
រាជធានីបាងកក៖ គម្រោងទិញនាវាចម្បាំងហ្វ្រ៊ីហ្កេត Frigate របស់កងទ័ពជើងទឹកភូមិន្ទថៃ កំពុងជួបប្រទះនូវភាពមន្ទិលសង្ស័យ និងរឿងអាស្រូវពុករលួយ បន្ទាប់ពីមន្ត្រីជាន់ខ្ពស់យោធាថៃ បានចេញមុខទាមទារឱ្យមានការស៊ើបអង្កេតបន្ទាន់មួយ លើដំណើរការលទ្ធកម្មនេះ។ នេះបើយោងតាមខ្លឹមសារចុះផ្សាយដោយសារព័ត៌មានថៃ Amrin TV នាថ្ងៃទី១៤កញ្ញា...។

ដើមហេតុនៃរឿងរ៉ាវនេះ បានផ្ទុះឡើងនៅពេលលោក ម៉ាណាត់ វង្សវាធ (มานัต วงษ์วาทย์) អតីតអគ្គមេបញ្ជាការកងទ័ពអាកាសភូមិន្ទថៃ និងជាប្រធានសមាគមឧស្សាហកម្មការពារជាតិ បានសម្រេចចិត្តដាក់លិខិតផ្លូវការទៅកាន់អាជ្ញាធរសវនកម្មរដ្ឋ (SAO) និងអគ្គរដ្ឋទូតកូរ៉េខាងត្បូង ប្រចាំប្រទេសថៃ ទាមទារឱ្យស៊ើបអង្កេត ផ្តោតសំខាន់លើចំណុចសង្ស័យធំៗចំនួន២ ដែលខុសប្រក្រតី។ ចំណុចទី១.គឺការមើលរំលង និងការខកខានមិនបានរាប់បញ្ចូលធាតុផ្សំ ឬគ្រឿងបន្លាស់ក្នុងស្រុក ចូលទៅក្នុងកិច្ចសន្យា ដែលជាកាតព្វកិច្ចសំខាន់ក្នុងការជំរុញឧស្សាហកម្មការពារជាតិ និងបច្ចេកវិទ្យាក្នុងស្រុក។ ចំណុចទី២.គឺការកើនឡើងតម្លៃថវិកា នៃគោលនយោបាយសេដ្ឋកិច្ច ពីចំនួន២,២៥ពាន់លានបាត រហូតដល់៧ពាន់លានបាត ដោយគ្មានការបកស្រាយច្បាស់លាស់។

ជុំវិញរឿងរ៉ាវខាងលើ អ្នកនាំពាក្យកងទ័ពជើងទឹកភូមិន្ទថៃ លោក ប៉ារជ្ជ រតនជ័យភណ្ឌ (ปารัช รัตนไชยพันธ์) បានចេញមុខបកស្រាយ និងសម្ដែងទំនុកចិត្តយ៉ាងតក់ក្រហល់ថា ដំណើរការដេញថ្លៃ និងជ្រើសរើសក្រុមហ៊ុនកូរ៉េខាងត្បូង Hanwha Ocean ត្រូវបានធ្វើឡើងដោយតម្លាភាព យុត្តិធម៌ និងស្របតាមច្បាប់ជាធរមាន។ លោកលើកឡើងថា៖«គណៈកម្មាធិការលទ្ធកម្មទាំងអស់ បានបំពេញភារកិច្ចដោយប្រុងប្រយ័ត្នបំផុត ព្រោះគ្មាននរណាម្នាក់ហ៊ានប្រថុយប្រព្រឹត្តអំពើពុករលួយ ដើម្បីយកអាជីពទៅចោលក្នុងគុកនោះទេ»។ កងទ័ពជើងទឹកថៃ បានអះអាងទៀតថា ខ្លួននឹងរង់ចាំពិនិត្យឯកសារបណ្តឹងផ្លូវការ និងសន្យាថា នឹងធ្វើសន្និសីទបកស្រាយលម្អិតនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ខាងមុខ។ ទោះជាយ៉ាងណា ជម្លោះពាក្យសម្តី និងការទាមទារឱ្យមានសវនកម្មលើកនេះ ត្រូវបានគេមើលឃើញថា នឹងធ្វើឱ្យគម្រោងទិញនាវាចម្បាំងតម្លៃរាប់ពាន់លានបាតនេះ ត្រូវជួបការរាំងស្ទះ ឬឈានទៅរកភាពជាប់គាំងមួយរយៈពេល៕




