
រាជធានីភ្នំពេញ៖ កម្ពុជាតាមរយៈក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ បានចេញមកបដិសេធសាជាថ្មីនូវការចោទប្រកាន់ និងការអះអាងដោយគ្មានមូលដ្ឋានរបស់មន្ត្រីអាជ្ញាធរពាក់ព័ន្ធរបស់ថៃ ជាពិសេស ការលើកឡើងរបស់លោក ប្រៈផាស សនចៃឌី (ประภาส สอนใจดี) នាយកមជ្ឈមណ្ឌលព័ត៌មានស្ថានការណ៍ថៃ-កម្ពុជា (JIC) និង លោក ភ្នំបុត្រ ចន្ថរជោតិ (พนมบุตร จันทรโชติ) អគ្គនាយកនៃនាយកដ្ឋានវិចិត្រសិល្បៈថៃ ដែលបានចោទប្រកាន់ថា កម្ពុជាបានប្រើប្រាស់ទីតាំងប្រាសាទបុរាណ ជាមូលដ្ឋានយោធា...។

ក្រសួងវប្បធម៌ បានចាត់ទុកការលើកឡើងទាំងនេះ គឺជាចេតនាបំភ្លៃព័ត៌មាន គេចមិនទទួលខុសត្រូវពីការបំផ្លិចបំផ្លាញប្រាសាទ និងបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបង្កការយល់ច្រឡំដល់សាធារណជនទូទៅ។ ក្រសួងអះអាងថា គ្រប់ទីតាំងបេតិកភណ្ឌ មិនមែនជាមូលដ្ឋានយោធា និងមិនត្រូវបានប្រើប្រាស់ជាទីតាំងយោធាដាច់ខាត។ កម្ពុជាបន្តផ្តល់អាទិភាពខ្ពស់ដល់កិច្ចការអភិរក្សថែរក្សាបេតិកភណ្ឌសម្រាប់ បន្តកេរដំណែលដល់ជនជំនាន់ក្រោយ និងរបស់មនុស្សជាតិ។ ដូច្នេះ កម្ពុជាថ្កោលទោសដាច់ខាតចំពោះការបាញ់បំផ្លាញ ព្រមទាំងសកម្មភាពនានាដែលនាំឱ្យខូចខាតប្រាសាទបុរាណ និងទីតាំងបេតិកភណ្ឌវប្បធម៌ផ្សេងទៀតរបស់កម្ពុជា ដែលសុទ្ធតែជាសកម្មភាពបំពានច្បាប់អន្តរជាតិ និងប៉ះពាល់ដល់កិច្ចការអភិរក្សបេតិកភណ្ឌវប្បធម៌។

បើតាមក្រសួងវប្បធម៌ កម្ពុជាមិនមែនជារដ្ឋដែលធ្លាប់បំផ្លាញបេតិកភណ្ឌវប្បធម៌ឡើយ។ ក្នុងនាមជាប្រទេសមួយដែលមានអរិយធម៌ វប្បធម៌ ប្រវត្តិសាស្ត្រសម្បូរបែប និងជារដ្ឋភាគីនៃអនុសញ្ញា ឆ្នាំ១៩៥៤ និងពិធីសារទាំងពីររបស់អនុសញ្ញានេះ ព្រមទាំងអនុសញ្ញាឆ្នាំ១៩៧២ របស់អង្គការយូណេស្កូ កម្ពុជាប្រកាន់ជំហរដាច់ខាតប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការការពារថែរក្សាបេតិកភណ្ឌវប្បធម៌ ដោយគ្រប់ទីតាំងបេតិកភណ្ឌទាំងអស់នៅទូទាំងប្រទេសទទួល បានអាទិភាពខ្ពស់ក្នុងការអភិរក្ស លើកតម្លៃ ការស្រាវជ្រាវ អប់រំសកម្មភាពសាសនា ទេសចរណ៍ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។ ផ្ទុយទៅវិញ សកម្មភាពឈ្លានពានរបស់ថៃមកលើកម្ពុជា បានបង្កឱ្យមានការបំផ្លិចបំផ្លាញ និងការខូចខាតប្រាសាទបុរាណ និងទីតាំងបេតិកភណ្ឌមួយចំនួនដែលស្ថិតនៅក្នុងដែនដីក្រោមអធិបតេយ្យភាពរបស់កម្ពុជា ដោយរួមទាំងប្រាសាទព្រះវិហារ ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី ស្ពានទ័ព (ស្ថិតនៅប្រហែល៧០គីឡូម៉ែត្រពីព្រំដែនកម្ពុជា-ថៃ) និងតំបន់បុរាណវិទ្យាមួយចំនួនផ្សេងទៀត។

មកទល់បច្ចុប្បន្ន ទីតាំងបេតិកភណ្ឌមួយចំនួនដូចជា៖ ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី ប្រាសាទខ្នារ ត្រូវបានអាជ្ញាធរពាក់ព័ន្ធរបស់ថៃ កាន់កាប់ដោយខុសច្បាប់ និងកំពុងធ្វើឱ្យប្រែប្រួលស្ថានភាពជាក់ស្តែងលើដី (Fait accompli) និងការប៉ុនប៉ងបង្កើតក្របខ័ណ្ឌច្បាប់ក្លែងក្លាយ ក្នុងគោលបំណងយកទីតាំងទាំងនោះ ជាកម្មសិទ្ធិរបស់ខ្លួន។ លើសពីនេះ វត្ថុបុរាណមួយចំនួនត្រូវបានអាជ្ញាធរថៃយកចេញដោយខុសច្បាប់ពីប្រាសាទខ្នាររបស់កម្ពុជា។ ប្រាសាទព្រះវិហារ ទទួលរងនូវសោកនាដកម្មធ្ងន់ធ្ងរ ពីការបាញ់បំផ្លាញរបស់យោធាថៃ ក្នុងអំឡុងខែកក្កដា និងខែធ្នូ ឆ្នាំ២០២៥ ដែលក្នុងនោះ៥៦២ទីតាំង ត្រូវបានបំផ្លាញដោយអាវុធធន់ធ្ងន់ ដោយបានធ្វើឱ្យថ្មប្រាសាទខ្ទេចរូបរាងជាង៧ម៉ឺនបំណែក។ ការវាយប្រហារដោយមិនរើសគោលដៅរបស់យោធាថៃ បានបំផ្លាញទាំងស្រុងនូវលទ្ធផលនៃការស្តារប្រាសាទព្រះវិហារឡើងវិញរបស់ស្ថាប័នជាតិ និងអន្តរជាតិជាង១០ឆ្នាំកន្លងមកនេះ។

កម្ពុជាបន្តថ្កោលទោសចំពោះការគ្រប់គ្រង និងចាត់ចែងទីតាំងបេតិកភណ្ឌរបស់កម្ពុជាដោយខុសច្បាប់ តាមរយៈការប្រើប្រាស់កម្លាំងប្រដាប់អាវុធ និងទាមទារឱ្យភាគីថៃដកទ័ពចេញពីតំបន់បេតិកភណ្ឌ ជាពិសេសកម្លាំង យោធាដែលកំពុងដាក់មូលដ្ឋាននៅប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងប្រាសាទខ្នារ។ កម្ពុជាក៏ទាមទារឱ្យភាគីថៃប្រគល់មកកម្ពុជាវិញនូវវត្ថុបុរាណ ដែលបានយកចេញពីប្រាសាទខ្នារទៅកាន់ប្រទេសថៃកន្លងមកនេះ។ លើសពីនេះ កម្ពុជាទាមទារឱ្យភាគីថៃគោរពច្បាប់អន្តរជាតិ គោរពសន្ធិសញ្ញា និងអនុសញ្ញាអន្តរជាតិ និងបញ្ឈប់ការប្រើប្រាស់កម្លាំង និងសកម្មភាពខុសច្បាប់ផ្សេងៗ ដើម្បីកាន់កាប់ដែនដីកម្ពុជាជាអចិន្ត្រៃយ៍ ហើយងាកមកដោះស្រាយបញ្ហាដោយសន្តិវិធី និងផ្អែកលើយន្តការទ្វេភាគីដែលមានស្រាប់ ជាពិសេសយន្តការរបស់គណៈកម្មការចម្រុះកិច្ចការព្រំដែន (JBC)៕






