងសកម្មបំផុតមួយ បានប្តេជ្ញាផ្តល់ជំនួយសរុបជាង២៥,៥ពាន់លានដុល្លារកាណាដា ចាប់តាំងពីរុស្ស៊ីចូលឈ្លានពានក្នុងខែកុម្ភៈ ឆ្នាំ២០២២ រួមទាំងជំនួយយោធាចំនួន៨,៥ពាន់លានដុល្លារកាណាដាផងដែរ។ គួរបញ្ជាក់ថា ប្រទេសកាណាដា គឺជាកន្លែងដែលមានប្រជាជនដើមកំណើតអ៊ុយក្រែនប្រមាណពី១លាន៣សែន ទៅ១លាន ៤សែននាក់រស់នៅ បង្កើតបានជាសហគមន៍ជនភៀសខ្លួនអ៊ុយក្រែនធំបំផុតមួយ នៅលើពិភពលោក៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត