
ក្រុងព្រះវិហារ៖ ដើម្បីបញ្រ្ជាបចំណេះដឹងអំពីតម្លៃបេតិកភណ្ឌ និងធនធានធម្មជាតិ ដល់កូនខ្មែរ អាជ្ញាធរជាតិព្រះវិហារ ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ បានបន្តនាំសិស្សានុសិស្សសរុប២៣៥នាក់ ទៅទស្សនកិច្ចសិក្សាស្វែងយល់ដោយផ្ទាល់ តាមប្រាសាទនានាក្នុងរមណីយដ្ឋានប្រាសាទកោះកេរ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់អាជ្ញាធរជាតិព្រះវិហារ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦..។

ក្នុងសិក្ខាសាលាអប់រំផ្សព្វផ្សាយបេតិកភណ្ឌវប្បធម៌ និងបរិស្ថាន ដល់សិស្សានុសិស្សនៅក្នុងរមណីយដ្ឋានប្រាសាទកោះកេរ ដើម្បីអបអរទិវាវប្បធម៌ជាតិលើកទី២៨ លោក ឃូ អៀងហួត អគ្គនាយករងប្រចាំរមណីយដ្ឋានប្រាសាទកោះកេរ ថ្លែងថា ជារៀងរាល់ឆ្នាំអាជ្ញាធរជាតិព្រះវិហារ តាមរយៈនាយកដ្ឋានស្រាវជ្រាវ បណ្ដុះបណ្ដាល និងតម្កល់ឯកសារ តែងតែរៀបចំនូវសិក្ខាសាលាអប់រំផ្សព្វផ្សាយអំពីបេតិកភណ្ឌដល់ប្រជាពលរដ្ឋ សិស្សានុ សិស្សដែលកំពុងរស់នៅ និងសិក្សារៀនសូត្រទាំងក្នុង និងក្រៅតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកប្រាសាទកោះកេរ។

ជាក់ស្តែង គិតចាប់ពីឆ្នាំ២០២៣ ដល់ដើមឆ្នាំ២០២៦នេះ មន្ត្រីជំនាញបានរៀបចំសិក្ខាសាលានៅរមណីយដ្ឋានប្រាសាទកោះកេរ ដល់សិស្សានុសិស្សចាប់ពីថ្នាក់ទី៥ ដល់ថ្នាក់ទី១២ សរុបបាន២៣៥នាក់។ លោក ឃូ អៀងហួត សង្កត់ធ្ងន់ថា៖«ការបញ្រ្ជាបចំណេះដឹង ជាផ្នែកមួយដ៏សំខាន់ ក្នុងបណ្ដុះគំនិតស្មារតីដល់យុវជនខ្មែរជំនាន់ក្រោយបានសិក្សាស្វែងយល់អំពីប្រវត្តិសាស្ត្រ ទំនៀមទម្លាប់ ប្រពៃណី ជំនឿអរូបី សារប្រយោជន៍នៃធនធានធម្មជាតិ ការទប់ស្កាត់ការជួញដូរវត្ថុបុរាណ និងករណីយកិច្ចចូលរួមកិច្ចការពារបេតិកភណ្ឌវប្បធម៌ប្រកបដោយនិរន្តរភាព»។

ទន្ទឹមគ្នា លោក ថូ ថុន អនុប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្ដុះបណ្ដាល និងតម្កល់ឯកសារ និងមន្រ្តីបច្ចេកទេស រៀបរាបថា រាល់សិស្សានុសិស្សទស្សនកិច្ចសិក្សាស្វែងយល់ដោយផ្ទាល់សុទ្ធតែទទួលបានការដឹកនាំឱ្យចុះតាមប្រាសាទនានា ក្នុងរមណីយដ្ឋានប្រាសាទកោះកេរនេះ ក្នុងនោះ៖ ប្រាសាទធំ ប្រាសាទចិន និងថ្នាលបណ្ដុះកូនឈើ។ លោកសង្ឃឹមថា ក្រោយឆ្លងកាត់ការអប់រំបេតិកភណ្ឌនេះរួច សិស្សានុសិស្សនឹងបានយល់ដឹងបន្ថែមពីប្រវត្តិសាស្ត្រខ្លះៗនៃរមណីយដ្ឋានប្រាសាទកោះកេរ ជំនឿអរូបី និងស្វែងយល់ពីតម្លៃនៃព្រៃឈើក្នុងតំបន់៕






