ខួប៣ឆ្នាំនៃប្រាសាទកោះកេរ ចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក សម្ដេចធិបតី អំពាវនាវឱ្យពលរដ្ឋរួមគ្នាអភិរក្ស ការពារ និងថែរក្សា
S
Soriya Sou
4 ម៉ោងមុន

រាជធានីភ្នំពេញ៖ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ស្អែកនេះ ជាខួប៣ឆ្នាំនៃការចុះ «រមណីយដ្ឋានប្រាសាទកោះកេរ» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសរសេរសារលិខិតអបអរសាទរ និងអំពាវនាវឱ្យស្ថាប័នពាក់ព័ន្ធ រួមទាំងប្រជាពលរដ្ឋ បន្តរួមគ្នាអភិរក្ស ការពារ និងលើកតម្លៃប្រាសាទខ្មែរ ជាពិសេស ប្រាសាទកោះកេរ ឬពីរ៉ាមីតនៅកម្ពុជា…។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា ការចូលរួមរបស់ស្ថាប័នពាក់ព័ន្ធទាំងអស់ ក្នុងការអភិរក្សប្រាសាទបុរាណខ្មែរ ពិតជាមានសារសំខាន់ណាស់។ សម្ដេចធិបតីបញ្ជាក់បន្ថែមថា បន្តទៅមុខទៀត មន្រ្តីពាក់ព័ន្ធ ជាពិសេស អាជ្ញាធរខេត្ត និងអាជ្ញាធរជាតិព្រះវិហារ ត្រូវសហការគ្នាបំពេញបេសកកម្មការងារគ្រប់គ្រង និងអភិរក្សឱ្យបានហ្មត់ចត់ នូវប្រាង្គប្រាសាទ បុរាណដ្ឋាន ប្រពៃណីទំនៀមទម្លាប់ ប្រជាជន ដីធ្លី ព្រៃឈើ និងសត្វព្រៃ ស្របតាមគោលការណ៍ប្រតិបត្តិរបស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក។ ដោយឡែក ប្រជាជនគ្រប់រូប ក៏មានកាតព្វកិច្ចដូចៗគ្នា ក្នុងការជួយថែរក្សា ការពារ និងលើកតម្លៃរមណីយដ្ឋានប្រាសាទកោះកេររបស់យើងផងដែរ។ ប្រជាជនគ្រប់រូប មានភាពជាម្ចាស់ស្មើៗគ្នា ចំពោះសម្បត្តិវប្បធម៌ និងសម្បត្តិធម្មជាតិទាំងអស់ ដូច្នេះ ការជួយថែរក្សា ការពារ វានឹងក្លាយជាប្រយោជន៍ដល់ការអភិវឌ្ឍ និងលើកកម្ពស់ជីវភាពប្រជាជន ក៏ដូចជាពង្រឹងអត្តសញ្ញាណជាតិរបស់កម្ពុជា នៅលើឆាកអន្តរជាតិ។

សម្ដេចធិបតី ក៏ជំរុញឱ្យប្រព័ន្ធផ្សព្វផ្សាយចូលរួមសហការផ្សព្វផ្សាយ ព្រឹត្តិការណ៍នេះឱ្យបានទូលំទូលាយ ដើម្បីបន្តជំរុញសក្តានុពលទេសចរណ៍ក្នុងតំបន់ ផ្សារភ្ជាប់ជាមួយរមណីយដ្ឋានបេតិកភណ្ឌពិភពលោកនានា ដូចជា រមណីយដ្ឋានប្រាសាទសម្បូរព្រៃគុក រមណីយដ្ឋានអង្គរ រមណីយដ្ឋានប្រាសាទព្រះវិហារ និងតំបន់ទេសចរណ៍វប្បធម៌ និងធម្មជាតិផ្សេងទៀត។ សូមជម្រាបថា រមណីយដ្ឋានប្រាសាទកោះកេរ ស្ថិតក្នុងខេត្តព្រះវិហារ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ នៅក្នុងសម័យប្រជុំលើកទី៤៥ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក ក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។ ការសម្រេចទទួលស្គាល់អតីតរាជធានីឆោកគគ៌្យរ ឬអតីតរាជធានីលិង្គបុរៈ[កោះកេរ] កសាងដោយព្រះបាទជ័យវរ្ម័នទី៤ ក្នុងសម័យអង្គរដ៏រុងរឿងបំផុតនៃអាណាចក្រខ្មែរ ដែលសម្បូរទៅដោយប្រាង្គប្រាសាទ រូបបដិមា សិលាចារឹក ចំណេះដឹងផ្នែករៀបចំក្រុង និងប្រព័ន្ធធារាសាស្ដ្របុរាណ បានបង្ហាញពីកិត្យានុភាពវប្បធម៌ដ៏ខ្ពស់ត្រដែតរបស់ជាតិយើង ក្នុងឆាកអន្តរជាតិ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត