ធុរជនវៀតណាម គ្រោងបណ្ដាក់ទុនបង្កើតរោងចក្រកែច្នៃដើមកៅស៊ូ និងដាំដើមកាហ្វេនៅកម្ពុជា
S
Soriya Sou
11 ម៉ោងមុន

រាជធានីភ្នំពេញ៖ ក្នុងជំនួបពិភាក្សាការងារជាមួយ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី១៤កញ្ញា ឆ្នាំ២០២៦ ក្រុមធុរជនវៀតណាម ដឹកនាំដោយលោក ង្វៀង មីញ វូ (Nguyen Minh Vu) ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា បានបង្ហើបពីគម្រោងបណ្ដាក់ទុនបង្កើតរោងចក្រវិនិយោគនៅកម្ពុជា…។

ក្នុងកិច្ចពិភាក្សា ឯកអគ្គរដ្ឋទូតវៀតណាម បានវាយតម្លៃខ្ពស់ចំពោះក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលតែងតែខិតខំសម្របសម្រួលដោះស្រាយបញ្ហាប្រឈមរបស់វិនិយោគិនវៀតណាម នាពេលកន្លងមក ប្រកបដោយប្រសិទ្ធភាព។ លោកបានផ្ដល់សារសំខាន់ចំពោះកិច្ចពិភាក្សានាពេលនេះ អាចផ្តល់ឱកាសឱ្យវិនិយោគិនវៀតណាមស្វែងយល់ពីបរិយាកាស និងសក្តានុពលវិនិយោគរបស់កម្ពុជាបន្ថែមទៀតផងដែរ។ ជាក់ស្ដែង ក្នុងជំនួបជាមួយសេនាធិការរាជរដ្ឋាភិបាលកម្ពុជា នាពេលនេះ តំណាងវិស័យឯកជនវៀតណាម បានជម្រាបជូនពីគម្រោងវិនិយោគបង្កើតរោងចក្រកែច្នៃដើមកៅស៊ូ ជាគ្រឿងសង្ហារិម, គម្រោងផលិតជីសរីរាង្គ និងគម្រោងវិនិយោគដាំកាហ្វេ ហើយបង្កើតរោងចក្រកែច្នៃផងដែរ។

ជាការឆ្លើយតប លោក ជា វុទ្ធី បានស្វាគមន៍ និងគាំទ្រគម្រោងវិនិយោគខាងលើ ព្រមទាំងជំរុញលើកទឹកចិត្តឱ្យក្រុមហ៊ុន រៀបចំបែបបទដាក់ពាក្យស្នើសុំចុះបញ្ជីគម្រោងវិនិយោគ មកក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាឱ្យបានឆាប់រហ័ស។ លោកថា កម្ពុជាមានសក្តានុពលធំធេងក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ដែលវិនិយោគិនវៀតណាម គប្បីពិចារណាបណ្តាក់ទុនវិនិយោគក្នុងរូបភាពកែច្នៃជាផលិតផលសម្រេច ជាជាងនាំចេញក្នុងរូបភាពជាវត្ថុធាតុដើម ដូចជា៖ ការកែច្នៃស្វាយចន្ទី ដំឡូងមី ស្រូវអង្ករ កៅស៊ូ និងវិស័យឈើដាំ។ យ៉ាងណា អគ្គលេខាធិការគណៈកម្មា ធិការវិនិយោគកម្ពុជា បានស្នើសុំឱ្យអ្នកវិនិយោគយកចិត្តទុកដាក់លើកិច្ចការ៣សំខាន់គឺ៖ ការការពារបរិស្ថាន ទំនួលខុសត្រូវសង្គម និងអភិបាលកិច្ចល្អ ដោយគោរពច្បាប់ និងការបង់ពន្ធជូនរដ្ឋ ដើម្បីរដ្ឋមានលទ្ធភាពកសាងហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាការបណ្ដុះបណ្ដាលធនធានមនុស្ស ដើម្បីផ្តល់សេវាជូនវិនិយោគិនវិញ៕

លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា
លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត