
រាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១៧កញ្ញា ឆ្នាំ២០២៥ មានរយៈពេល២ឆ្នាំហើយ ដែល «រមណីយដ្ឋានប្រាសាទកោះកេរ» ត្រូវបានអង្គការយូណេស្កូ សម្រេចចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក…។

ក្នុងឱកាសអបអរសាទរខួប២ឆ្នាំ នៃការចុះបញ្ជី «រមណីយដ្ឋានប្រាសាទកោះកេរ» សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហាញក្ដីរីករាយ និងបានអំពាវនាវឱ្យស្ថាប័នពាក់ព័ន្ធ ប្រជាពលរដ្ឋ រួមគ្នាថែរក្សាប្រាសាទកោះកេរ និងគ្រប់ប្រាង្គប្រាសាទរបស់ដូនតាខ្មែរ។ តាមរយៈសារលិខិតដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥នេះ សម្ដេចនាយករដ្ឋមន្រ្តី មានប្រសាសន៍ថា ការសម្រេចទទួលស្គាល់អតីតរាជធានីកោះកេរ ដោយការចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក បានបង្ហាញពីកិត្យានុភាពវប្បធម៌ដ៏ខ្ពស់ត្រដែតរបស់ជាតិយើងក្នុងឆាកអន្តរជាតិ ដែលកើតចេញពីការខិតខំប្រឹងប្រែងប្រកបដោយវីរភាពជាប់មិនដាច់ និងឥតរាថយរបស់រាជរដ្ឋាភិបាលកម្ពុជា។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា កោតសរសើរដល់មន្រ្តីពាក់ព័ន្ធរបស់ក្រសួងវប្បធម៌ អាជ្ញាធរជាតិព្រះវិហារ អ្នកជំនាញជាតិ និងអន្តរជាតិ ដៃគូអន្តរជាតិ និងឥស្សរជនទាំងហ្លាយ ដែលបានខិតខំព្យាយាមលះបង់ទាំងកម្លាំងកាយ ប្រាជ្ញាស្មារតី ប្រកបដោយភាពប៉ិនប្រសប់ និងវិជ្ជាជីវៈខ្ពស់ រហូតសម្រេចបាននូវសមិទ្ធផលសំខាន់ៗក្នុងរយៈពេល២ឆ្នាំកន្លងទៅ។ សម្ដេចសង្កត់ធ្ងន់ថា យ៉ាងណាក៏ដោយ គ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវបន្តសហការបំពេញបេសកកម្មការងារគ្រប់គ្រង និងអភិរក្សឱ្យបានហ្មត់ចត់នូវប្រាង្គប្រាសាទ បុរាណដ្ឋាន ប្រពៃណីទំនៀមទម្លាប់ ប្រជាជន ដីធ្លី ព្រៃឈើ និងសត្វព្រៃ ស្របតាមគោលការណ៍ប្រតិបត្តិរបស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក។

ដោយឡែក ប្រជាជនគ្រប់រូបមានភាពជាម្ចាស់ស្មើៗគ្នាចំពោះសម្បត្តិវប្បធម៌ និងសម្បត្តិធម្មជាតិទាំងអស់ និងមានកាតព្វកិច្ចដូចៗគ្នាក្នុងការជួយថែរក្សា ការពារ និងលើកតម្លៃរមណីយដ្ឋានប្រាសាទកោះកេររបស់យើង សម្រាប់ជាប្រយោជន៍ដល់ការអភិវឌ្ឍ និងលើកកម្ពស់ជីវភាពប្រជាជន ក៏ដូចជាពង្រឹងអត្តសញ្ញាណជាតិរបស់កម្ពុជានៅលើឆាកអន្តរជាតិ។ សូមជម្រាបថា «រមណីយដ្ឋានប្រាសាទកោះកេរ» ត្រូវបានកសាងឡើងក្នុងរជ្ជកាលព្រះបាទជ័យវរ័្មនទី៤ មានទីតាំងស្ថិតនៅក្នុងឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ និងត្រូវបានអង្គការយូណេស្កូ សម្រេចដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក កាលពីថ្ងៃ១៧ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងសម័យប្រជុំលើកទី៤៥ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក ក្នុងប្រទេសអារ៉ាប៊ីសាអូឌីត៕





