
ក្រុងក្រចេះ៖ ប្រជាពលរដ្ឋបានប្រទះឃើញ សត្វខ្ទីងមួយក្បាល ស្ថិតនៅក្នុងតំបន់ព្រៃអភិរក្សវាលកន្សែង ក្នុងឃុំដំរីផុង ស្រុកឆ្លូង ខេត្តក្រចេះ កាលពីរសៀលថ្ងៃចន្ទទី១៤ ខែកញ្ញា ឆ្នាំ២០២៦នេះ ខណៈអាជ្ញាធរខេត្តមិនទាន់អាចបញ្ជាក់បាននៅឡើយទេថា វីដូឃ្លីបរបស់ប្រជាពលរដ្ឋនោះ ថតបាននៅពេលណា ថ្ងៃណាឱ្យប្រាកដ ជាវីដេអូចាស់ ឬថ្មី ដ្បិតទើបនឹងបង្ហោះក៏ដោយ...។

តាមរយៈវីដេអូឃ្លីបដែលថតបានដោយប្រជាពលរដ្ឋ បង្ហាញពីសត្វខ្ទីងមួយក្បាល(មិនដឹងញី ឬឈ្មោល)ឡើយ បានចេញមករកស្មៅស៊ី នៅតាមបណ្តោយផ្លូវជាតិមួយខ្សែ មានសភាពរឹងមាំ និងកំពុងឈរនៅក្បែរផ្លូវ មុនវាចូលទៅក្នុងព្រៃដែលស្ថិតក្នុងតំបន់អភិរក្សព្រៃឈើ និងសត្វព្រៃវាលកន្សែង។ ការប្រទះឃើញសត្វព្រៃដ៏កម្រមួយនេះ បានធ្វើឱ្យមានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់បងប្អូនប្រជាពលរដ្ឋ និងអ្នកស្រឡាញ់ធម្មជាតិ។ SBM News បានសុំការបញ្ជាក់ពីលោក គា ប៊ូ ប្រធានមន្ទីរបរិស្ថានខេត្តក្រចេះ ដោយលោកបញ្ជាក់ថា មិនទាន់អាចកំណត់ទីតាំងច្បាស់លាស់បាននៅឡើយទេ ហើយបើសិនជាទីតាំងខាងលើពិតមែន ក៏មិនស្ថិតក្រោមការគ្រប់គ្រងរបស់មន្ទីរបរិស្ថានខេត្តក្រចេះដែរ។

ទោះជាយ៉ាងណាក៏ដោយ ការប្រទះឃើញសត្វព្រៃដ៏កម្រនេះ ជាសញ្ញាវិជ្ជមានមួយសម្រាប់សត្វជិតផុតពូជដូចជា សត្វខ្ទីងនេះ ដែលបង្ហាញថា តំបន់ព្រៃធម្មជាតិនៅខេត្តក្រចេះ នៅតែជាជម្រកសម្រាប់សត្វព្រៃរស់នៅ និងប្រមូលផ្តុំទៅដោយសត្វជិតផុតពូជមួយចំនួន ដែលតម្រូវឱ្យមានការអភិរក្ស និងថែរក្សាពីមន្ត្រីជំនាញ ក៏ដូចជាប្រជាពលរដ្ឋក្នុងសហគមន៍នោះផ្ទាល់តែម្ដង។ ជាមួយគ្នា អាជ្ញាធរ ក៏បានណែនាំដល់បងប្អូនប្រជាពលរដ្ឋ ត្រូវបង្កើនការប្រុងប្រយ័ត្ន មិនគួរចូលទៅជិត ដេញតាម ឬធ្វើសកម្មភាពណាមួយដែលអាចបង្កគ្រោះថ្នាក់ដល់សត្វព្រៃកម្រទាំងនោះឡើយ។ ជាពិសេស ត្រូវចូលរួមការពារ និងអភិរក្សសត្វព្រៃ ដើម្បីឱ្យធនធានធម្មជាតិដ៏មានតម្លៃរបស់ជាតិយើង នៅបន្តមានវត្តមានសម្រាប់កូនចៅជំនាន់ក្រោយបានស្គាល់៕





