
ក្រុងព្រះវិហារ៖ អាជ្ញាធរជាតិព្រះវិហារ សម្រេចកាត់ក្រីមែកឈើ៣ដើម និងកាត់ដកហូតដើមឈើ៧ដើមផ្សេងទៀត ចេញពីក្នុងរមណីយដ្ឋានប្រាសាទកោះកេរ ក្រោមហេតុផលធានាដល់សុវត្ថិភាពភ្ញៀវទេសចរ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់អាជ្ញាធរជាតិព្រះវិហារ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦។

ក្នុងសេចក្តីប្រកាសអាជ្ញាធរជាតិព្រះវិហារសង្កត់ធ្ងន់ថា៖«ដើម្បីធានាដល់សុវត្ថិភាពភ្ញៀវទេសចរ និងសាធារណជន ក៏ដូចជាការលើកកម្ពស់សោភណភាពក្នុងតំបន់រមណីយដ្ឋានប្រាសាទកោះកេរ នាយកដ្ឋានបរិស្ថាន ព្រៃឈើ និងទឹក នៃអាជ្ញាធរជាតិព្រះវិហារ នឹងកាត់ដកហូតដើមឈើចំនួន១០ដើម»។ ក្រុមការងារអាជ្ញាធរជាតិព្រះវិហារ នឹងអនុវត្តការងារឈើដែលមានហានិភ័យខ្ពស់ តាមបរិវេណប្រាសាទនានា ស្ថិតនៅក្នុងរមណីយដ្ឋានប្រាសាទកោះកេរ ចាប់ពីថ្ងៃទី២៤មេសាតទៅរហូតដល់ចប់ភារកិច្ច។ ចំពោះឈើដែលត្រូវកាត់ដកហូតរួមមាន៖ ស្រឡៅ, ព្រះព្នៅ, រាំង, កកោះ និងស្នួល។ រីឯដើមឈើដែលត្រូវកាត់ក្រីមែកវិញមាន ត្រាង និងនាងនួន៕







